3. រីឯនៅគ្រានោះ ពួកអ៊ីស្រាអែលឥតមានព្រះដ៏ជាពិតទេ ក៏គ្មានពួកសង្ឃដែលបង្ហាត់បង្រៀន ហើយគ្មានក្រឹត្យវិន័យដែរ នៅអស់កាលជាយូរមកហើយ
4. តែកាលកើតមានសេចក្ដីវេទនានោះ ហើយគេបានវិលមកឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ ព្រមទាំងស្វែងរកទ្រង់ផង នោះក៏រកទ្រង់ឃើញ
5. នៅអស់ទាំងគ្រានោះ គ្មានសេចក្ដីសុខដល់អ្នកណា ដែលចេញចូលទៅឯណាឡើយ គឺមានសុទ្ធតែសេចក្ដីប្រទូសរ៉ាយជាខ្លាំង ដល់អស់អ្នកនៅក្នុងស្រុកទាំងនោះវិញ
6. គេត្រូវបាក់បែកខ្ទេចខ្ទីទៅ គឺនគរ១ទាស់នឹងនគរ១ ហើយទីក្រុង១ទាស់នឹងទីក្រុង១ទៀត ពីព្រោះព្រះទ្រង់ធ្វើឲ្យមានសេចក្ដីប្រទូសរ៉ាយដល់គេ ដោយនូវសេចក្ដីទំនាស់គ្រប់យ៉ាង
7. តែឯអ្នករាល់គ្នា ចូរខំប្រឹងឡើង កុំឲ្យដៃថយកំឡាំងឡើយ ពីព្រោះការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់។
8. លុះកាលអេសាបានឮពាក្យទាំងនោះ គឺជាសេចក្ដីទំនាយរបស់ហោរាអូដេឌហើយ នោះទ្រង់មានព្រះទ័យក្លាហានឡើង ក៏បំបាត់អស់ទាំងរបស់គួរស្អប់ខ្ពើម ពីក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីនទាំងអស់ចេញ ហើយពីអស់ទាំងទីក្រុង ដែលទ្រង់ចាប់យកបាន នៅស្រុកភ្នំអេប្រាអិមដែរ ទ្រង់ក៏រៀបអាសនានៃព្រះយេហូវ៉ា ដែលនៅមុខបាំងសាចព្រះវិហារ នៃព្រះយេហូវ៉ាឡើងជាថ្មីវិញ
9. រួចទ្រង់ប្រមូលពួកយូដា និងពួកបេនយ៉ាមីន ព្រមទាំងពួកអេប្រាអិម ម៉ាន៉ាសេ និងស៊ីម្មាន ដែលនៅជាមួយទាំងប៉ុន្មានឲ្យមូលគ្នា ដ្បិតមានពួកអ៊ីស្រាអែលជាច្រើន បានបាក់ចូលមកខាងទ្រង់ ដោយឃើញថា ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ គង់នៅជាមួយនឹងទ្រង់ពិត