គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 10:3-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ហើយ​គេ​ចាត់​ទៅ​ហៅ​លោក​មក រួច​លោក និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​មក​គាល់​រេហូ‌បោម​ទូល​ថា

4. ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​ធ្ងន់​ពេក ដូច្នេះ សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​ការ​តឹង‌រ៉ឹង​របស់​ព្រះ‌បិតា​ទ្រង់ និង​នឹម​យ៉ាង​ធ្ងន់ ដែល​ទ្រង់​បាន​ដាក់​លើ​យើង​ខ្ញុំ​បាន​ស្រាល​ចេញ នោះ​យើង​ខ្ញុំ​នឹង​ប្រតិ‌បត្តិ​តាម​ទ្រង់

5. ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចាំ​៣​ថ្ងៃ​ទៀត សូម​ត្រឡប់​មក​ឯ​យើង​វិញ បណ្តា‌ជន​ទាំង‌ឡាយ​ក៏​បង្គំ​លា​ទៅ។

6. ស្តេច​រេហូ‌បោម ទ្រង់​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​នៃ​សាឡូ‌ម៉ូន ព្រះ‌បិតា​ទ្រង់ ក្នុង​កាល​ដែល​មាន​ព្រះ‌ជន្ម​នៅ​ឡើយ​ថា តាម​គំនិត​អ្នក​រាល់​គ្នា នោះ​តើ​ត្រូវ​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច

7. គេ​ក៏​ទូល​ឆ្លើយ​ថា បើ‌សិន​ជា​ទ្រង់​ប្រព្រឹត្ត​នឹង​បណ្តា‌ជន​នេះ ដោយ​សប្បុរស ហើយ​ផ្គាប់​ដល់​ចិត្ត​គេ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​នឹង​គេ ដោយ​ពាក្យ​ផ្អែម‌ល្ហែម នោះ​គេ​នឹង​នៅ​ជា​អ្នក​បំរើ​របស់​ទ្រង់​ជា​ដរាប​ទៅ

8. ប៉ុន្តែ​ទ្រង់​មិន​ព្រម​តាម​គំនិត​នៃ​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​នឹង​ពួក​ក្មេងៗ​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​របស់​ទ្រង់​វិញ

9. ដោយ​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​គិត​យ៉ាង​ណា តើ​ត្រូវ​ឲ្យ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​ដូច​ម្តេច ដែល​គេ​បាន​សូម​យើង​ថា សូម​មេត្តា​ប្រោស ឲ្យ​នឹម​ដែល​ព្រះ‌បិតា​ទ្រង់​បាន​ដាក់​លើ​យើង​រាល់​គ្នា​បាន​ស្រាល​ទៅ

10. រួច​ពួក​ក្មេងៗ​ដែល​ស្រករ​នឹង​ទ្រង់ គេ​ទូល​ថា ឯ​ពួក​រាស្ត្រ​នេះ​ដែល​មក​ទូល​សូម​ទ្រង់​ថា ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​រាល់​គ្នា​ធ្ងន់​ពេក សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​បាន​ស្រាល​ដល់​យើង​ខ្ញុំ​វិញ​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​នឹង​គេ​យ៉ាង​នេះ​វិញ​ថា កូន​ដៃ​យើង​នឹង​បាន​ធំ​ជាង​ភ្លៅ​របស់​ព្រះ‌បិតា​យើង

11. ឯ​ព្រះ‌បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់ លើ​ឯង​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម ឲ្យ​នឹម​ឯង​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​យើង​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 10