គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 25:23-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. រីឯ​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន និង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ី‌ឡូន​បាន​តាំង​កេដាលា ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​ដូច្នោះ នោះ​គេ​ក៏​មក​ឯ​កេដាលា នៅ​ក្រុង​មីសប៉ា គឺ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា​១ យ៉ូហា‌ណាន​ជា​កូន​ការា​១ សេរ៉ាយ៉ា ជា​កូន​ថាន‌ហ៊ូមែត ជា​អ្នក​ស្រុក​នថូផា​១ និង​យ្អាសានា ជា​កូន​របស់​អ្នក​ស្រុក​ម៉ាកាធី​ម្នាក់​១ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង

24. កេដាលា​ក៏​ស្បថ​នឹង​គេ ហើយ​នឹង​ពួក​គេ​ទាំង​ប៉ុន្មាន ដោយ​ពាក្យ​ថា កុំ​ឲ្យ​ខ្លាច ដោយ​ព្រោះ​ពួក​អ្នក​ដែល​ចុះ​ចូល​ខាង​ពួក​ខាល់ដេ​ឡើយ ចូរ​នៅ​ក្នុង​ស្រុក ហើយ​ចុះ​ចូល​ចំពោះ​ស្តេច​បាប៊ី‌ឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សុខ

25. ប៉ុន្តែ​ដល់​ខែ​អស្សុជ នោះ​អ៊ីស‌ម៉ា‌អែល កូន​នេថានា ដែល​ជា​កូន​អេលី‌សាម៉ា ជា​ពូជ​ស្តេច បាន​នាំ​មនុស្ស​១០​នាក់​មក​ជា​មួយ ប្រហារ​ជីវិត​កេដាលា​ទៅ ព្រម​ទាំង​ពួក​យូដា និង​ពួក​ខាល់ដេ ដែល​នៅ​ជា​មួយ​នឹង​លោក នៅ​ក្រុង​មីសប៉ា​ផង

26. នោះ​ពួក​បណ្តា‌ជន​ទាំង‌ឡាយ ទាំង​តូច ទាំង​ធំ និង​ពួក​មេ‌ទ័ព ក៏​នាំ​គ្នា​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ពី​ព្រោះ​គេ​ខ្លាច​ពួក​ខាល់ដេ។

27. រីឯ​នៅ​ឆ្នាំ​ទី​៣៧ ដែល​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា​នៅ​ជាប់​ជា​ឈ្លើយ​នៅ​ឡើយ ក្នុង​ថ្ងៃ​២៧​ខែ​ផល្គុណ នោះ​អេវីល-មេរូដាក ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង ហើយ​ក៏​ប្រោស​មេត្តា ដល់​យ៉ូយ៉ា‌គីន​ជា​ស្តេច​យូដា ដោះ​ចេញ​ពី​គុក នៅ​ឆ្នាំ​នោះ​ឯង

28. ក៏​មាន​ព្រះ‌បន្ទូល​នឹង​ទ្រង់ ដោយ​ផ្អែម​ពីរោះ ព្រម​ទាំង​តាំង​បល្ល័ង្ក​ទ្រង់​ឲ្យ​ខ្ពស់​ជាង​ពួក​ស្តេច ដែល​នៅ​ជា​មួយ នៅ​ក្រុង​បាប៊ី‌ឡូន​ផង

29. ហើយ​បំផ្លាស់​សំលៀក‌បំពាក់​គុក ពី​ទ្រង់​ចេញ ដូច្នេះ យ៉ូយ៉ា‌គីន​ក៏​សោយ​ព្រះ‌ស្ងោយ​នៅ​ចំពោះ​ទ្រង់​ជានិច្ច ដរាប​ដល់​អស់​ព្រះ‌ជន្ម

30. ស្តេច​បាប៊ី‌ឡូន​ក៏​ផ្គត់‌ផ្គង់​ថ្វាយ​រាល់​តែ​ថ្ងៃ​ជានិច្ច ដរាប​ដល់​អស់​ព្រះ‌ជន្ម​ទ្រង់។:៚

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 25