គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 3:15-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. តែ​ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​ឯ​ទូល‌បង្គំ រួច​កាល​អ្នក​នោះ​កំពុង​តែ​លេង​ភ្លេង នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​លើ​អេលី‌សេ

16. ហើយ​លោក​ទាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ជីក​ប្រឡាយ​ឲ្យ​ពេញ​ក្នុង​ច្រក​ភ្នំ​នេះ​ទៅ

17. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្យល់​បក់ ឬ​ភ្លៀង​ធ្លាក់​ឡើយ តែ​ច្រក​ភ្នំ​នេះ​នឹង​មាន​ទឹក​ពេញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ទឹក​ផឹក ព្រម​ទាំង​ហ្វូង​សត្វ និង​សត្វ​ជំនិះ​របស់​ឯង​រាល់​គ្នា​ផង

18. ឯ​ការ​នេះ​ក៏​ជា​ការ​យ៉ាង​តូច នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទេ គឺ​ព្រះ​ទ្រង់​នឹង​ប្រគល់​សាសន៍​ម៉ូអាប់​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ទ្រង់​ទៀត

19. ត្រូវ​ឲ្យ​វាយ​អស់​ទាំង​ទី​ក្រុង​មាន​កំផែង និង​គ្រប់​ទាំង​ទី​ក្រុង​យ៉ាង​វិសេស ព្រម​ទាំង​កាប់​អស់​ទាំង​ឈើ​ល្អ និង​ខ្ទប់​អស់​ទាំង​រន្ធ​ទឹក ហើយ​យក​ដុំ​ថ្ម​ទៅ រាយ​បង្ខូច​អស់​ទាំង​ស្រែ​ចំការ​ល្អៗ

20. លុះ​ព្រឹក​ឡើង នៅ​ពេល​ថ្វាយ​ដង្វាយ ក៏​មាន​ទឹក​ហូរ​មក​ពី​ខាង​ស្រុក​អេដំម នោះ​ច្រក​ភ្នំ​ក៏​មាន​ទឹក​ពេញ។

21. រីឯ​ពួក​សាសន៍​ម៉ូអាប់ កាល​គេ​បាន​ឮ​ថា ស្តេច​ទាំង​នោះ​បាន​ឡើង​មក ដើម្បី​ច្បាំង​នឹង​ខ្លួន នោះ​ក៏​ប្រមូល​គ្នា គឺ​អស់​អ្នក​ណា​ដែល​មាន​អាយុ​ល្មម នឹង​កាន់​គ្រឿង​សស្ត្រា‌វុធ​បាន រហូត​ឡើង​ទៅ​លើ រួច​ទៅ​ដំរៀប​គ្នា​នៅ​ត្រង់​ព្រំ​ប្រទល់

22. ព្រឹក​ព្រហាម​ថ្ងៃ​នោះ ពួក​ម៉ូអាប់​ក្រោក​ឡើង​ឃើញ​ពន្លឺ​ថ្ងៃ​ចាំង​មក​ពី​លើ​ទឹក ដែល​នៅ​មុខ​គេ​នោះ មើល​ទៅ​ក្រហម​ដូច​ជា​ឈាម

23. គេ​ក៏​និយាយ​គ្នា​ថា នោះ​គឺ​ជា​ឈាម​ហើយ ពួក​ស្តេច​នោះ​បាន​ប្រហារ​ជីវិត​គ្នា ប្រាកដ​ជា​បាន​សំឡាប់​គ្នា​នឹង​គ្នា វិនាស​អស់​ហើយ ដូច្នេះ ឱ​ពួក​ម៉ូអាប់​អើយ ចូរ​យើង​ទៅ​រឹប‌ជាន់​ចាប់​យក​របឹប​របស់​គេ​ចុះ

24. ដូច្នេះ ក៏​នាំ​គ្នា​ទៅ​ដល់​ទី​បោះ​ទ័ព​នៃ​ពួក​អ៊ីស្រា‌អែល តែ​ពួក​អ៊ីស្រា‌អែល​ក្រោក​ឡើង ប្រហារ​ពួក​ម៉ូអាប់​ឲ្យ​គេ​រត់​ទៅ​នៅ​មុខ​ខ្លួន ពួក​អ៊ីស្រា‌អែល​ក៏​ចេះ​តែ​ដេញ​តាម វាយ​ពួក​ម៉ូអាប់​ទៅ រហូត​ដល់​ក្នុង​ស្រុក​គេ

25. ក៏​វាយ​រំលំ​អស់​ទាំង​ទី​ក្រុង ហើយ​យក​ថ្ម​គ្រប់ៗ​គ្នា បោះ​ទៅ​ពេញ​ក្នុង​អស់​ទាំង​ស្រែ​ចំការ​ល្អ ក៏​ខ្ទប់​រន្ឋ​ទឹក​ទាំង​ប៉ុន្មាន ហើយ​កាប់​អស់​ទាំង​ដើម​ឈើ​ដែល​ល្អ​ដែរ មាន​តែ​ក្រុង​គារ-ហារ៉ា‌សែតប៉ុណ្ណោះ​ទេ ដែល​គេ​បាន​ទុក​ថ្ម​ឲ្យ​នៅ​វិញ ប៉ុន្តែ​ពួក​បាញ់​ក្រួស គេ​បាន​ឡោម‌ព័ទ្ធ​វាយ​ទី​ក្រុង​នោះ

26. កាល​ស្តេច​ម៉ូអាប់​ឃើញ​ថា ចំបាំង​ជា​ខ្លាំង​ទប់​មិន​បាន នោះ​ទ្រង់​រើស​យក​ទាហាន​៧០០​នាក់ ដែល​កាន់​ដាវ​នាំ​ទៅ​ដោយ​ប្រាថ្នា​នឹង​ទំលាយ​ចូល​ទៅ​ដល់​ស្តេច​អេដំម តែ​ធ្វើ​មិន​កើត​ទេ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 3