គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 4:27-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. កាល​បាន​មក​ដល់​អ្នក​សំណប់​របស់​ព្រះ នៅ​លើ​ភ្នំ​ហើយ នោះ​នាង​ក៏​ចាប់​ជើង​លោក កេហាស៊ី​ក៏​ចូល​ទៅ ដើម្បី​ច្រាន​នាង​ចេញ តែ​អ្នក​សំណប់​របស់​ព្រះ​ឃាត់​ថា បណ្តោយ​តាម​នាង​ចុះ ពី​ព្រោះ​នាង​មាន​សេចក្តី​ជូរ​ចត់​ក្នុង​ចិត្ត ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាក់​នឹង​អញ ឥត​សំដែង​ឲ្យ​អញ​ដឹង​សោះ

28. នោះ​នាង​និយាយ​ឡើង​ថា តើ​នាង​ខ្ញុំ​បាន​សូម​កូន​ពី​លោក​ម្ចាស់​ឬ​ទេ តើ​នាង​ខ្ញុំ​មិន​បាន​សូម​ថា កុំ​បញ្ឆោត​នាង​ខ្ញុំ​ទេ​ឬ​អី

29. នោះ​លោក​បង្គាប់​កេហាស៊ី​ថា ចូរ​ក្រវាត់​ចង្កេះ​កាន់​ដំបង​របស់​អញ​ចេញ​ទៅ បើ​ជួប​នឹង​អ្នក​ណា​តាម​ផ្លូវ កុំ​ឲ្យ​គំនាប់​គេ​ឡើយ បើ​អ្នក​ណា​គំនាប់​ដល់​ឯង ក៏​កុំ​ឲ្យ​គំនាប់​តប​វិញ​ដែរ ចូរ​ទៅ​ដាក់​ដំបង​អញ​នៅ​លើ​មុខ​កូន​នោះ​ទៅ

30. តែ​ម្តាយ​របស់​កូន​នោះ​និយាយ​ថា នាង​ខ្ញុំ​ស្បថ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា នាង​ខ្ញុំ​មិន​ព្រម​ឃ្លាត​ចេញ​ពី​លោក​ទេ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ទៅ​តាម​នាង​ទៅ

31. ឯ​កេហាស៊ី​គាត់​ក៏​ទៅ​មុន ហើយ​ដាក់​ដំបង​នៅ​លើ​មុខ​កូន តែ​គ្មាន​ឮ​សំឡេង កូន​ក៏​គ្មាន​ស្តាប់​អ្វី​ដែរ ដូច្នេះ គាត់​វិល​ទៅ​ជួប​នឹង​អេលី‌សេ​វិញ ជំរាប​ថា កូន​មិន​បាន​ភ្ញាក់​ទេ។

32. កាល​អេលី‌សេ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ក៏​ឃើញ​កូន​នោះ​ស្លាប់​នៅ​លើ​ដំណេក​របស់​លោក

33. ដូច្នេះ លោក​ចូល​ទៅ​បិទ​ទ្វារ មាន​តែ​គ្នា​២​នាក់ ហើយ​ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា

34. រួច​លោក​ឡើង​ទៅ​ពោប​លើ​កូន​នោះ ដាក់​មាត់​លោក​ទល់​នឹង​មាត់​វា ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​នៅ​លើ​ដៃ​ដែរ ក៏​សន្ធឹង​ខ្លួន​លើ​វា រួច​សាច់​កូន​នោះ​ក៏​ក្តៅ​ឧណ្ហ​ឡើង

35. នោះ​លោក​ក្រោក​ចេញ​ទៅ ដើរ​ចុះ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ឡើង​ទៅ​សន្ធឹង​ខ្លួន​លើ​វា​ទៀត ហើយ​វា​កណ្តាស់​៧​ដង រួច​បើក​ភ្នែក​ឡើង

36. ដូច្នេះ លោក​ហៅ​កេហាស៊ី​មក​បង្គាប់​ថា ចូរ​ទៅ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​នេះ​មក គាត់​ក៏​ហៅ កាល​នាង​បាន​ចូល​មក​ដល់​ហើយ នោះ​លោក​ប្រាប់​ថា ចូរ​លើក​បី​កូន​នាង​ឡើង

37. នាង​ក៏​ចូល​ទៅ​ផ្តួល​ខ្លួន ក្រាប​ចុះ​ដល់​ដី នៅ​ទៀប​ជើង​លោក រួច​លើក​កូន​បី​ចេញ​ទៅ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 4