គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 4:28-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. នោះ​នាង​និយាយ​ឡើង​ថា តើ​នាង​ខ្ញុំ​បាន​សូម​កូន​ពី​លោក​ម្ចាស់​ឬ​ទេ តើ​នាង​ខ្ញុំ​មិន​បាន​សូម​ថា កុំ​បញ្ឆោត​នាង​ខ្ញុំ​ទេ​ឬ​អី

29. នោះ​លោក​បង្គាប់​កេហាស៊ី​ថា ចូរ​ក្រវាត់​ចង្កេះ​កាន់​ដំបង​របស់​អញ​ចេញ​ទៅ បើ​ជួប​នឹង​អ្នក​ណា​តាម​ផ្លូវ កុំ​ឲ្យ​គំនាប់​គេ​ឡើយ បើ​អ្នក​ណា​គំនាប់​ដល់​ឯង ក៏​កុំ​ឲ្យ​គំនាប់​តប​វិញ​ដែរ ចូរ​ទៅ​ដាក់​ដំបង​អញ​នៅ​លើ​មុខ​កូន​នោះ​ទៅ

30. តែ​ម្តាយ​របស់​កូន​នោះ​និយាយ​ថា នាង​ខ្ញុំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា នាង​ខ្ញុំ​មិន​ព្រម​ឃ្លាត​ចេញ​ពី​លោក​ទេ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​តាម​នាង​ទៅ

31. ឯ​កេហាស៊ី​គាត់​ក៏​ទៅ​មុន ហើយ​ដាក់​ដំបង​នៅ​លើ​មុខ​កូន តែ​គ្មាន​ឮ​សំឡេង កូន​ក៏​គ្មាន​ស្តាប់​អ្វី​ដែរ ដូច្នេះ គាត់​វិល​ទៅ​ជួប​នឹង​អេលី‌សេ​វិញ ជំរាប​ថា កូន​មិន​បាន​ភ្ញាក់​ទេ។

32. កាល​អេលី‌សេ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ក៏​ឃើញ​កូន​នោះ​ស្លាប់​នៅ​លើ​ដំណេក​របស់​លោក

33. ដូច្នេះ លោក​ចូល​ទៅ​បិទ​ទ្វារ មាន​តែ​គ្នា​២​នាក់ ហើយ​ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា

34. រួច​លោក​ឡើង​ទៅ​ពោប​លើ​កូន​នោះ ដាក់​មាត់​លោក​ទល់​នឹង​មាត់​វា ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​នៅ​លើ​ដៃ​ដែរ ក៏​សន្ធឹង​ខ្លួន​លើ​វា រួច​សាច់​កូន​នោះ​ក៏​ក្តៅ​ឧណ្ហ​ឡើង

35. នោះ​លោក​ក្រោក​ចេញ​ទៅ ដើរ​ចុះ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ឡើង​ទៅ​សន្ធឹង​ខ្លួន​លើ​វា​ទៀត ហើយ​វា​កណ្តាស់​៧​ដង រួច​បើក​ភ្នែក​ឡើង

36. ដូច្នេះ លោក​ហៅ​កេហាស៊ី​មក​បង្គាប់​ថា ចូរ​ទៅ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​នេះ​មក គាត់​ក៏​ហៅ កាល​នាង​បាន​ចូល​មក​ដល់​ហើយ នោះ​លោក​ប្រាប់​ថា ចូរ​លើក​បី​កូន​នាង​ឡើង

37. នាង​ក៏​ចូល​ទៅ​ផ្តួល​ខ្លួន ក្រាប​ចុះ​ដល់​ដី នៅ​ទៀប​ជើង​លោក រួច​លើក​កូន​បី​ចេញ​ទៅ។

38. ឯ​អេលី‌សេ លោក​ត្រឡប់​ទៅ​ឯ​ក្រុង​គីល‌កាល​វិញ​ទៀត ហើយ​មាន​អំណត់​នៅ​ក្នុង​ស្រុក​នោះ ឯ​ពួក​សិស្ស​របស់​ពួក​ហោរា គេ​អង្គុយ​ចំពោះ​មុខ​លោក ហើយ​លោក​បង្គាប់​អ្នក​បំរើ​ថា ចូរ​ដាក់​ថ្លាង​ធ្វើ​បបរ ឲ្យ​ពួក​សិស្ស​ហោរា​ទាំង​នេះ​ទៅ

39. មាន​ម្នាក់​ចេញ​ទៅ​រក​បន្លែ​ឯ​ទី​វាល ក៏​ឃើញ​វល្លិ​ព្រៃ ហើយ​បេះ​ផ្លែ​ពេញ​ថ្នក់​អាវ វិល​មក​កាប់​ជា​កង់ៗ ដាក់​ចុះ​ទៅ​ក្នុង​ថ្លាង ដ្បិត​គេ​មិន​បាន​ស្គាល់​ផ្លែ​នោះ​ទេ

40. រួច​គេ​ដួស​បបរ​នោះ​ឲ្យ​គ្រប់​គ្នា​បរិភោគ តែ​កាល​គេ​កំពុង​តែ​បរិភោគ នោះ​ក៏​ស្រែក​ឡើង​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ បបរ​នេះ​ពុល​ទេ ហើយ​គេ​បរិភោគ​ពុំ​បាន

41. តែ​លោក​ប្រាប់​ថា ដូច្នេះ ចូរ​យក​ម្សៅ​មក​ចុះ រួច​លោក​ក៏​ចាក់​ទៅ​ក្នុង​ថ្លាង ហើយ​ប្រាប់​ថា ចូរ​ដួស​ចែក​ឲ្យ​គេ​បរិភោគ​ទៅ នោះ​ក៏​គ្មាន​ជាតិ​ពុល​នៅ​ក្នុង​បបរ​ទៀត​ឡើយ។

42. នៅ​គ្រា​នោះ មាន​មនុស្ស​ម្នាក់ មក​ពី​ស្រុក​បាល-សា‌លីសា គាត់​យក​នំបុ័ង​ម្សៅ​ឱក​២០​ដុំ​ធ្វើ​ពី​ផល​ដំបូង និង​គួរ​ស្រូវ​ស្រស់ មក​ជូន​ដល់​អ្នក​សំណប់​របស់​ព្រះ នោះ​លោក​ប្រាប់​ថា ចូរ​ចែក​ឲ្យ​បណ្តា‌ជន​បរិភោគ​ទៅ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 4