គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 18:18-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. នោះ​មីកាយ៉ា​ទូល​ថា ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ​ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង​ផង

19. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​ណា​នឹង​ចង់​ទៅ បបួល​ឲ្យ​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ក៏​ថា​យ៉ាង​នោះ

20. រួច​មាន​វិញ្ញាណ​១​ចេញ​មក ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទូល​ថា ទូល‌បង្គំ​ចង់​ទៅ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ចុះ​ឯង​នឹង​ធ្វើ​យ៉ាង​ណា​ទៅ

21. វិញ្ញាណ​នោះ​ទូល​ថា ទូល‌បង្គំ​នឹង​ទៅ​ធ្វើ​ជា​វិញ្ញាណ​ភូត‌កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ចុះ ឯង​នឹង​បបួល​វា​ឲ្យ​សំរេច​បាន

22. ដូច្នេះ មើល​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដាក់​វិញ្ញាណ​ភូត‌កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​របស់​ព្រះ‌ករុណា​ទាំង​នេះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល សំដែង​ពី​សេចក្ដី​អន្តរាយ ដែល​នឹង​កើត​ដល់​ព្រះ‌ករុណា។

23. លំដាប់​នោះ សេដេគា ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកាយ៉ា សួរ​ថា ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​ពី​អញ ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ឯង​តាម​ផ្លូវ​ណា

24. នោះ​មីកាយ៉ា​ឆ្លើយ​ថា ចាំ​មើល នៅ​ថ្ងៃ​នោះ ឯង​នឹង​បាន​ឃើញ​ច្បាស់ ក្នុង​កាល​ដែល​ឯង​រត់​ទៅ ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង

25. ស្តេច​អ៊ីស្រា‌អែល​ទ្រង់​បង្គាប់​ថា ចូរ​នាំ​យក​មីកាយ៉ា​ទៅ​ឯ​អាំម៉ូន ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រា​វិញ​ទៅ

26. ហើយ​ប្រាប់​គេ​ថា ស្តេច​ទ្រង់​បង្គាប់​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​នៅ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ង និង​ទឹក​ដ៏​វេទនា ទាល់​តែ​ដល់​វេលា​អញ​មក​វិញ ដោយ​សុខ‌សាន្ត

27. មីកាយ៉ា​ទូល​ថា បើ​សិន​ណា​ជា​ទ្រង់​ដែល​យាង​មក​វិញ​ដោយ​សុខ‌សាន្ត​ពិត នោះ​គឺ​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ទូល‌បង្គំ​ទេ រួច​គាត់​ថែម​ពាក្យ​នេះ​ថា ឱ​ជន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ។

28. ដូច្នេះ ស្តេច​អ៊ីស្រា‌អែល និង​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​ឡើង​ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត

29. ឯ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា ទូល‌បង្គំ​នឹង​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង តែ​ព្រះ‌អង្គ សូម​ឲ្យ​ព្រះ‌ករុណា​ទ្រង់​គ្រឿង​ព្រះ‌ពស្ត្រ‌រាជ្យ​របស់​ទ្រង់​វិញ ស្តេច​អ៊ីស្រា‌អែល​ក៏​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង​នឹង​គេ

30. រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចំបាំង​ទ្រង់​ថា កុំ​ឲ្យ​ត​នឹង​អ្នក​ណា ទោះ​តូច ឬ​ធំ​ក្តី​ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រា‌អែល​១​ប៉ុណ្ណោះ

31. ដូច្នេះ កាល​ពួក​មេ‌ទ័ព​ទាំង​នោះ​បាន​ឃើញ​យ៉ូសា‌ផាត គេ​ក៏​នឹក​ថា នេះ​ជា​ស្តេច​អ៊ីស្រា‌អែល​ហើយ គេ​ក៏​បែរ​ទៅ​បំរុង​ត​នឹង​ទ្រង់ តែ​យ៉ូសា‌ផាត​ទ្រង់​ស្រែក​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ជួយ បណ្តាល​ឲ្យ​គេ​ថយ​ចេញ​ពី​ទ្រង់​ទៅ

32. កាល​ពួក​មេ‌ទ័ព​ឃើញ​ថា មិន​មែន​ជា​ស្តេច​អ៊ីស្រា‌អែល​ទេ នោះ​ក៏​លែង​តាម​ត​ទៅ

33. តែ​មាន​មនុស្ស​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រា‌អែល ត្រង់​ប្រឡោះ​អាវ​ក្រោះ​នៃ​ទ្រង់ ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់ ដល់​អ្នក​បរ​ព្រះ‌រាជ‌រថ​ទ្រង់​ថា ចូរ​ញាក់​បង្ហៀរ​ត្រឡប់​រថ​នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ ដ្បិត​យើង​មាន​របួស​ជា​ទំងន់

34. នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង ប៉ុន្តែ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ផ្អែក​អង្គ នៅ​ក្នុង​ព្រះ‌រាជ‌រថ​ទ្រង់ តស៊ូ​នឹង​ពួក​ស៊ីរី ដរាប​ដល់​ល្ងាច លុះ​ដល់​ពេល​ប្រហែល​ជា​ថ្ងៃ​លិច នោះ​ទ្រង់​ក៏​សុគត​ទៅ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 18