គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 25:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​មក សេដេគា​ទ្រង់​បះ‌បោរ​នឹង​ស្តេច​ស្រុក​បាប៊ី‌ឡូន នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​ក៏​មក នាំ​ទាំង​ពួក​ពល‌ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន មក​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ក៏​លើក​បន្ទាយ​នៅ​ព័ទ្ធ​ជុំវិញ

2. ដូច្នេះ ទី​ក្រុង​ក៏​មាន​គេ​ឡោម‌ព័ទ្ធ​ច្បាំង រហូត​ដល់​ឆ្នាំ​ទី​១១ ក្នុង​រាជ្យ​ស្តេច​សេដេគា

3. ហើយ​ដល់​ថ្ងៃ​៩ ខែ​អាសាធ នោះ​អំណត់​អត់​បាន​ខ្លាំង​ណាស់ នៅ​ក្នុង​ទី​ក្រុង ដល់​ម៉្លេះ​បាន​ជា​គ្មាន​នំបុ័ង​សំរាប់​ពួក​ជន​បរិភោគ​ឡើយ

4. វេលា​នោះ​ពួក​ខ្មាំង ក៏​បំបាក់​ទំលាយ​កំផែង​ក្រុង​១​ដុំ រួច​ពួក​ទាហាន​ទាំង​អស់​រត់​ចេញ​ទាំង​យប់ តាម​ផ្លូវ​ទ្វារ​ដែល​នៅ​កណ្តាល​កំផែង​ទាំង​២ ជិត​ច្បារ​ស្តេច ទៅ​តាម​ផ្លូវ​ស្រុក​វាល ឯ​ពួក​ខាល់ដេ​គេ​ឡោម‌ព័ទ្ធ​ទី​ក្រុង

5. ហើយ​ពួក​ទ័ព​ខាល់ដេ​ដេញ​តាម​ស្តេច​ទាន់ នៅ​ត្រង់​វាល​ក្រុង​យេរីខូរ ហើយ​ពួក​ពល​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​បែក​ខ្ចាត់​ខ្ចាយ​ពី​ទ្រង់​អស់​រលីង

6. គេ​ចាប់​ស្តេច​នាំ​ឡើង​ទៅ​ឯ​ស្តេច​បាប៊ី‌ឡូន នៅ​ត្រង់​រីបឡា រួច​គេ​កាត់​ទោស​ទ្រង់

7. ក៏​សំឡាប់​ពួក​បុត្រា​របស់​សេដេគា​នៅ​ចំពោះ​ទ្រង់ រួច​ចាក់​បង្ខូច​ព្រះ‌នេត្រ​ទ្រង់ ហើយ​ដាក់​ច្រវាក់​លង្ហិន ដឹក‌នាំ​ទ្រង់​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន​ទៅ។

8. ដល់​ថ្ងៃ​៧ ខែ​ស្រាពណ៍ គឺ​នៅ​ឆ្នាំ​ទី​១៩ ក្នុង​រាជ្យ​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន នោះ​នេប៊ូ‌សា‌រ៉ា‌ដាន ជា​មេ‌ទ័ព​ធំ​របស់​ស្តេច​បាប៊ី‌ឡូន បាន​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

9. ក៏​ដុត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង ហើយ​ផ្ទះ​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ លោក​ដុត​ចោល​អស់​ទាំង​ផ្ទះ​ធំៗ

10. រួច​ពួក​ទ័ព​ខាល់ដេ​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​មេ‌ទ័ព​ធំ ក៏​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​គ្រប់​ជុំវិញ

11. ហើយ​សំណល់​ជន​ដែល​នៅ​សល់​ក្នុង​ទី​ក្រុង និង​ពួក​អ្នក​ដែល​បាន​រត់​ទៅ​ពឹង​ស្តេច​បាប៊ី‌ឡូន និង​មនុស្ស​ឯ​ទៀត​ដែល​នៅៗ​ឡើយ នោះ​នេប៊ូ‌សា‌រ៉ា‌ដាន ក៏​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់

12. តែ​បាន​ទុក​ពួក​ទាល់​ក្រ​នៅ​ក្នុង​ស្រុក​ឲ្យ​គេ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​ធ្វើ​ស្រែ​ចំការ​វិញ។

13. រីឯ​សសរ​លង្ហិន និង​ជើង​កំណល់ ហើយ​សមុទ្រ​លង្ហិន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​ខាល់ដេ​ក៏​បំបែក​ជា​ដុំៗ ដឹក​យក​លង្ហិន​ទាំង​នោះ​ទៅ​ដល់​ស្រុក​បាប៊ី‌ឡូន

14. ហើយ​ឆ្នាំង ចប‌ចូក ដង្កៀប កូន​ចាន និង​គ្រឿង​ប្រដាប់​លង្ហិន ទាំង​ប៉ុន្មាន ដែល​សំរាប់​ការ‌ងារ​នោះ​គេ​ក៏​យក​ទៅ​ដែរ

15. ឯ​ជើង‌ក្រាន និង​ចាន‌ក្លាំ គឺ​របស់​ដែល​ធ្វើ​ពី​មាស និង​របស់​ដែល​ធ្វើ​ពី​ប្រាក់​ផង នោះ​មេ‌ទ័ព​ធំ លោក​ក៏​យក​ទាំង​អស់​ទៅ

16. ចំណែក​សសរ​ទាំង​២ និង​សមុទ្រ​សិទ្ធ ហើយ​ជើង​កំណល់​ទាំង​ប៉ុន្មាន​ដែល​សាឡូ‌ម៉ូន​ធ្វើ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​បាន​ធ្វើ​ពី​លង្ហិន មាន​ទំងន់​ថ្លឹង​មិន​បាន​ឡើយ

17. សសរ​១​កំពស់​១៨​ហត្ថ ហើយ​ក្បាល​សសរ​លង្ហិន នៅ​ពី​លើ​នោះ​ក៏​កំពស់​៣​ហត្ថ​ទៀត មាន​ទាំង​ក្បាច់​ក្រឡា​អួន និង​ផ្លែ​ទទឹម​នៅ​ជុំវិញ ធ្វើ​សុទ្ធ​តែ​ពី​លង្ហិន​ផង ឯ​សសរ​ទី​២​ក៏​ដូច​គ្នា មាន​ទាំង​ក្បាច់​ក្រឡា​អួន​ដែរ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 25