7. នាងក៏ទៅជំរាបដល់អ្នកសំណប់របស់ព្រះ ហើយលោកប្រាប់ថា ចូរយកប្រេងនោះទៅលក់ សងបំណុលគេទៅ ឯចំណែកដែលសល់នៅ នោះចូរទុកចិញ្ចឹមខ្លួន និងកូនចុះ។
8. មានកាល១ថ្ងៃទៀត អេលីសេបានដើរទៅឯក្រុងស៊ូណែម រីឯនៅទីនោះមានស្ត្រីអ្នកធំម្នាក់ នាងបានឃាត់លោកឲ្យនៅពិសាបាយ រួចមកវេលាណាដែលលោកទៅតាមទីនោះ លោកតែងតែចូលទៅពិសាបាយនៅផ្ទះនាង
9. នាងក៏និយាយនឹងប្ដីថា មើល ខ្ញុំយល់ឃើញថា មនុស្សដែលតែងធ្លាប់មកផ្ទះយើង ជាញយៗនេះ លោកជាអ្នកបរិសុទ្ធរបស់ព្រះ
10. សូមឲ្យយើងធ្វើបន្ទប់១តូច នៅលើជញ្ជាំង ព្រមទាំងដាក់គ្រែ តុ កៅអី និងជើងទៀន សំរាប់លោកផង ដូច្នេះ កាលណាលោកមកផ្ទះយើង នោះនឹងនៅក្នុងបន្ទប់នោះ
11. ក្រោយមក មានកាល១ថ្ងៃលោកក៏មកដល់ ហើយចូលទៅសំរាន្តក្នុងបន្ទប់នោះ
12. លោកប្រាប់កេហាស៊ី ជាអ្នកបំរើលោកថា ចូរហៅស្ត្រីដែលនៅក្រុងស៊ូណែមនេះមក កាលបានហៅស្ត្រីមកដល់ហើយ នោះនាងឈរនៅចំពោះលោក
13. រួចលោកប្រាប់អ្នកបំរើថា ចូរនិយាយនឹងនាងថា មើល នាងបានចាត់ចែងគោរពដល់យើងជាច្រើនដល់ម៉្លេះ ឥឡូវនេះ តើត្រូវឲ្យយើងសងគុណដល់នាងយ៉ាងណាខ្លះ តើចង់ឲ្យខ្ញុំទូលដល់ស្តេច ឬជំរាបមេទ័ពធំឲ្យនាងឬទេ តែនាងឆ្លើយតបថា នាងខ្ញុំចូលចិត្តនៅតែកណ្តាលពួកសាសន៍នាងខ្ញុំនេះទេ
14. លោកសួរទៀតថា បើដូច្នេះ តើត្រូវសងគុណដល់នាងយ៉ាងណា កេហាស៊ីឆ្លើយឡើងថា មើលគាត់គ្មានកូនទេ ហើយប្ដីក៏ចាស់ផង
15. លោកប្រាប់ថា ចូរហៅនាងមកនេះ កាលបានហៅមកដល់ហើយ នោះនាងឈរនៅត្រង់មាត់ទ្វារ
16. ហើយលោកប្រាប់ថា ដល់កំណត់ ឆ្នាំក្រោយ នោះនាងនឹងបានបីកូនប្រុស១ តែនាងឆ្លើយថា ទេ លោកម្ចាស់ ជាអ្នកសំណប់របស់ព្រះអើយ សូមកុំកុហកដល់នាងខ្ញុំឡើយ។
17. ស្ត្រីនោះក៏មានទំងន់ ហើយដល់កំណត់ឆ្នាំក្រោយ នាងសំរាលបានកូនប្រុស១ ដូចពាក្យដែលអេលីសេបានប្រាប់
18. កាលកូននោះបានធំឡើងហើយ នោះមានកាល១ថ្ងៃវាចេញទៅឯឪពុក ដែលនៅជាមួយនឹងពួកអ្នកច្រូត
19. នោះវាត្អូញប្រាប់ឪពុកថា ខ្ញុំឈឺក្បាល ខ្ញុំឈឺក្បាលណាស់ ឪពុកបង្គាប់ទៅអ្នកបំរើថា ចូរបីវាយកទៅឲ្យម្តាយវាទៅ
20. អ្នកនោះក៏បីយកទៅឲ្យម្តាយ ហើយវាអង្គុយលើភ្លៅម្តាយ រហូតដល់ថ្ងៃត្រង់ រួចស្លាប់ទៅ
21. ម្តាយក៏ឡើងទៅ ដាក់វាផ្តេកនៅលើដំណេកនៃអ្នកសំណប់របស់ព្រះ ហើយបិទទ្វារចេញទៅ
22. រួចនាងស្រែកទៅប្ដីថា សូមចាត់បំរើម្នាក់ និងលា១មកសិន ដើម្បីឲ្យខ្ញុំរត់ទៅឯអ្នកសំណប់របស់ព្រះ រួចវិលមកវិញ
23. ប្ដីតបថា ឯងចង់ទៅរកលោកនៅថ្ងៃនេះធ្វើអី នេះមិនមែនជាថ្ងៃចូលខែ ឬថ្ងៃឈប់សំរាកទេ តែនាងឆ្លើយថា មិនអីទេ
24. នាងក៏ចងកែបលា រួចបង្គាប់អ្នកបំរើថា ចូរវាយជំរត់វាទៅ កុំបង្អង់ឡើយ លើកតែអញបង្គាប់ គឺយ៉ាងនោះដែលនាងធ្វើដំណើរទៅឯអ្នកសំណប់របស់ព្រះ នៅត្រង់ភ្នំកើមែល។