គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 4:3-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ដូច្នេះ លោក​ប្រាប់​ថា ចូរ​អ្នក​ចេញ​ទៅ​ខ្ចី​ភាជនៈ ពី​ពួក​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន គឺ​ជា​ភាជនៈ ដែល​នៅ​ទទេ ហើយ​កុំ​ឲ្យ​ខ្ចី​តិច​ឡើយ

4. រួច​ឲ្យ​អ្នក​នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ទៅ ហើយ​ចាក់​ប្រេង​ទៅ​ក្នុង​ភាជនៈ​ទាំង​នោះ កាល​ណា​មាន​១​ណា​ពេញ នោះ​ចូរ​ដាក់​ទុក​ទៅ​ខាង​ម្ខាង

5. ដូច្នេះ នាង​ក៏​ចេញ​ពី​លោក​ទៅ នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ​បិទ​ទ្វារ កូន​ទាំង​២​ក៏​ហុច​ភាជនៈ​មក​ឲ្យ​ម្តាយ ហើយ​ម្តាយ​ក៏​ចាក់​ប្រេង​ដាក់

6. លុះ​ភាជនៈ​ទាំង​នោះ​បាន​ពេញ​ហើយ នោះ​នាង​បង្គាប់​កូន​ថា ចូរ​ហុច​១​ទៀត​មក​ឲ្យ​អញ តែ​កូន​ឆ្លើយ​តប​ថា មាន​តែ​ប៉ុណ្ណឹង​ទេ នោះ​ប្រេង​ក៏​ឈប់​ហូរ​ទៅ

7. នាង​ក៏​ទៅ​ជំរាប​ដល់​អ្នក​សំណប់​របស់​ព្រះ ហើយ​លោក​ប្រាប់​ថា ចូរ​យក​ប្រេង​នោះ​ទៅ​លក់ សង​បំណុល​គេ​ទៅ ឯ​ចំណែក​ដែល​សល់​នៅ នោះ​ចូរ​ទុក​ចិញ្ចឹម​ខ្លួន និង​កូន​ចុះ។

8. មាន​កាល​១​ថ្ងៃ​ទៀត អេលី‌សេ​បាន​ដើរ​ទៅ​ឯ​ក្រុង​ស៊ូណែម រីឯ​នៅ​ទី​នោះ​មាន​ស្ត្រី​អ្នក​ធំ​ម្នាក់ នាង​បាន​ឃាត់​លោក​ឲ្យ​នៅ​ពិសា​បាយ រួច​មក​វេលា​ណា​ដែល​លោក​ទៅ​តាម​ទី​នោះ លោក​តែង‌តែ​ចូល​ទៅ​ពិសា​បាយ​នៅ​ផ្ទះ​នាង

9. នាង​ក៏​និយាយ​នឹង​ប្ដី​ថា មើល ខ្ញុំ​យល់​ឃើញ​ថា មនុស្ស​ដែល​តែង​ធ្លាប់​មក​ផ្ទះ​យើង ជា​ញយៗ​នេះ លោក​ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ

10. សូម​ឲ្យ​យើង​ធ្វើ​បន្ទប់​១​តូច នៅ​លើ​ជញ្ជាំង ព្រម​ទាំង​ដាក់​គ្រែ តុ កៅអី និង​ជើង‌ទៀន សំរាប់​លោក​ផង ដូច្នេះ កាល​ណា​លោក​មក​ផ្ទះ​យើង នោះ​នឹង​នៅ​ក្នុង​បន្ទប់​នោះ

11. ក្រោយ​មក មាន​កាល​១​ថ្ងៃ​លោក​ក៏​មក​ដល់ ហើយ​ចូល​ទៅ​សំរាន្ត​ក្នុង​បន្ទប់​នោះ

12. លោក​ប្រាប់​កេហាស៊ី ជា​អ្នក​បំរើ​លោក​ថា ចូរ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​នេះ​មក កាល​បាន​ហៅ​ស្ត្រី​មក​ដល់​ហើយ នោះ​នាង​ឈរ​នៅ​ចំពោះ​លោក

13. រួច​លោក​ប្រាប់​អ្នក​បំរើ​ថា ចូរ​និយាយ​នឹង​នាង​ថា មើល នាង​បាន​ចាត់‌ចែង​គោរព​ដល់​យើង​ជា​ច្រើន​ដល់​ម៉្លេះ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​យើង​សង​គុណ​ដល់​នាង​យ៉ាង​ណា​ខ្លះ តើ​ចង់​ឲ្យ​ខ្ញុំ​ទូល​ដល់​ស្តេច ឬ​ជំរាប​មេ‌ទ័ព​ធំ​ឲ្យ​នាង​ឬ​ទេ តែ​នាង​ឆ្លើយ​តប​ថា នាង​ខ្ញុំ​ចូល​ចិត្ត​នៅ​តែ​កណ្តាល​ពួក​សាសន៍​នាង​ខ្ញុំ​នេះ​ទេ

14. លោក​សួរ​ទៀត​ថា បើ​ដូច្នេះ តើ​ត្រូវ​សង​គុណ​ដល់​នាង​យ៉ាង​ណា កេហាស៊ី​ឆ្លើយ​ឡើង​ថា មើល​គាត់​គ្មាន​កូន​ទេ ហើយ​ប្ដី​ក៏​ចាស់​ផង

15. លោក​ប្រាប់​ថា ចូរ​ហៅ​នាង​មក​នេះ កាល​បាន​ហៅ​មក​ដល់​ហើយ នោះ​នាង​ឈរ​នៅ​ត្រង់​មាត់​ទ្វារ

16. ហើយ​លោក​ប្រាប់​ថា ដល់​កំណត់ ឆ្នាំ​ក្រោយ នោះ​នាង​នឹង​បាន​បី​កូន​ប្រុស​១ តែ​នាង​ឆ្លើយ​ថា ទេ លោក​ម្ចាស់ ជា​អ្នក​សំណប់​របស់​ព្រះ​អើយ សូម​កុំ​កុហក​ដល់​នាង​ខ្ញុំ​ឡើយ។

17. ស្ត្រី​នោះ​ក៏​មាន​ទំងន់ ហើយ​ដល់​កំណត់​ឆ្នាំ​ក្រោយ នាង​សំរាល​បាន​កូន​ប្រុស​១ ដូច​ពាក្យ​ដែល​អេលី‌សេ​បាន​ប្រាប់

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 4