គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 17:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​យ៉ូសា‌ផាត ជា​ព្រះ‌រាជ‌បុត្រា ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា ទ្រង់​ក៏​ចំរើន​កំឡាំង​ឡើង ទាស់​នឹង​ពួក​អ៊ីស្រា‌អែល

2. ទ្រង់​ដាក់​ឲ្យ​មាន​ពល‌ទ័ព ក្នុង​គ្រប់​ទាំង​ក្រុង​មាន​បន្ទាយ​របស់​ពួក​យូដា ហើយ​ក៏​ដាក់​ឲ្យ​មាន​ក្រុម​រក្សា​នៅ​ស្រុក​យូដា និង​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​អេប្រា‌អិម​ជា​ទី​ក្រុង​ដែល​អេសា​ព្រះ‌បិតា​ទ្រង់​ចាប់​យក​បាន​ដែរ

3. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជា​មួយ​នឹង​យ៉ូសា‌ផាត ពី​ព្រោះ​ស្តេច​បាន​ប្រព្រឹត្ត តាម​អស់​ទាំង​ផ្លូវ​ដើម​របស់​ដាវីឌ ជា​អយ្យកោ​ទ្រង់ ឥត​រក​តាម​ព្រះ‌បាល​ឡើយ

4. គឺ​បាន​ស្វែង​រក​តាម​តែ​ព្រះ​នៃ​ពួក​អយ្យកោ​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្ត​ទ្រង់​វិញ ឥត​ធ្វើ​តាម​អំពើ​របស់​សាសន៍​អ៊ីស្រា‌អែល​ឡើយ

5. ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​តាំង​រាជ្យ ឲ្យ​មាំ‌មួន​ក្នុង​អំណាច​យ៉ូសា‌ផាត ហើយ​ពួក​យូដា​ទាំង​អស់​គ្នា​ក៏​នាំ​យក​គ្រឿង​បណ្តា‌ការ​មក​ថ្វាយ​ស្តេច ទ្រង់​មាន​ព្រះ‌រាជ​ទ្រព្យ និង​កិត្តិយស​ជា​បរិបូរ

6. ព្រះ‌ទ័យ​ទ្រង់​បាន​តាំង​ឡើង ក្នុង​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា មួយ​ទៀត ទ្រង់​ក៏​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​រូប​ព្រះ​ចេញ​ពី​ស្រុក​យូដា​ទៅ។

7. នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​ទ្រង់ នោះ​ទ្រង់​ចាត់​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គឺ​បេន-ហែល និង​អូបាឌា សាការី នេថា‌នេល ហើយ​មីកាយ៉ា ឲ្យ​ទៅ​បង្ហាត់​បង្រៀន​ក្នុង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​យូដា

8. ព្រម​ទាំង​ពួក​លេវី​ឲ្យ​ទៅ​ជា​មួយ​ដែរ គឺ​សេម៉ាយ៉ា នេថានា សេបាឌា អេសា‌អែល សេមី‌រ៉ាម៉ូត យ៉ូណា‌ថាន អ័ដូ‌នីយ៉ា ថូប៊ីយ៉ា និង​ថូប-អ័ដូ‌នីយ៉ា ដែល​សុទ្ធ​តែ​ពួក​លេវី និង​អេលី‌សាម៉ា ហើយ​យ៉ូរ៉ាម ជា​ពួក​សង្ឃ ឲ្យ​ទៅ​ជា​មួយ​នឹង​គេ

9. ពួក​អ្នក​ទាំង​នោះ ក៏​បង្ហាត់​បង្រៀន​នៅ​ស្រុក​យូដា មាន​ទាំង​គម្ពីរ​ក្រឹត្យ‌វិន័យ​នៃ​ព្រះ‌យេហូវ៉ា នៅ​ជា​មួយ​ផង គេ​នាំ​គ្នា​ដើរ​ចុះ​ឡើង ដល់​គ្រប់​ទី​ក្រុង​នៅ​ស្រុក​យូដា បង្រៀន​ដល់​បណ្តា‌ជន។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 17