គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 2:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​មក ក្នុង​គ្រា​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​លើក​អេលីយ៉ា ឡើង​ទៅ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច នោះ​អេលីយ៉ា និង​អេលី‌សេ ក៏​ចេញ​ពី​ក្រុង​គីល‌កាល​ទៅ​ជា​មួយ​គ្នា

2. ឯ​អេលីយ៉ា លោក​ប្រាប់​ដល់​អេលី‌សេ​ថា ចូរ​ឯង​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​អញ ឲ្យ​ទៅ​ឯ​ក្រុង​បេត-អែល តែ​អេលី‌សេ​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​រស់​នៅ​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ចុះ​ទៅ​ឯ​បេត-អែល

3. រីឯ​ពួក​សិស្ស​របស់​ពួក​ហោរា ដែល​នៅ​ក្រុង​បេត-អែល គេ​ចេញ​មក​សួរ​អេលី‌សេ​ថា តើ​លោក​ជ្រាប​ថា​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​លោក ពី​មុខ​លោក​ចេញ​ឬ​ទេ គាត់​ឆ្លើយ​ថា អើ ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ

4. អេលីយ៉ា​ក៏​ប្រាប់​គាត់​ថា អេលី‌សេ​អើយ សូម​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ក្រុង​យេរីខូរ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ទៅ​ដល់​យេរីខូរ

5. រីឯ​ពួក​សិស្ស​របស់​ពួក​ហោរា ដែល​នៅ​ក្រុង​យេរីខូរ គេ​មក​សួរ​អេលី‌សេ​ថា តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​លោក​ពី​មុខ​លោក​ទៅ​ឬ​ទេ គាត់​ឆ្លើយ​ថា អើ ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ

6. រួច​អេលីយ៉ា​ប្រាប់​គាត់​ថា សូម​ឲ្យ​ឯង​រង់‌ចាំ​នៅ​ទី​នេះ​សិន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ទន្លេ​យ័រដាន់ តែ​គាត់​ប្រកែក​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដ៏​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ ដូច្នេះ អ្នក​ទាំង​២​ក៏​ដើរ​ត​ទៅ

7. មាន​ពួក​សិស្ស​៥០​នាក់​នៃ​ពួក​ហោរា ក៏​តាម​ទៅ​ឈរ​មើល​ពី​ចំងាយ តែ​អ្នក​ទាំង​២​ក៏​ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់

8. ឯ​អេលីយ៉ា​លោក​យក​ក្រមា​របស់​លោក​បត់​វាយ​ទឹក នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ឲ្យ​លោក​ទាំង​២​បាន​ដើរ​ឆ្លង​ទៅ​នៅ​ដី​គោក

9. កាល​បាន​ឆ្លង​ទៅ​ផុត​ហើយ នោះ​អេលីយ៉ា​ប្រាប់​អេលី‌សេ​ថា ចូរ​ឲ្យ​ឯង​សូម​អ្វីៗ​ដែល​ចង់​ឲ្យ​អញ​ធ្វើ​សំរាប់​ឯង ក្នុង​ពេល​មុន​ដែល​ព្រះ​បាន​លើក​អញ​ឡើង​ពី​ឯង​ទៅ អេលី‌សេ​ឆ្លើយ​ថា សូម​ឲ្យ​វិញ្ញាណ​របស់​លោក​បាន​សណ្ឋិត​លើ​ខ្ញុំ ដល់​ទៅ​២​ភាគ​ផង

10. លោក​មាន​ប្រសាសន៍​ថា ឯង​បាន​សូម​សេចក្តី​យ៉ាង​ពិបាក ប៉ុន្តែ​បើ​ឯង​ឃើញ​អញ ក្នុង​កាល​ដែល​ព្រះ​លើក​អញ​ឡើង​ពី​ឯង​ទៅ នោះ​នឹង​បាន​ដូច​ប្រាថ្នា បើ​មិន​បាន​ឃើញ​វិញ នោះ​មិន​បាន​ទេ

11. រួច​កំពុង​ដែល​អ្នក​ទាំង​២​ដើរ​ទៅ ហើយ​និយាយ​គ្នា​ទៀត នោះ​ស្រាប់​តែ​ឃើញ​រថ​ជា​ភ្លើង និង​សេះ​ជា​ភ្លើង មក​ញែក​លោក​ចេញ​ពី​គ្នា ហើយ​អេលីយ៉ា​ក៏​ឡើង​ទៅ​ឯ​ស្ថាន​សួគ៌ ដោយ​ខ្យល់​កួច

12. អេលី‌សេ​ក៏​បាន​ឃើញ ហើយ​ស្រែក​ឡើង​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នុ៎ះន៏ ព្រះ‌រាជ‌រថ និង​ទ័ព​សេះ​របស់​ពួក​អ៊ីស្រា‌អែល​ហើយ រួច​លោក​មិន​បាន​ឃើញ​អេលីយ៉ា​ទៀត​ឡើយ នោះ​លោក​ចាប់​អាវ​ខ្លួន​ហែក​ចេញ​ជា​២​ផ្នែក

13. ក៏​រើស​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​ចុះ​មក វិល​ត្រឡប់​ទៅ​វិញ ឈរ​នៅ​មាត់​ទន្លេ​យ័រដាន់

14. ហើយ​ក៏​យក​ក្រមា​របស់​អេលីយ៉ា ដែល​ជ្រុះ​មក​ពី​លោក​នោះ ទៅ​វាយ​ទឹក ដោយ​ពាក្យ​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អេលីយ៉ា ទ្រង់​គង់​នៅ​ឯ​ណា កាល​បាន​វាយ​ទឹក​ហើយ នោះ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា ហើយ​អេលី‌សេ​ឆ្លង​ផុត​ទៅ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 2