គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 4:17-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ស្ត្រី​នោះ​ក៏​មាន​ទំងន់ ហើយ​ដល់​កំណត់​ឆ្នាំ​ក្រោយ នាង​សំរាល​បាន​កូន​ប្រុស​១ ដូច​ពាក្យ​ដែល​អេលី‌សេ​បាន​ប្រាប់

18. កាល​កូន​នោះ​បាន​ធំ​ឡើង​ហើយ នោះ​មាន​កាល​១​ថ្ងៃ​វា​ចេញ​ទៅ​ឯ​ឪពុក ដែល​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ច្រូត

19. នោះ​វា​ត្អូញ​ប្រាប់​ឪពុក​ថា ខ្ញុំ​ឈឺ​ក្បាល ខ្ញុំ​ឈឺ​ក្បាល​ណាស់ ឪពុក​បង្គាប់​ទៅ​អ្នក​បំរើ​ថា ចូរ​បី​វា​យក​ទៅ​ឲ្យ​ម្តាយ​វា​ទៅ

20. អ្នក​នោះ​ក៏​បី​យក​ទៅ​ឲ្យ​ម្តាយ ហើយ​វា​អង្គុយ​លើ​ភ្លៅ​ម្តាយ រហូត​ដល់​ថ្ងៃ​ត្រង់ រួច​ស្លាប់​ទៅ

21. ម្តាយ​ក៏​ឡើង​ទៅ ដាក់​វា​ផ្តេក​នៅ​លើ​ដំណេក​នៃ​អ្នក​សំណប់​របស់​ព្រះ ហើយ​បិទ​ទ្វារ​ចេញ​ទៅ

22. រួច​នាង​ស្រែក​ទៅ​ប្ដី​ថា សូម​ចាត់​បំរើ​ម្នាក់ និង​លា​១​មក​សិន ដើម្បី​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ រួច​វិល​មក​វិញ

23. ប្ដី​តប​ថា ឯង​ចង់​ទៅ​រក​លោក​នៅ​ថ្ងៃ​នេះ​ធ្វើ​អី នេះ​មិន​មែន​ជា​ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ទេ តែ​នាង​ឆ្លើយ​ថា មិន​អី​ទេ

24. នាង​ក៏​ចង​កែប​លា រួច​បង្គាប់​អ្នក​បំរើ​ថា ចូរ​វាយ​ជំរត់​វា​ទៅ កុំ​បង្អង់​ឡើយ លើក​តែ​អញ​បង្គាប់ គឺ​យ៉ាង​នោះ​ដែល​នាង​ធ្វើ​ដំណើរ​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ នៅ​ត្រង់​ភ្នំ​កើមែល។

25. កាល​អ្នក​សំណប់​របស់​ព្រះ បាន​ឃើញ​នាង​មក​ពី​ចំងាយ នោះ​លោក​បង្គាប់​ទៅ​កេហាស៊ី ជា​អ្នក​បំរើ​ថា នុ៎ះន៏​ស្ត្រី​ស្រុក​ស៊ូណែម

26. ចូរ​រត់​ទៅ​ទទួល ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ទេ​ឬ តើ​ប្ដី​របស់​អ្នក​ជា​ទេ​ឬ ហើយ​កូន​របស់​អ្នក​ជា​ឬ​ទេ តែ​នាង​ឆ្លើយ​ថា ជា​ទេ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 4