គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 18:16-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. វេលា​នោះ​ហេសេគា​ក៏​កាត់​យក​មាស​ពី​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សសរ​ដែល​ទ្រង់​បាន​ស្រោប​ទៅ​ថ្វាយ​ដល់​ស្តេច​អាស‌ស៊ើរ​ដែរ។

17. ឯ​ស្តេច​អាស‌ស៊ើរ​ទ្រង់​ចាត់​ថើថាន និង​រ៉ាប-សារី ហើយ​រ៉ាបសាកេ ពី​ក្រុង​ឡាគីស នាំ​ទាំង​ពល‌ទ័ព​ជា​ច្រើន ឲ្យ​ទៅ​ឯ​ហេសេគា នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​ឡើង​ទៅ កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​គេ​ឈរ​ក្បែរ​ប្រឡាយ​នៃ​ស្រះ​ខាង​លើ ដែល​នៅ​តាម​ផ្លូវ​វាល​នៃ​ជាង​ប្រមោក

18. កាល​បាន​ហៅ​រក​ស្តេច នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ​ក៏​ចេញ​ទៅ​ឯ​គេ។

19. រ៉ាបសាកេ​ប្រាប់​គេ​ថា ចូរ​ទៅ​ប្រាប់​ដល់​ហេសេគា​ថា ស្តេច​ដ៏​ជា​ធំ គឺ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ទី​ពឹង​ណា​ដែល​ឯង​ទុក​ចិត្ត​នេះ

20. ឯង​និយាយ​ថា យើង​មាន​គំនិត មាន​កំឡាំង ដើម្បី​នឹង​ច្បាំង​បាន (តែ​ពាក្យ​ឯង​ជា​ឥត​អំពើ​សោះ) ចុះ​តើ​ឯង​ពឹង​ដល់​អ្នក​ណា បាន​ជា​ឯង​បះ‌បោរ​នឹង​អញ​ដូច្នេះ

21. មើល ឯង​ពឹង​ដល់​ស្រុក​អេស៊ីព្ទ ជា​ដើម​ត្រែង​កំបាក់​នោះ ទុក​ជា​ឈើ​ច្រត់ ដែល​បើ​កាល​ណា​ផ្អែក​ទៅ​លើ នោះ​នឹង​ចាក់​ទំលុះ​ដៃ​វិញ គឺ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ គេ​បែប​យ៉ាង​នោះ ដល់​អស់​អ្នក​ណា​ដែល​ពឹង​ដល់​គេ

22. តែ​បើ​ឯង​រាល់​គ្នា​និយាយ​មក​អញ​ថា យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​វិញ នោះ​តើ​មិន​មែន​ជា​ព្រះ​នោះ​ឯង ដែល​ហេសេគា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាស‌នា​នៃ​ទ្រង់​ចេញ​ទេ​ឬ​អី ដោយ​ប្រាប់​ដល់​ពួក​សាសន៍​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាស‌នា​១​នេះ នៅ​ក្រុង​យេរូ‌សាឡិម​វិញ

23. ដូច្នេះ ចូរ​ឯង​ចុះ​សន្យា​នឹង​ស្តេច​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​អញ​ឥឡូវ​ចុះ នោះ​អញ​នឹង​ឲ្យ​សេះ​២​ពាន់​ដល់​ឯង បើ​ឯង​រក​អ្នក​ជិះ​បាន

24. បើ​ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ឈ្នះ​មេ‌ទ័ព​១​យ៉ាង​តូច ក្នុង​ពួក​អ្នក​បំរើ​របស់​ចៅ‌ហ្វាយ​អញ​បាន ហើយ​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ ឲ្យ​បាន​រទេះ​ចំបាំង និង​ទ័ព​សេះ​ទៀត

25. តើ​អញ​បាន​ឡើង​មក ដើម្បី​ច្បាំង​បំផ្លាញ​ទី​នេះ ដោយ​ឥត​ព្រះ‌យេហូវ៉ា​ឬ​អី គឺ​ព្រះ‌យេហូវ៉ា​ទេ​តើ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​បង្គាប់​អញ​ថា ចូរ​ឡើង​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​នេះ​ចុះ។

26. ឯ​អេលា‌គីម ជា​កូន​ហ៊ីល‌គីយ៉ា និង​សេបណា ហើយ​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសាកេ​ថា សូម​លោក​មាន​ប្រសាសន៍​ជា​ភាសា​អារ៉ាម មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​របស់​ពួក​យូដា ឲ្យ​ពួក​បណ្តា‌ជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ផង​នោះ​ឡើយ

27. តែ​រ៉ាបសាកេ​តប​ថា ចុះ​តើ​ចៅ‌ហ្វាយ​អញ​បាន​ចាត់​អញ ឲ្យ​មក​និយាយ​សេចក្តី​ទាំង​នេះ ចំពោះ​តែ​នឹង​ចៅ‌ហ្វាយ​ឯង ហើយ​នឹង​ខ្លួន​ឯង​ប៉ុណ្ណោះ​ឬ​អី គឺ​បាន​ចាត់​អញ ឲ្យ​មក​និយាយ​នឹង​មនុស្ស ដែល​អង្គុយ​នៅ​លើ​កំផែង​វិញ​ទេ​តើ ដើម្បី​ឲ្យ​គេ​បាន​ស៊ី​លាមក ហើយ​ផឹក​ទឹក​នោម​របស់​ខ្លួន ជា​មួយ​នឹង​ឯង​ដែរ

28. នោះ​រ៉ាបសាកេ​ក៏​ឈរ​បន្លឺ​ឡើង ជា​ភាសា​របស់​ពួក​សាសន៍​យូដា ប្រាប់​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ស្តេច​ដ៏​ជា​ធំ​ឧត្តម គឺ​ស្តេច​អាស‌ស៊ើរ​ចុះ

29. ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​បណ្តោយ​ឲ្យ​ហេសេគា​បញ្ឆោត​ឯង​រាល់​គ្នា​ឡើយ ដ្បិត​វា​ពុំ​អាច​នឹង​ជួយ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ទេ

30. ក៏​កុំ​ឲ្យ​ហេសេគា​នាំ​ឲ្យ​ឯង​រាល់​គ្នា ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដោយ​ថា ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា រួច​ជា​មិន​ខាន ហើយ​ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ

31. កុំ​ឲ្យ​ស្តាប់​តាម​ហេសេគា​ឲ្យ​សោះ ដ្បិត​ស្តេច​អាស‌ស៊ើរ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ចង​ជា​ស្ពាន​មេត្រី​នឹង​អញ ហើយ​ចេញ​មក​ឯ​អញ​ចុះ នោះ​គ្រប់​គ្នា​នឹង​បាន​ស៊ី​ផល​ចំការ​ទំពាំង‌បាយ‌ជូរ និង​ផល​ដើម​ល្វា ហើយ​ផឹក​ទឹក​អណ្តូង​របស់​ខ្លួន​គ្រប់​គ្នា

32. ដរាប​ដល់​អញ​មក​នាំ​យក​ឯង​រាល់​គ្នា​ទៅ​នៅ​ឯ​ស្រុក​១ ដូច​ជា​ស្រុក​របស់​ឯង​នេះ ជា​ស្រុក​មាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ ហើយ​នំបុ័ង ព្រម​ទាំង​ចំការ​ទំពាំង‌បាយ‌ជូរ ចំការ​អូលីវ​ហើយ​នឹង​ទឹក​ឃ្មុំ​ផង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រស់​នៅ​ឥត​ស្លាប់ កុំ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​តាម​ហេសេគា ដែល​វា​បញ្ចុះ​បញ្ចូល​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ឲ្យ​រួច​នោះ​ឡើយ

33. តើ​មាន​ព្រះ​របស់​សាសន៍​ដទៃ​ណា ដែល​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​បាន

34. តើ​ព្រះ​នៃ​ពួក​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ​នៅ​ឯ​ណា ហើយ​ព្រះ​របស់​ពួក​ក្រុង​សេផា‌វែម ពួក​ក្រុង​ហេណា និង​ពួក​ក្រុង​អ៊ីវ៉ា នោះ​តើ​ព្រះ​ទាំង​នោះ​នៅ​ឯ​ណា តើ​បាន​ជួយ​ឲ្យ​ស្រុក​សាម៉ារី​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឬ​ទេ

35. ក្នុង​បណ្តា​ព្រះ​របស់​ស្រុក​ទាំង​ប៉ុន្មាន​នោះ តើ​មាន​ព្រះ​ណា​ដែល​ជួយ​ឲ្យ​ស្រុក​គេ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន បាន​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ដែរ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 18