គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 5:5-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដូច្នេះ ស្តេច​ស៊ីរី​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​ចុះ អញ​នឹង​ធ្វើ​សំបុត្រ​១​ផ្ញើ​ទៅ​ស្តេច​អ៊ីស្រា‌អែល​ដែរ នោះ​លោក​ក៏​ចេញ​ទៅ នាំ​យក​ទាំង​ប្រាក់​១០​ហាប និង​មាស​៦​ពាន់ ហើយ​សំលៀក‌បំពាក់​១០​បន្លាស់

6. លោក​ក៏​នាំ​យក​សំបុត្រ​នោះ​ទៅ​ថ្វាយ​ស្តេច​អ៊ីស្រា‌អែល មាន​សេចក្តី​ថា កាល​ណា​ទ្រង់​ទទួល​សំបុត្រ​នេះ នោះ​មើល​ទូល‌បង្គំ​បាន​ចាត់​ណាម៉ាន់ ជា​អ្នក​ជំនិត​របស់​ទូល‌បង្គំ​មក​ហើយ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស​ឲ្យ​គាត់​រួច​ពី​រោគ​ឃ្លង់

7. កាល​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​បាន​ទត​សំបុត្រ​នោះ​រួច​ហើយ នោះ​ក៏​ហែក​ព្រះ‌ពស្ត្រ​ទ្រង់ ដោយ​ព្រះ‌បន្ទូល​ថា តើ​យើង​ជា​ព្រះ​ដែល​អាច​នឹង​ធ្វើ​ឲ្យ​ស្លាប់ ឬ​ឲ្យ​រស់​បាន​ឬ បាន​ជា​គេ​ចាត់​ឲ្យ​មនុស្ស​ឃ្លង់​នេះ​មក ចង់​ឲ្យ​យើង​មើល​រោគ​ឲ្យ​ជា​ដូច្នេះ ចូរ​ពិចារណា​មើល ជា​យ៉ាង​ណា ដែល​គេ​រក​រឿង​នឹង​យើង​នេះ។

8. កាល​អេលី‌សេ ជា​អ្នក​សំណប់​របស់​ព្រះ បាន​ឮ​ថា ស្តេច​អ៊ីស្រា‌អែល​បាន​ហែក​ព្រះ‌ពស្ត្រ​ទ្រង់​ដូច្នោះ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្តេច​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ហែក​ព្រះ‌ពស្ត្រ​ដូច្នេះ សូម​ឲ្យ​លោក​នោះ​មក​ឯ​ទូល‌បង្គំ​សិន​ចុះ នោះ​លោក​នឹង​បាន​ជ្រាប​ថា មាន​ហោរា​១​នៅ​ពួក​អ៊ីស្រា‌អែល​មែន

9. ដូច្នេះ ណាម៉ាន់​ក៏​មក​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អេលី‌សេ មាន​ទាំង​សេះ និង​រទេះ​ផង

10. ឯ​អេលី‌សេ លោក​ចាត់​អ្នក​បំរើ​ម្នាក់ ឲ្យ​ទៅ​ជំរាប​ថា សូម​ឲ្យ​លោក​ទៅ​មុជ‌ទឹក​ក្នុង​ទន្លេ​យ័រដាន់​៧​ដង​ទៅ នោះ​សាច់​របស់​លោក​នឹង​បាន​ជា ហើយ​លោក​នឹង​បាន​ស្អាត​ឡើង​វិញ

11. តែ​ណាម៉ាន់​មាន​សេចក្តី​កំហឹង ហើយ​ក៏​ចេញ​ទៅ ដោយ​ពោល​ថា មើល អញ​ស្មាន​ថា​ប្រាកដ​ជា​លោក​នឹង​ចេញ​មក​ឯ​អញ ឈរ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ហើយ​រា​ដៃ​ពី​លើ​ដំបៅ​ឲ្យ​រោគ​ឃ្លង់​បាន​ជា

12. ឯ​ទន្លេ​អាបាណា និង​ទន្លេ​ផើផើរ ជា​ទន្លេ​ស្រុក​ដាម៉ាស តើ​មិន​ល្អ​ជាង​ទឹក​ទាំង‌ឡាយ នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ​ឬ​អី បើ​អញ​មុជ‌ទឹក​ទន្លេ​នោះ តើ​មិន​បាន​ស្អាត​ទេ​ឬ​អី ដូច្នេះ លោក​ក៏​ត្រឡប់​ចេញ​ពី​ទី​នោះ​ទៅ ដោយ​សេចក្តី​ឃោរ‌ឃៅ​ជា​ខ្លាំង

13. តែ​ពួក​អ្នក​បំរើ​លោក​ក៏​អែប​ចូល​ជិត ជំរាប​ថា លោក​ឪពុក​អើយ បើ‌សិន​ជា​ហោរា​នោះ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី ចំណង់​បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ‌ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​នឹង​គួរ​ធ្វើ​តាម​ជា​ជាង​អំបាលម៉ាន​ទៅ​ទៀត

14. ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ‌ទឹក​ក្នុង​ទន្លេ​យ័រដាន់​អស់​៧​ដង តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេង ហើយ​លោក​បាន​ជា​ស្អាត។

15. រួច​លោក ព្រម​ទាំង​ពួក​លោក ក៏​វិល​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ​វិញ ឈរ​នៅ​ចំពោះ​មុខ​ជំរាប​ថា មើល​ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា នៅ​ផែនដី​ទាំង​មូល គ្មាន​ព្រះ​ឯ​ណា​សោះ វៀរ​តែ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​១​ប៉ុណ្ណោះ ដូច្នេះ សូម​លោក​ទទួល​រង្វាន់​ពី​ខ្ញុំ​ប្របាទ​ចុះ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 5