គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 5:13-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. តែ​ពួក​អ្នក​បំរើ​លោក​ក៏​អែប​ចូល​ជិត ជំរាប​ថា លោក​ឪពុក​អើយ បើ‌សិន​ជា​ហោរា​នោះ​បាន​ប្រាប់​ឲ្យ​លោក​ធ្វើ​ការ​អ្វី​យ៉ាង​ធំ នោះ​តើ​លោក​មិន​ធ្វើ​តាម​ទេ​ឬ​អី ចំណង់​បើ​លោក​គ្រាន់​តែ​ឲ្យ​ទៅ​មុជ‌ទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត តើ​នឹង​គួរ​ធ្វើ​តាម​ជា​ជាង​អំបាលម៉ាន​ទៅ​ទៀត

14. ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ‌ទឹក​ក្នុង​ទន្លេ​យ័រដាន់​អស់​៧​ដង តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ នោះ​សាច់​របស់​លោក​ក៏​ដុះ​ឡើង​ជា​ថ្មី ដូច​ជា​សាច់​របស់​ក្មេង ហើយ​លោក​បាន​ជា​ស្អាត។

15. រួច​លោក ព្រម​ទាំង​ពួក​លោក ក៏​វិល​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ​វិញ ឈរ​នៅ​ចំពោះ​មុខ​ជំរាប​ថា មើល​ឥឡូវ​នេះ​ខ្ញុំ​ដឹង​ថា នៅ​ផែនដី​ទាំង​មូល គ្មាន​ព្រះ​ឯ​ណា​សោះ វៀរ​តែ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​១​ប៉ុណ្ណោះ ដូច្នេះ សូម​លោក​ទទួល​រង្វាន់​ពី​ខ្ញុំ​ប្របាទ​ចុះ

16. តែ​លោក​ឆ្លើយ​តប​ថា ខ្ញុំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ទ្រង់​ថា ខ្ញុំ​មិន​ទទួល​យក​អ្វី​សោះ​ឡើយ ណាម៉ាន់​ក៏​អង្វរ​ឲ្យ​ទទួល តែ​លោក​ប្រកែក​មិន​ព្រម​ទេ

17. ណាម៉ាន់​និយាយ​ថា បើ​ដូច្នេះ សូម​តែ​ឲ្យ​ដី​ល្មម​ផ្ទុក​លើ​លា‌កាត់​២​មក​ខ្ញុំ​ប្របាទ​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ ខ្ញុំ​ប្របាទ​នឹង​មិន​ថ្វាយ​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា​ដល់​ព្រះ​ឯ​ណា​ទៀត ក្រៅ​ពី​ព្រះ‌យេហូវ៉ា​ឡើយ

18. តែ​ក្នុង​ការ​នេះ សូម​ព្រះ‌យេហូវ៉ា​អត់​ទោស​ដល់​ខ្ញុំ​ប្របាទ​ផង គឺ​កាល​ចៅ‌ហ្វាយ​ខ្ញុំ​ប្របាទ​ព្រយុង​ខ្លួន​មក​លើ​ដៃ​ខ្ញុំ ចូល​ទៅ​ថ្វាយ‌បង្គំ​ក្នុង​វិហារ​ព្រះ​រីម៉ូន​វេលា​ណា ហើយ​ខ្ញុំ​ប្របាទ​ក៏​ឱន​ខ្លួន​នៅ​ក្នុង​វិហារ​ព្រះ​រីម៉ូន នោះ​សូម​ព្រះ‌យេហូវ៉ា​អត់​ទោស​ដល់​ខ្ញុំ​ប្របាទ ពី​ការ​ដែល​ឱន​ខ្លួន​នៅ​ក្នុង​វិហារ​ព្រះ​រីម៉ូន​នោះ​ផង

19. អេលី‌សេ​ក៏​និយាយ​ថា អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ ដូច្នេះ ណាម៉ាន់​ក៏​ចេញ​ពី​លោក​ទៅ​តាម​ផ្លូវ​បន្តិច។

20. ឯ​កេហាស៊ី ជា​អ្នក​បំរើ​របស់​អេលី‌សេ ជា​អ្នក​សំណប់​របស់​ព្រះ គាត់​នឹក​ថា មើល ចៅ‌ហ្វាយ​អញ​បាន​យល់​ដល់​ណាម៉ាន់​ជា​សាសន៍​ស៊ីរី​នោះ ដោយ​មិន​បាន​ទទួល​របស់​ស្នង​ពី​ដៃ​លោក ដែល​នាំ​មក​ជូន​នោះ​សោះ អញ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អញ​នឹង​រត់​ទៅ​តាម ហើយ​ទទួល​យក​របស់​ខ្លះ​ពី​លោក​វិញ

21. ដូច្នោះ កេហាស៊ី​ក៏​ទៅ​តាម​ណាម៉ាន់ កាល​ណាម៉ាន់​ឃើញ​ម្នាក់​កំពុង​រត់​មក​តាម នោះ​លោក​ក៏​ចុះ​ពី​រទេះ​ទៅ​ទទួល ហើយ​សួរ​ថា សុខ​សប្បាយ​ទាំង​អស់​គ្នា​ទេ​ឬ

22. គាត់​ឆ្លើយ​ថា សុខ​សប្បាយ​ជា​ទេ តែ​ចៅ‌ហ្វាយ​ខ្ញុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជំរាប​លោក​ថា មើល មាន​មនុស្ស​កំឡោះ​២​នាក់​ជា​សិស្ស​នៃ​ពួក​ហោរា ទើប​នឹង​មក​ដល់ ពី​ស្រុក​ភ្នំ​អេប្រា‌អិម ដូច្នេះ សូម​លោក​មេត្តា​ឲ្យ​ប្រាក់​១​ហាប និង​សំលៀក‌បំពាក់ ២​បន្លាស់​មក​សំរាប់​គេ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 5