គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 6:15-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ឯ​អ្នក​បំរើ​នៃ​អ្នក​សំណប់​របស់​ព្រះ កាល​បាន​ក្រោក​ពី​ព្រលឹម​ចេញ​ទៅ​ក្រៅ នោះ​ឃើញ​មាន​ពល‌ទ័ព​ដែល​មាន​ទាំង​សេះ និង​រទេះ​ចំបាំង នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង រួច​អ្នក​បំរើ​ជំរាប​លោក​ថា វរ‌ហើយ ចៅ‌ហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច

16. លោក​ឆ្លើយ​តប​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត

17. នោះ​អេលី‌សេ​ក៏​អធិ‌ស្ឋាន​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បំរើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលី‌សេ

18. កាល​បាន​ចុះ​មក​ដល់​អេលី‌សេ​ហើយ នោះ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា សូម​ព្រះ‌អង្គ​វាយ​ពួក​ស៊ីរី​នេះ ឲ្យ​ភ្នែក​គេ​ត្រូវ​ថ្ពឹន​ទៅ ដូច្នេះ ទ្រង់​ក៏​ធ្វើ​ឲ្យ​ភ្នែក​គេ ត្រូវ​ថ្ពឹន​តាម​ពាក្យ​អេលី‌សេ

19. ហើយ​អេលី‌សេ​ប្រាប់​គេ​ថា មិន​មែន​ផ្លូវ​នេះ ហើយ​មិន​មែន​ទី​ក្រុង​នេះ​ដែរ សូម​មក​តាម​ខ្ញុំ​ចុះ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ឯ​មនុស្ស ដែល​ត្រូវ​រក​នោះ តែ​លោក​នាំ​គេ​ទៅ​ឯ​ក្រុង​សាម៉ារី​វិញ។

20. លុះ​គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​សាម៉ារី​ហើយ នោះ​អេលី‌សេ​អធិ‌ស្ឋាន​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ទាំង​នេះ​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​មើល​ឃើញ​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ប្រទាន​ឲ្យ​ភ្នែក​គេ​បាន​ភ្លឺ​ឡើង​វិញ ឲ្យ​គេ​បាន​មើល​ឃើញ នោះ​ក៏​ឃើញ​ថា គេ​នៅ​កណ្តាល​ក្រុង​សាម៉ារី​ហើយ

21. កាល​ស្តេច​អ៊ីស្រា‌អែល​បាន​ឃើញ​គេ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​អេលី‌សេ​ថា លោក​ឪពុក​អើយ តើ​ត្រូវ​ឲ្យ​ប្រហារ​ជីវិត​គេ តើ​ត្រូវ​សំឡាប់​គេ​ឬ​អី

22. លោក​ទូល​ឆ្លើយ​ថា មិន​ត្រូវ​ប្រហារ​គេ​ទេ តើ​នឹង​វាយ​សំឡាប់​ពួក​ឈ្លើយ ដែល​ចាប់​ក្នុង​ការ​សង្គ្រាម​ឬ​អី សូម​ដាក់​នំបុ័ង និង​ទឹក​មក នៅ​មុខ​គេ​ឲ្យ​បរិភោគ​វិញ រួច​ឲ្យ​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​គេ​ទៅ

23. ដូច្នេះ ស្តេច​ក៏​ចាត់‌ចែង​ភោជ‌នាហារ​យ៉ាង​ច្រើន​ឲ្យ​គេ កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ទ្រង់​លែង​ឲ្យ​ទៅ​វិញ ហើយ​គេ​វិល​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​ខ្លួន​ទៅ ឯ​សាសន៍​ស៊ីរី​ក៏​លែង​ទន្ទ្រាន​ចូល​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដោយ​ពួកៗ​ទៀត។

24. ក្រោយ​នោះ​មក បេន-ហាដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី​ទ្រង់​ក៏​ប្រមូល​កង‌ទ័ព​ទាំង​អស់ លើក​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី

25. ដូច្នេះ នៅ​ក្រុង​សាម៉ារី​មាន​អំណត់​អត់​ជា​ខ្លាំង ពួក​ស៊ីរី​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ទី​ក្រុង​នោះ​ទាល់​តែ​ក្បាល​លា​១​លក់​ថ្លៃ​៨០​រៀល ហើយ​អាចម៍​ព្រាប​១​កំប៉ុង​លក់​ថ្លៃ​៥​រៀល

26. គ្រា​នោះ កាល​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​កំពុង​តែ​យាង​នៅ​លើ​កំផែង​ក្រុង នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ទូល​ទ្រង់​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង

27. តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា បើ​ព្រះ‌យេហូវ៉ា​មិន​ជួយ​អ្នក​ទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ជួយ​បាន តើ​នឹង​ជួយ​ដោយ​ស្រូវ​ពី​ទីលាន ឬ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ធុង​ឃ្នាប​ឬ​អី

28. ស្តេច​ក៏​សួរ​ស្ត្រី​នោះ​ថា តើ​អ្នក​កើត​មាន​អ្វី ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា នាង​នេះ​បាន​និយាយ​មក​ខ្ញុំ​ម្ចាស់​ថា ចូរ​ឲ្យ​កូន​ឯង​មក​ឲ្យ​យើង​បរិភោគ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ឡើង នោះ​យើង​នឹង​បរិភោគ​កូន​អញ​វិញ

29. ដូច្នេះ ខ្ញុំ​ម្ចាស់​បាន​ស្ងោរ​កូន​ខ្ញុំ​ម្ចាស់ រួច​យើង​ខ្ញុំ​បាន​បរិភោគ​ទៅ លុះ​ដល់​ថ្ងៃ​ក្រោយ ខ្ញុំ​ម្ចាស់​បាន​និយាយ​ទៅ​នាង​ថា ចូរ​យក​កូន​ឯង​មក​ឲ្យ​យើង​បរិភោគ​ទៀត តែ​គេ​បាន​យក​កូន​ទៅ​លាក់​ទុក​វិញ

30. កាល​ស្តេច​បាន​ឮ​ពាក្យ របស់​ស្ត្រី​នោះ​ហើយ នោះ​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ទ្រង់ ហើយ​កំពុង​ដែល​ទ្រង់​យាង​នៅ​លើ​កំផែង​ហួស​ទៅ នោះ​ពួក​រាស្ត្រ​គេ​ក្រឡេក​មើល​ទៅ​ឃើញ​ថា ទ្រង់​ស្លៀក​សំពត់​ធ្មៃ​ខាង​ក្នុង​ជាប់​នឹង​អង្គ​ទ្រង់

31. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ស្បថ​ថា បើ​ក្បាល​អេលី‌សេ កូន​សាផាត នៅ​ជាប់​លើ​ខ្លួន​វា​នៅ​ថ្ងៃ​នេះ នោះ​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រព្រឹត្ត​នឹង​យើង​យ៉ាង​នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 6