5. ហើយពួកទ័ពខាល់ដេដេញតាមស្តេចទាន់ នៅត្រង់វាលក្រុងយេរីខូរ ហើយពួកពលរបស់ទ្រង់ទាំងប៉ុន្មាន ក៏បែកខ្ចាត់ខ្ចាយពីទ្រង់អស់រលីង
6. គេចាប់ស្តេចនាំឡើងទៅឯស្តេចបាប៊ីឡូន នៅត្រង់រីបឡា រួចគេកាត់ទោសទ្រង់
7. ក៏សំឡាប់ពួកបុត្រារបស់សេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្រទ្រង់ ហើយដាក់ច្រវាក់លង្ហិន ដឹកនាំទ្រង់ទៅឯក្រុងបាប៊ីឡូនទៅ។
8. ដល់ថ្ងៃ៧ ខែស្រាពណ៍ គឺនៅឆ្នាំទី១៩ ក្នុងរាជ្យស្តេចនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំរបស់ស្តេចបាប៊ីឡូន បានទៅឯក្រុងយេរូសាឡិម
9. ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំង ហើយផ្ទះទាំងអស់នៅក្រុងយេរូសាឡិមទៅ លោកដុតចោលអស់ទាំងផ្ទះធំៗ
10. រួចពួកទ័ពខាល់ដេទាំងអស់ ដែលនៅជាមួយនឹងមេទ័ពធំ ក៏រំលំកំផែងក្រុងយេរូសាឡិមគ្រប់ជុំវិញ
11. ហើយសំណល់ជនដែលនៅសល់ក្នុងទីក្រុង និងពួកអ្នកដែលបានរត់ទៅពឹងស្តេចបាប៊ីឡូន និងមនុស្សឯទៀតដែលនៅៗឡើយ នោះនេប៊ូសារ៉ាដាន ក៏ដឹកនាំទៅជាឈ្លើយទាំងអស់
12. តែបានទុកពួកទាល់ក្រនៅក្នុងស្រុកឲ្យគេរក្សាចំការទំពាំងបាយជូរ ហើយធ្វើស្រែចំការវិញ។
13. រីឯសសរលង្ហិន និងជើងកំណល់ ហើយសមុទ្រលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេក៏បំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅដល់ស្រុកបាប៊ីឡូន
14. ហើយឆ្នាំង ចបចូក ដង្កៀប កូនចាន និងគ្រឿងប្រដាប់លង្ហិន ទាំងប៉ុន្មាន ដែលសំរាប់ការងារនោះគេក៏យកទៅដែរ
15. ឯជើងក្រាន និងចានក្លាំ គឺរបស់ដែលធ្វើពីមាស និងរបស់ដែលធ្វើពីប្រាក់ផង នោះមេទ័ពធំ លោកក៏យកទាំងអស់ទៅ
16. ចំណែកសសរទាំង២ និងសមុទ្រសិទ្ធ ហើយជើងកំណល់ទាំងប៉ុន្មានដែលសាឡូម៉ូនធ្វើសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើពីលង្ហិន មានទំងន់ថ្លឹងមិនបានឡើយ