25. កាលអ្នកសំណប់របស់ព្រះ បានឃើញនាងមកពីចំងាយ នោះលោកបង្គាប់ទៅកេហាស៊ី ជាអ្នកបំរើថា នុ៎ះន៏ស្ត្រីស្រុកស៊ូណែម
26. ចូររត់ទៅទទួល ហើយសួរថា តើអ្នកសុខសប្បាយជាទេឬ តើប្ដីរបស់អ្នកជាទេឬ ហើយកូនរបស់អ្នកជាឬទេ តែនាងឆ្លើយថា ជាទេ
27. កាលបានមកដល់អ្នកសំណប់របស់ព្រះ នៅលើភ្នំហើយ នោះនាងក៏ចាប់ជើងលោក កេហាស៊ីក៏ចូលទៅ ដើម្បីច្រាននាងចេញ តែអ្នកសំណប់របស់ព្រះឃាត់ថា បណ្តោយតាមនាងចុះ ពីព្រោះនាងមានសេចក្តីជូរចត់ក្នុងចិត្ត ហើយព្រះយេហូវ៉ាទ្រង់បានលាក់នឹងអញ ឥតសំដែងឲ្យអញដឹងសោះ
28. នោះនាងនិយាយឡើងថា តើនាងខ្ញុំបានសូមកូនពីលោកម្ចាស់ឬទេ តើនាងខ្ញុំមិនបានសូមថា កុំបញ្ឆោតនាងខ្ញុំទេឬអី
29. នោះលោកបង្គាប់កេហាស៊ីថា ចូរក្រវាត់ចង្កេះកាន់ដំបងរបស់អញចេញទៅ បើជួបនឹងអ្នកណាតាមផ្លូវ កុំឲ្យគំនាប់គេឡើយ បើអ្នកណាគំនាប់ដល់ឯង ក៏កុំឲ្យគំនាប់តបវិញដែរ ចូរទៅដាក់ដំបងអញនៅលើមុខកូននោះទៅ
30. តែម្តាយរបស់កូននោះនិយាយថា នាងខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដ៏នៅរស់ដែរថា នាងខ្ញុំមិនព្រមឃ្លាតចេញពីលោកទេ ដូច្នេះ លោកក៏ក្រោកឡើងទៅតាមនាងទៅ
31. ឯកេហាស៊ីគាត់ក៏ទៅមុន ហើយដាក់ដំបងនៅលើមុខកូន តែគ្មានឮសំឡេង កូនក៏គ្មានស្តាប់អ្វីដែរ ដូច្នេះ គាត់វិលទៅជួបនឹងអេលីសេវិញ ជំរាបថា កូនមិនបានភ្ញាក់ទេ។
32. កាលអេលីសេបានចូលទៅក្នុងផ្ទះ ក៏ឃើញកូននោះស្លាប់នៅលើដំណេករបស់លោក
33. ដូច្នេះ លោកចូលទៅបិទទ្វារ មានតែគ្នា២នាក់ ហើយក៏អធិស្ឋានដល់ព្រះយេហូវ៉ា
34. រួចលោកឡើងទៅពោបលើកូននោះ ដាក់មាត់លោកទល់នឹងមាត់វា ភ្នែកទល់នឹងភ្នែក ហើយដៃនៅលើដៃដែរ ក៏សន្ធឹងខ្លួនលើវា រួចសាច់កូននោះក៏ក្តៅឧណ្ហឡើង
35. នោះលោកក្រោកចេញទៅ ដើរចុះឡើងនៅក្នុងផ្ទះ រួចឡើងទៅសន្ធឹងខ្លួនលើវាទៀត ហើយវាកណ្តាស់៧ដង រួចបើកភ្នែកឡើង
36. ដូច្នេះ លោកហៅកេហាស៊ីមកបង្គាប់ថា ចូរទៅហៅស្ត្រីដែលនៅក្រុងស៊ូណែមនេះមក គាត់ក៏ហៅ កាលនាងបានចូលមកដល់ហើយ នោះលោកប្រាប់ថា ចូរលើកបីកូននាងឡើង
37. នាងក៏ចូលទៅផ្តួលខ្លួន ក្រាបចុះដល់ដី នៅទៀបជើងលោក រួចលើកកូនបីចេញទៅ។
38. ឯអេលីសេ លោកត្រឡប់ទៅឯក្រុងគីលកាលវិញទៀត ហើយមានអំណត់នៅក្នុងស្រុកនោះ ឯពួកសិស្សរបស់ពួកហោរា គេអង្គុយចំពោះមុខលោក ហើយលោកបង្គាប់អ្នកបំរើថា ចូរដាក់ថ្លាងធ្វើបបរ ឲ្យពួកសិស្សហោរាទាំងនេះទៅ
39. មានម្នាក់ចេញទៅរកបន្លែឯទីវាល ក៏ឃើញវល្លិព្រៃ ហើយបេះផ្លែពេញថ្នក់អាវ វិលមកកាប់ជាកង់ៗ ដាក់ចុះទៅក្នុងថ្លាង ដ្បិតគេមិនបានស្គាល់ផ្លែនោះទេ
40. រួចគេដួសបបរនោះឲ្យគ្រប់គ្នាបរិភោគ តែកាលគេកំពុងតែបរិភោគ នោះក៏ស្រែកឡើងថា ឱអ្នកសំណប់របស់ព្រះអើយ បបរនេះពុលទេ ហើយគេបរិភោគពុំបាន
41. តែលោកប្រាប់ថា ដូច្នេះ ចូរយកម្សៅមកចុះ រួចលោកក៏ចាក់ទៅក្នុងថ្លាង ហើយប្រាប់ថា ចូរដួសចែកឲ្យគេបរិភោគទៅ នោះក៏គ្មានជាតិពុលនៅក្នុងបបរទៀតឡើយ។