គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 13:12-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ហើយ​មើល ព្រះ​ទ្រង់​គង់​ជា​មួយ ក៏​ជា​អ្នក​នាំ​មុខ​យើង ពួក​សង្ឃ​របស់​ទ្រង់​ក៏​កាន់​ត្រែ សំរាប់​នឹង​ផ្លុំ​ឲ្យ​ស្លន់​ឡើង​ទាស់​នឹង​ឯង​រាល់​គ្នា ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​ច្បាំង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង​រាល់​គ្នា​ឡើយ ពី​ព្រោះ​ឯង​រាល់​គ្នា​នឹង​មិន​ចំរើន​ទេ។

13. តែ​ឯ​យេរ៉ូ‌បោម​ទ្រង់​ចាត់​ពួក​ទ័ព​បង្កប់ ឲ្យ​វាង​ទៅ​ខាង​ក្រោយ ដូច្នេះ មាន​ពួក​គេ​នៅ​ពី​ខាង​មុខ និង​ពួក​ទ័ព​បង្កប់​នៅ​ពី​ខាង​ក្រោយ​នៃ​ពួក​យូដា

14. កាល​ពួក​យូដា​បាន​ក្រឡេក​បែរ​មើល​ទៅ​ក្រោយ នោះ​ក៏​ឃើញ​មាន​ចំបាំង​ពី​មុខ​ពី​ក្រោយ​ដូច្នេះ គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​ឡើង

15. ពួក​ទ័ព​យូដា គេ​ស្រែក​ឡើង ហើយ​កំពុង​ដែល​ពួក​យូដា​ស្រែក​ឡើង​ដូច្នោះ នោះ​ព្រះ​ទ្រង់​ក៏​វាយ​យេរ៉ូ‌បោម និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​មុខ​អ័ប៊ីយ៉ា និង​ពួក​យូដា

16. ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បាក់​ទ័ព​រត់​ពី​មុខ​ពួក​យូដា ហើយ​ព្រះ​ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​យូដា

17. អ័ប៊ីយ៉ា និង​ពួក​ទ័ព​ទ្រង់ ក៏​ប្រហារ​សំឡាប់​គេ​យ៉ាង​សំបើម មាន​ពួក​អ៊ីស្រា‌អែល សុទ្ធ​តែ​ជា​មនុស្ស​ជ្រើស‌រើស បាន​ដួល​ស្លាប់​អស់​៥​សែន​នាក់

18. នៅ​វេលា​នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ត្រូវ​ក្រាប​ចុះ ឯ​ពួក​កូន​ចៅ​យូដា គេ​មាន​ជ័យ‌ជំនះ ដោយ​ព្រោះ​គេ​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ

19. អ័ប៊ីយ៉ា​ទ្រង់​ដេញ​តាម​យេរ៉ូ‌បោម ដណ្តើម​យក​បាន​ទី​ក្រុង​ខ្លះ​របស់​ទ្រង់ គឺ​ក្រុង​បេត-អែល និង​តំបន់​នៅ​ជុំវិញ ក្រុង​យេសាណា និង​តំបន់​នៅ​ជុំវិញ និង​ក្រុង​អេប្រុន ព្រម​ទាំង​តំបន់​នៅ​ជុំវិញ​ដែរ

20. ហើយ​នៅ​ក្នុង​រាជ្យ​អ័ប៊ីយ៉ា នោះ​យេរ៉ូ‌បោម​មិន​បាន​ចំរើន​កំឡាំង​ឡើង​វិញ​ទៀត​ឡើយ រួច​ព្រះ‌យេហូវ៉ា​ប្រហារ​ទ្រង់​ឲ្យ​សុគត​ទៅ

21. ឯ​អ័ប៊ីយ៉ា​ទ្រង់​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង ទ្រង់​យក​ភរិយា​១៤ ហើយ​បង្កើត​បាន​បុត្រា​២២​អង្គ និង​បុត្រី​១៦​អង្គ

22. រីឯ​ដំណើរ​ឯ​ទៀត​ពី​អ័ប៊ីយ៉ា ហើយ​ពី​ការ​របស់​ទ្រង់ និង​ព្រះ‌បន្ទូល​នៃ​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​នៃ​ហោរា​អ៊ីដោ​ហើយ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 13