គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 18:29-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. ឯ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា ទូល‌បង្គំ​នឹង​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង តែ​ព្រះ‌អង្គ សូម​ឲ្យ​ព្រះ‌ករុណា​ទ្រង់​គ្រឿង​ព្រះ‌ពស្ត្រ‌រាជ្យ​របស់​ទ្រង់​វិញ ស្តេច​អ៊ីស្រា‌អែល​ក៏​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង​នឹង​គេ

30. រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចំបាំង​ទ្រង់​ថា កុំ​ឲ្យ​ត​នឹង​អ្នក​ណា ទោះ​តូច ឬ​ធំ​ក្តី​ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រា‌អែល​១​ប៉ុណ្ណោះ

31. ដូច្នេះ កាល​ពួក​មេ‌ទ័ព​ទាំង​នោះ​បាន​ឃើញ​យ៉ូសា‌ផាត គេ​ក៏​នឹក​ថា នេះ​ជា​ស្តេច​អ៊ីស្រា‌អែល​ហើយ គេ​ក៏​បែរ​ទៅ​បំរុង​ត​នឹង​ទ្រង់ តែ​យ៉ូសា‌ផាត​ទ្រង់​ស្រែក​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ជួយ បណ្តាល​ឲ្យ​គេ​ថយ​ចេញ​ពី​ទ្រង់​ទៅ

32. កាល​ពួក​មេ‌ទ័ព​ឃើញ​ថា មិន​មែន​ជា​ស្តេច​អ៊ីស្រា‌អែល​ទេ នោះ​ក៏​លែង​តាម​ត​ទៅ

33. តែ​មាន​មនុស្ស​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រា‌អែល ត្រង់​ប្រឡោះ​អាវ​ក្រោះ​នៃ​ទ្រង់ ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់ ដល់​អ្នក​បរ​ព្រះ‌រាជ‌រថ​ទ្រង់​ថា ចូរ​ញាក់​បង្ហៀរ​ត្រឡប់​រថ​នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ ដ្បិត​យើង​មាន​របួស​ជា​ទំងន់

34. នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង ប៉ុន្តែ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ផ្អែក​អង្គ នៅ​ក្នុង​ព្រះ‌រាជ‌រថ​ទ្រង់ តស៊ូ​នឹង​ពួក​ស៊ីរី ដរាប​ដល់​ល្ងាច លុះ​ដល់​ពេល​ប្រហែល​ជា​ថ្ងៃ​លិច នោះ​ទ្រង់​ក៏​សុគត​ទៅ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 18