4. វេលានោះពួកខ្មាំង ក៏បំបាក់ទំលាយកំផែងក្រុង១ដុំ រួចពួកទាហានទាំងអស់រត់ចេញទាំងយប់ តាមផ្លូវទ្វារដែលនៅកណ្តាលកំផែងទាំង២ ជិតច្បារស្តេច ទៅតាមផ្លូវស្រុកវាល ឯពួកខាល់ដេគេឡោមព័ទ្ធទីក្រុង
5. ហើយពួកទ័ពខាល់ដេដេញតាមស្តេចទាន់ នៅត្រង់វាលក្រុងយេរីខូរ ហើយពួកពលរបស់ទ្រង់ទាំងប៉ុន្មាន ក៏បែកខ្ចាត់ខ្ចាយពីទ្រង់អស់រលីង
6. គេចាប់ស្តេចនាំឡើងទៅឯស្តេចបាប៊ីឡូន នៅត្រង់រីបឡា រួចគេកាត់ទោសទ្រង់
7. ក៏សំឡាប់ពួកបុត្រារបស់សេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្រទ្រង់ ហើយដាក់ច្រវាក់លង្ហិន ដឹកនាំទ្រង់ទៅឯក្រុងបាប៊ីឡូនទៅ។
8. ដល់ថ្ងៃ៧ ខែស្រាពណ៍ គឺនៅឆ្នាំទី១៩ ក្នុងរាជ្យស្តេចនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំរបស់ស្តេចបាប៊ីឡូន បានទៅឯក្រុងយេរូសាឡិម
9. ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំង ហើយផ្ទះទាំងអស់នៅក្រុងយេរូសាឡិមទៅ លោកដុតចោលអស់ទាំងផ្ទះធំៗ
10. រួចពួកទ័ពខាល់ដេទាំងអស់ ដែលនៅជាមួយនឹងមេទ័ពធំ ក៏រំលំកំផែងក្រុងយេរូសាឡិមគ្រប់ជុំវិញ
11. ហើយសំណល់ជនដែលនៅសល់ក្នុងទីក្រុង និងពួកអ្នកដែលបានរត់ទៅពឹងស្តេចបាប៊ីឡូន និងមនុស្សឯទៀតដែលនៅៗឡើយ នោះនេប៊ូសារ៉ាដាន ក៏ដឹកនាំទៅជាឈ្លើយទាំងអស់
12. តែបានទុកពួកទាល់ក្រនៅក្នុងស្រុកឲ្យគេរក្សាចំការទំពាំងបាយជូរ ហើយធ្វើស្រែចំការវិញ។
13. រីឯសសរលង្ហិន និងជើងកំណល់ ហើយសមុទ្រលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេក៏បំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅដល់ស្រុកបាប៊ីឡូន
14. ហើយឆ្នាំង ចបចូក ដង្កៀប កូនចាន និងគ្រឿងប្រដាប់លង្ហិន ទាំងប៉ុន្មាន ដែលសំរាប់ការងារនោះគេក៏យកទៅដែរ
15. ឯជើងក្រាន និងចានក្លាំ គឺរបស់ដែលធ្វើពីមាស និងរបស់ដែលធ្វើពីប្រាក់ផង នោះមេទ័ពធំ លោកក៏យកទាំងអស់ទៅ
16. ចំណែកសសរទាំង២ និងសមុទ្រសិទ្ធ ហើយជើងកំណល់ទាំងប៉ុន្មានដែលសាឡូម៉ូនធ្វើសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើពីលង្ហិន មានទំងន់ថ្លឹងមិនបានឡើយ
17. សសរ១កំពស់១៨ហត្ថ ហើយក្បាលសសរលង្ហិន នៅពីលើនោះក៏កំពស់៣ហត្ថទៀត មានទាំងក្បាច់ក្រឡាអួន និងផ្លែទទឹមនៅជុំវិញ ធ្វើសុទ្ធតែពីលង្ហិនផង ឯសសរទី២ក៏ដូចគ្នា មានទាំងក្បាច់ក្រឡាអួនដែរ។
18. ឯមេទ័ពធំ លោកចាប់យកសេរ៉ាយ៉ា ជាសំដេចសង្ឃ និងសេផានា ជាសង្ឃបន្ទាប់ ហើយពួកឆ្មាំទ្វារទាំង៣នាក់
19. ក៏ចាប់យកមេទ័ពម្នាក់ពីទីក្រុង ជាអ្នកត្រួតលើពលទ័ព និងមនុស្ស៥នាក់ ជាអ្នកធ្លាប់ឃើញព្រះភក្ត្រស្តេច ដែលឃើញមាននៅក្នុងក្រុង ហើយស្មៀនរបស់មេទ័ព ជាអ្នកធ្វើបញ្ជីកត់ពួកអ្នកស្រុក ព្រមទាំងពួកអ្នកស្រុក៦០នាក់ ដែលឃើញមានក្នុងក្រុងដែរ
20. លោកនាំទៅឯស្តេចបាប៊ីឡូន នៅត្រង់រីបឡា
21. ស្តេចបាប៊ីឡូនក៏សំឡាប់អ្នកទាំងនោះ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ ដូច្នេះ ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយ ក្រៅពីស្រុករបស់ខ្លួន។
22. ឯពួកជន ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានទុកឲ្យសល់នៅក្នុងស្រុកយូដា នោះទ្រង់ក៏តាំងកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យធ្វើជាចៅហ្វាយលើគេ
23. រីឯពួកមេទ័ពទាំងប៉ុន្មាន និងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលា ឲ្យធ្វើជាចៅហ្វាយដូច្នោះ នោះគេក៏មកឯកេដាលា នៅក្រុងមីសប៉ា គឺអ៊ីសម៉ាអែល ជាកូននេថានា១ យ៉ូហាណានជាកូនការា១ សេរ៉ាយ៉ា ជាកូនថានហ៊ូមែត ជាអ្នកស្រុកនថូផា១ និងយ្អាសានា ជាកូនរបស់អ្នកស្រុកម៉ាកាធីម្នាក់១ ព្រមទាំងពួកទាហានរបស់គេផង