គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 23:11-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ទ្រង់​បំបាត់​សេះ​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​យូដា បាន​ថ្វាយ​ដល់​ព្រះ‌អាទិត្យ​ដែល​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក្បែរ​បន្ទប់​របស់​នេថាន-មេលេក ជា​មេ​ដែល​នៅ​តំបន់​ក្រៅ ហើយ​ក៏​ដុត​រថ​នៃ​ព្រះ‌អាទិត្យ​ចោល

12. ឯ​អាស‌នា​ដែល​ពួក​ស្តេច​យូដា​បាន​ធ្វើ នៅ​លើ​ដំបូល​បន្ទប់​ខាង​លើ​របស់​អ័ហាស និង​អាស‌នា​ដែល​ម៉ាន៉ាសេ បាន​ធ្វើ​នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ស្តេច​ក៏​បំបែក​បំបាក់​យក​ចេញ​ពី​នោះ បោះ​ចោល​ផង់​កំទេច​ទៅ​ក្នុង​ជ្រោះ​កេដ្រុន​ទៅ

13. ហើយ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​មុខ​ក្រុង​យេរូ‌សាឡិម គឺ​នៅ​ខាង​ស្តាំ​ភ្នំ​អសោច ដែល​សាឡូ‌ម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល បាន​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ស៊ីដូន និង​ថ្វាយ​ដល់​ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ម៉ូអាប់ ហើយ​ថ្វាយ​ដង្វាយ​ដល់​ព្រះ‌មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​អាំម៉ូន នោះ​ស្តេច​ទ្រង់​ក៏​ធ្វើ​បង្អាប់​ទាំង​អស់​ដែរ

14. ក៏​បំបាក់​បំបែក​អស់​ទាំង​បង្គោល ដែល​សំរាប់​គោរព ហើយ​រំលំ​រូប​ព្រះ រួច​យក​ឆ្អឹង​មនុស្ស​មក​រាយ​ពេញ​កន្លែង​នោះ។

15. ឯ​អាស‌នា​ដែល​នៅ​ត្រង់​ក្រុង​បេត-អែល និង​ទី​ខ្ពស់ ដែល​យេរ៉ូ‌បោម កូន​នេបាត ជា​អ្នក​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប បាន​ធ្វើ ទ្រង់​ក៏​បំបែក​បំបាក់​អាស‌នា និង​ទី​ខ្ពស់ ព្រម​ទាំង​ដុត​ទី​ខ្ពស់​នោះ វាយ​កំទេច​ជា​ផង់​ធូលី ហើយ​ដុត​រូប​ព្រះ​ផង

16. កាល​យ៉ូសៀស​បែរ​ទត​ទៅ នោះ​ក៏​ឃើញ​ផ្នូរ​ខ្មោច​នៅ​ភ្នំ រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​យក​ឆ្អឹង​ពី​ផ្នូរ​ទាំង​នោះ មក​ដុត​លើ​អាស‌នា ធ្វើ​បង្អាប់​ដល់​អាស‌នា​នោះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រកាស​ទុក គឺ​ជា​អ្នក​ដែល​បាន​ទាយ​ប្រាប់​ពី​ការ​ទាំង​នោះ

17. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ម៉ុង​អី ដែល​អញ​ឃើញ​ឯ​ណោះ ពួក​អ្នក​ក្រុង​នោះ​គេ​ទូល​ឆ្លើយ​ថា នោះ​គឺ​ជា​ម៉ុង​នៃ​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា ហើយ​បាន​ទាយ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​សំរេច​ដល់​អាស‌នា​បេត-អែល​នេះ

18. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទុក​ចុះ កុំ​ឲ្យ​អ្នក​ណា​ទៅ​រើ​ឆ្អឹង​គាត់​ឡើយ ដូច្នេះ គេ​ក៏​ទុក​ឆ្អឹង​គាត់​នៅ ព្រម​ទាំង​ឆ្អឹង​នៃ​ហោរា ដែល​មក​ពី​សាម៉ារី​នោះ​ដែរ

19. ហើយ​អស់​ទាំង​វិហារ​នៃ​ទី​ខ្ពស់ ក្នុង​ទី​ក្រុង​នៃ​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្តី​ក្រោធ នោះ​ស្តេច​យ៉ូសៀស ក៏​បំបាត់​ចេញ ព្រម​ទាំង​ធ្វើ​ដល់​ទី​ទាំង​នោះ​តាម​គ្រប់​ទាំង​សេចក្តី ដែល​ទ្រង់​បាន​ធ្វើ​នៅ​ត្រង់​បេត-អែល​ដែរ

20. ទ្រង់​សំឡាប់​ពួក​សង្ឃ​ទាំង​អស់​នៃ​ទី​ខ្ពស់ ដែល​នៅ​ក្នុង​ស្រុក​នោះ​នៅ​លើ​អាស‌នា ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច នៅ​លើ​អាស‌នា​នោះ​ផង រួច​ទ្រង់​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

21. ស្តេច​ទ្រង់​បង្គាប់​ដល់​បណ្តា‌ជន​ទាំង‌ឡាយ​ថា ចូរ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច​ជា​បាន​ចែង​ទុក​មក​ក្នុង​គម្ពីរ​សញ្ញា​នេះ​ចុះ

22. ពិត​ប្រាកដ​ជា​មិន​ដែល​មាន​បុណ្យ​រំលង​យ៉ាង​នោះ​ឡើយ ចាប់​តាំង​ពី​គ្រា​ពួក​ចៅ‌ហ្វាយ ជា​អ្នក​ដែល​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រា‌អែល​រហូត​មក​ដល់​គ្រា​ពួក​ស្តេច​អ៊ីស្រា‌អែល និង​ពួក​ស្តេច​យូដា​ទាំង​ប៉ុន្មាន​ផង

23. គឺ​នៅ​ឆ្នាំ​ទី​១៨ នៃ​រាជ្យ​ស្តេច​យ៉ូសៀស​ដែល​គេ​ធ្វើ​បុណ្យ​រំលង​នោះ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ក្រុង​យេរូ‌សាឡិម។

24. មួយ​ទៀត យ៉ូសៀស​ក៏​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំង​រូប​ឆ្លាក់ និង​ព្រះ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​សេចក្តី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ចេញ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សំដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

25. នៅ​មុន​ទ្រង់​នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់ ដែល​បាន​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹម ហើយ​អស់​ពី​កំឡាំង តាម​គ្រប់​ទាំង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ឡើយ ហើយ​កាល​ក្រោយ​ទ្រង់​មក ក៏​មិន​ដែល​កើត​មាន​ដែរ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 23