គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 4:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ក្រោយ​មក មាន​កាល​១​ថ្ងៃ​លោក​ក៏​មក​ដល់ ហើយ​ចូល​ទៅ​សំរាន្ត​ក្នុង​បន្ទប់​នោះ

12. លោក​ប្រាប់​កេហាស៊ី ជា​អ្នក​បំរើ​លោក​ថា ចូរ​ហៅ​ស្ត្រី​ដែល​នៅ​ក្រុង​ស៊ូណែម​នេះ​មក កាល​បាន​ហៅ​ស្ត្រី​មក​ដល់​ហើយ នោះ​នាង​ឈរ​នៅ​ចំពោះ​លោក

13. រួច​លោក​ប្រាប់​អ្នក​បំរើ​ថា ចូរ​និយាយ​នឹង​នាង​ថា មើល នាង​បាន​ចាត់‌ចែង​គោរព​ដល់​យើង​ជា​ច្រើន​ដល់​ម៉្លេះ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​យើង​សង​គុណ​ដល់​នាង​យ៉ាង​ណា​ខ្លះ តើ​ចង់​ឲ្យ​ខ្ញុំ​ទូល​ដល់​ស្តេច ឬ​ជំរាប​មេ‌ទ័ព​ធំ​ឲ្យ​នាង​ឬ​ទេ តែ​នាង​ឆ្លើយ​តប​ថា នាង​ខ្ញុំ​ចូល​ចិត្ត​នៅ​តែ​កណ្តាល​ពួក​សាសន៍​នាង​ខ្ញុំ​នេះ​ទេ

14. លោក​សួរ​ទៀត​ថា បើ​ដូច្នេះ តើ​ត្រូវ​សង​គុណ​ដល់​នាង​យ៉ាង​ណា កេហាស៊ី​ឆ្លើយ​ឡើង​ថា មើល​គាត់​គ្មាន​កូន​ទេ ហើយ​ប្ដី​ក៏​ចាស់​ផង

15. លោក​ប្រាប់​ថា ចូរ​ហៅ​នាង​មក​នេះ កាល​បាន​ហៅ​មក​ដល់​ហើយ នោះ​នាង​ឈរ​នៅ​ត្រង់​មាត់​ទ្វារ

16. ហើយ​លោក​ប្រាប់​ថា ដល់​កំណត់ ឆ្នាំ​ក្រោយ នោះ​នាង​នឹង​បាន​បី​កូន​ប្រុស​១ តែ​នាង​ឆ្លើយ​ថា ទេ លោក​ម្ចាស់ ជា​អ្នក​សំណប់​របស់​ព្រះ​អើយ សូម​កុំ​កុហក​ដល់​នាង​ខ្ញុំ​ឡើយ។

17. ស្ត្រី​នោះ​ក៏​មាន​ទំងន់ ហើយ​ដល់​កំណត់​ឆ្នាំ​ក្រោយ នាង​សំរាល​បាន​កូន​ប្រុស​១ ដូច​ពាក្យ​ដែល​អេលី‌សេ​បាន​ប្រាប់

18. កាល​កូន​នោះ​បាន​ធំ​ឡើង​ហើយ នោះ​មាន​កាល​១​ថ្ងៃ​វា​ចេញ​ទៅ​ឯ​ឪពុក ដែល​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ច្រូត

19. នោះ​វា​ត្អូញ​ប្រាប់​ឪពុក​ថា ខ្ញុំ​ឈឺ​ក្បាល ខ្ញុំ​ឈឺ​ក្បាល​ណាស់ ឪពុក​បង្គាប់​ទៅ​អ្នក​បំរើ​ថា ចូរ​បី​វា​យក​ទៅ​ឲ្យ​ម្តាយ​វា​ទៅ

20. អ្នក​នោះ​ក៏​បី​យក​ទៅ​ឲ្យ​ម្តាយ ហើយ​វា​អង្គុយ​លើ​ភ្លៅ​ម្តាយ រហូត​ដល់​ថ្ងៃ​ត្រង់ រួច​ស្លាប់​ទៅ

21. ម្តាយ​ក៏​ឡើង​ទៅ ដាក់​វា​ផ្តេក​នៅ​លើ​ដំណេក​នៃ​អ្នក​សំណប់​របស់​ព្រះ ហើយ​បិទ​ទ្វារ​ចេញ​ទៅ

22. រួច​នាង​ស្រែក​ទៅ​ប្ដី​ថា សូម​ចាត់​បំរើ​ម្នាក់ និង​លា​១​មក​សិន ដើម្បី​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ រួច​វិល​មក​វិញ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 4