គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 2:12-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. អេលី‌សេ​ក៏​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នុ៎ះន៏ ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល​ហើយ រួច​លោក​មិន​បាន​ឃើញ​អេលីយ៉ា​ទៀត​ឡើយ នោះ​លោក​ចាប់​អាវ​ខ្លួន​ហែក​ចេញ​ជា​២​ផ្នែក

13. ក៏​រើស​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​ចុះ​មក វិល​ត្រឡប់​ទៅ​វិញ ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់

14. ហើយ​ក៏​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​មក​ពី​លោក​នោះ ទៅ​វាយ​ទឹក ដោយ​ពាក្យ​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អេលីយ៉ា ទ្រង់​គង់​នៅ​ឯ​ណា កាល​បាន​វាយ​ទឹក​ហើយ នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​អេលី‌សេ​ឆ្លង​ផុត​ទៅ។

15. លុះ​កាល​ពួក​សិស្ស​របស់​ពួក​ហោរា ពី​ក្រុង​យេរីខូរ ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង បាន​ឃើញ​ហើយ នោះ​ក៏​ថា វិញ្ញាណ​របស់​អេលីយ៉ា បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ រួច​គេ​មក​ទទួល​លោក ក៏​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក

16. គេ​ជំរាប​លោក​ថា មើល មាន​មនុស្ស​ខ្លាំង​ពូកែ​៥០​នាក់ នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​នេះ ដូច្នេះ សូម​ឲ្យ​គេ​ទៅ​រក​គ្រូ​របស់​លោក​ចុះ ក្រែង​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​លើក​លោក​ឡើង ទៅ​បោះ​ចោល​លើ​ភ្នំ​ណា ឬ​ក្នុង​ច្រក​ណា​១ តែ​លោក​ប្រកែក​ថា កុំ​ឲ្យ​ប្រើ​គេ​ទៅ​ឡើយ

17. តែ​ដោយ​គេ​ចេះ​តែ​ទទូច​សូម ទាល់​តែ​លោក​បាន​ខ្មាស បាន​ជា​លោក​បណ្តោយ​ទៅ​ថា ចូរ​ឲ្យ​គេ​ទៅ​ចុះ ដូច្នេះ គេ​ក៏​ប្រើ​៥០​នាក់​នោះ​ឲ្យ​ទៅ ហើយ​គេ​រក​លោក​អស់​៣​ថ្ងៃ​ឥត​ឃើញ​សោះ

18. រួច​គេ​វិល​ត្រឡប់​មក​ឯ​អេលី‌សេ​វិញ ដែល​លោក​រង់‌ចាំ​នៅ​ក្រុង​យេរីខូរ ហើយ​លោក​មាន​ប្រសាសន៍​ថា តើ​ខ្ញុំ​មិន​បាន​ប្រាប់​ថា កុំ​ឲ្យ​ទៅ​ឡើយ​ទេ​ឬ​អី។

19. រួច​មក ពួក​មនុស្ស​នៅ​ទី​ក្រុង​នោះ ក៏​និយាយ​នឹង​អេលី‌សេ​ថា សូម​ទាន​លោក​មើល កន្លែង​សង់​ទី​ក្រុង​នេះ​សប្បាយ ដូច​ជា​លោក​ម្ចាស់​ឃើញ​ហើយ ប៉ុន្តែ​ទឹក​មិន​ល្អ​ទេ ហើយ​ដី​ក៏​មិន​កើត​ផល​ផង

20. ដូច្នេះ លោក​ប្រាប់​ថា ចូរ​យក​ក្អម​ថ្មី​១​មក​ឲ្យ​ខ្ញុំ ហើយ​ដាក់​អំបិល​ផង គេ​ក៏​យក​មក

21. រួច​លោក​ចេញ​ទៅ​ចាក់​អំបិល​នោះ ទៅ​ក្នុង​រន្ធ​ទឹក​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​កែ​ទឹក​នេះ ឲ្យ​បាន​ល្អ​ឡើង​វិញ​ហើយ ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​អ្វី​ស្លាប់​ឬ​ឥត​ផល ដោយ​ព្រោះ​ទឹក​នេះ​ទៀត​ឡើយ

22. ដូច្នេះ ទឹក​នោះ​ក៏​បាន​ប្រែ​ជា​ល្អ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច​ជា​ពាក្យ​ដែល​អេលី‌សេ​បាន​ពោល។

23. លោក​ក៏​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ឯ​ក្រុង​បេត-អែល កាល​លោក​កំពុង​តែ​ឡើង​តាម​ផ្លូវ​ទៅ នោះ​មាន​ពួក​ក្មេង​ជំទង់​ប្រុសៗ ចេញ​ពី​ទី​ក្រុង​មក ពោល​មើល‌ងាយ​ដល់​លោក​ថា អា​ទំពែក​អើយ ចូរ​ឡើង​ទៅ​ចុះ អា​ទំពែក​អើយ ចូរ​ឡើង​ទៅ​ចុះ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 2