គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 6:4-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដូច្នេះ លោក​ក៏​ទៅ​ជា​មួយ លុះ​គេ​បាន​ទៅ​ដល់​ទន្លេ​យ័រដាន់​ហើយ នោះ​ក៏​កាប់​ឈើ

5. តែ​កាល​ម្នាក់​កំពុង​តែ​កាប់ នោះ​ផ្លែ​ពូថៅ​បាន​របូត​ធ្លាក់​ទៅ​ក្នុង​ទឹក រួច​អ្នក​នោះ​ស្រែក​ឡើង​ថា វរ‌ហើយ លោក​ម្ចាស់​ខ្ញុំ​អើយ ដ្បិត​ពូថៅ​នេះ​ខ្ញុំ​បាន​ខ្ចី​មក​ពី​គេ

6. អ្នក​សំណប់​របស់​ព្រះ​សួរ​ថា តើ​ធ្លាក់​ត្រង់​ណា អ្នក​នោះ​ក៏​បង្ហាញ​កន្លែង រួច​លោក​កាប់​មែក​ឈើ​១​កំណាត់ បោះ​ទៅ​ក្នុង​ទឹក ហើយ​ផ្លែ​ពូថៅ​ក៏​អណ្តែត​ឡើង​មក

7. នោះ​លោក​បង្គាប់​ថា ចូរ​ចាប់​យក​ចុះ អ្នក​នោះ​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក។

8. រីឯ​ស្តេច​ស្រុក​ស៊ីរី ទ្រង់​កំពុង​តែ​ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល ក៏​ហៅ​ពួក​អ្នក​ជំនិត​ទ្រង់​មក​ពិគ្រោះ​គ្នា រួច​បង្គាប់​ថា យើង​នឹង​បោះ​ទ័ព​នៅ​ទី​ណា​មួយ​នោះ

9. ដូច្នេះ អ្នក​សំណប់​របស់​ព្រះ លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា សូម​ទ្រង់​ប្រយ័ត្ន កុំ​យាង​ទៅ​តាម​ទី​១​នោះ​ឡើយ ដ្បិត​ពួក​ស៊ីរី​គេ​ចុះ​មក​តាម​ផ្លូវ​នោះ​ហើយ

10. ស្តេច​អ៊ីស្រា‌អែល​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​កន្លែង​ណា​ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រាប់​ឲ្យ​ប្រយ័ត្ន​នោះ ទ្រង់​ក៏​បាន​រួច​ពី​សេចក្តី​អន្តរាយ​នៅ​ទី​ទាំង​នោះ មិន​មែន​តែ​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ទេ

11. ឯ​ស្តេច​ស្រុក​ស៊ីរី ទ្រង់​មាន​ព្រះ‌ទ័យ​វល់​អំពី​ដំណើរ​នោះ ក៏​ហៅ​ពួក​អ្នក​ជំនិត​មក​សួរ​ថា តើ​អ្នក​រាល់​គ្នា​មិន​ព្រម​ប្រាប់​ឲ្យ​យើង​ដឹង​ជា​អ្នក​ណា​ក្នុង​ពួក​យើង ដែល​កាន់​ខាង​ស្តេច​អ៊ីស្រា‌អែល​ទេ​ឬ

12. នោះ​អ្នក​ជំនិត​ទ្រង់​ម្នាក់​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ឥត​មាន​អ្នក​ណា​ឡើយ គឺ​ជា​អេលី‌សេ ជា​ហោរា ដែល​នៅ​ស្រុក​អ៊ីស្រា‌អែល​វិញ គាត់​នាំ​យក​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល នៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​របស់​ទ្រង់ ទៅ​ប្រាប់​ដល់​ស្តេច​អ៊ីស្រា‌អែល

13. រួច​ទ្រង់​បង្គាប់​ថា ចូរ​ទៅ​សង្កេត​មើល​កន្លែង​ណា​ដែល​វា​នៅ ដើម្បី​ឲ្យ​អញ​បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​នាំ​មក នោះ​មាន​គេ​ទូល​ទ្រង់​ថា មើល គាត់​នៅ​ឯ​ក្រុង​ដូថាន់។

14. ដូច្នេះ ទ្រង់​ក៏​ចាត់​ពល​សេះ រទេះ​ចំបាំង និង​ពួក​ទ័ព​សន្ធឹក​ឲ្យ​ចេញ​ទៅ គេ​ក៏​ទៅ​ឡោម‌ព័ទ្ធ​ទី​ក្រុង​នោះ​ទាំង​យប់

15. ឯ​អ្នក​បំរើ​នៃ​អ្នក​សំណប់​របស់​ព្រះ កាល​បាន​ក្រោក​ពី​ព្រលឹម​ចេញ​ទៅ​ក្រៅ នោះ​ឃើញ​មាន​ពល‌ទ័ព​ដែល​មាន​ទាំង​សេះ និង​រទេះ​ចំបាំង នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង រួច​អ្នក​បំរើ​ជំរាប​លោក​ថា វរ‌ហើយ ចៅ‌ហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច

16. លោក​ឆ្លើយ​តប​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 6