គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 6:10-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ស្តេច​អ៊ីស្រា‌អែល​ក៏​ចាត់​គេ ឲ្យ​ទៅ​ឯ​កន្លែង​ណា​ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រាប់​ឲ្យ​ប្រយ័ត្ន​នោះ ទ្រង់​ក៏​បាន​រួច​ពី​សេចក្តី​អន្តរាយ​នៅ​ទី​ទាំង​នោះ មិន​មែន​តែ​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ទេ

11. ឯ​ស្តេច​ស្រុក​ស៊ីរី ទ្រង់​មាន​ព្រះ‌ទ័យ​វល់​អំពី​ដំណើរ​នោះ ក៏​ហៅ​ពួក​អ្នក​ជំនិត​មក​សួរ​ថា តើ​អ្នក​រាល់​គ្នា​មិន​ព្រម​ប្រាប់​ឲ្យ​យើង​ដឹង​ជា​អ្នក​ណា​ក្នុង​ពួក​យើង ដែល​កាន់​ខាង​ស្តេច​អ៊ីស្រា‌អែល​ទេ​ឬ

12. នោះ​អ្នក​ជំនិត​ទ្រង់​ម្នាក់​ទូល​តប​ថា បពិត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ឥត​មាន​អ្នក​ណា​ឡើយ គឺ​ជា​អេលី‌សេ ជា​ហោរា ដែល​នៅ​ស្រុក​អ៊ីស្រា‌អែល​វិញ គាត់​នាំ​យក​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល នៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​របស់​ទ្រង់ ទៅ​ប្រាប់​ដល់​ស្តេច​អ៊ីស្រា‌អែល

13. រួច​ទ្រង់​បង្គាប់​ថា ចូរ​ទៅ​សង្កេត​មើល​កន្លែង​ណា​ដែល​វា​នៅ ដើម្បី​ឲ្យ​អញ​បាន​ចាត់​គេ​ឲ្យ​ទៅ​ចាប់​នាំ​មក នោះ​មាន​គេ​ទូល​ទ្រង់​ថា មើល គាត់​នៅ​ឯ​ក្រុង​ដូថាន់។

14. ដូច្នេះ ទ្រង់​ក៏​ចាត់​ពល​សេះ រទេះ​ចំបាំង និង​ពួក​ទ័ព​សន្ធឹក​ឲ្យ​ចេញ​ទៅ គេ​ក៏​ទៅ​ឡោម‌ព័ទ្ធ​ទី​ក្រុង​នោះ​ទាំង​យប់

15. ឯ​អ្នក​បំរើ​នៃ​អ្នក​សំណប់​របស់​ព្រះ កាល​បាន​ក្រោក​ពី​ព្រលឹម​ចេញ​ទៅ​ក្រៅ នោះ​ឃើញ​មាន​ពល‌ទ័ព​ដែល​មាន​ទាំង​សេះ និង​រទេះ​ចំបាំង នៅ​ព័ទ្ធ​ជុំវិញ​ទី​ក្រុង រួច​អ្នក​បំរើ​ជំរាប​លោក​ថា វរ‌ហើយ ចៅ‌ហ្វាយ​ខ្ញុំ​អើយ តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច

16. លោក​ឆ្លើយ​តប​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត

17. នោះ​អេលី‌សេ​ក៏​អធិ‌ស្ឋាន​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ភ្នែក​អ្នក​បំរើ​នោះ ហើយ​វា​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចំបាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំវិញ​អេលី‌សេ

18. កាល​បាន​ចុះ​មក​ដល់​អេលី‌សេ​ហើយ នោះ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា សូម​ព្រះ‌អង្គ​វាយ​ពួក​ស៊ីរី​នេះ ឲ្យ​ភ្នែក​គេ​ត្រូវ​ថ្ពឹន​ទៅ ដូច្នេះ ទ្រង់​ក៏​ធ្វើ​ឲ្យ​ភ្នែក​គេ ត្រូវ​ថ្ពឹន​តាម​ពាក្យ​អេលី‌សេ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 6