គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 18:11-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​ក៏​ដឹក‌នាំ​ពួក​អ៊ីស្រា‌អែល ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា ដែល​នៅ​មាត់​ទន្លេ​ហាបោរ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ

12. ដោយ​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ គឺ​បាន​រំលង​សេចក្តី​សញ្ញា​នៃ​ទ្រង់ ជា​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​លោក​ម៉ូសេ ជា​អ្នក​បំរើ​ព្រះ‌យេហូវ៉ា បាន​បង្គាប់​មក គេ​មិន​ព្រម​ស្តាប់ ឬ​ធ្វើ​តាម​សញ្ញា​នោះ​ឡើយ។

13. ដល់​ឆ្នាំ​ទី​១៤ ក្នុង​រាជ្យ​ស្តេច​ហេសេគា នោះ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​ឡើង​មក​ច្បាំង​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​កំផែង​នៅ​ស្រុក​យូដា

14. ឯ​ហេសេគា ជា​ស្តេច​យូដា ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អាស‌ស៊ើរ នៅ​ត្រង់​ក្រុង​ឡាគីស​ថា ទូល‌បង្គំ​បាន​ធ្វើ​ខុស​ហើយ សូម​ទ្រង់​ថយ​ចេញ​ពី​ទូល‌បង្គំ​ទៅ ទូល‌បង្គំ​នឹង​ទទួល​រ៉ាប់រង​តាម​បង្គាប់​របស់​ទ្រង់​ទាំង​អស់ ដូច្នេះ ស្តេច​អាស‌ស៊ើរ​ក៏​បង្គាប់ ឲ្យ​ហេសេគា ជា​ស្តេច​ស្រុក​យូដា បង់​ប្រាក់​៣០០​ហាប និង​មាស​៣០​ហាប

15. ហេសេគា​ក៏​យក​ប្រាក់​ទាំង​អស់ ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន ទៅ​ថ្វាយ​ដល់​ទ្រង់

16. វេលា​នោះ​ហេសេគា​ក៏​កាត់​យក​មាស​ពី​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សសរ​ដែល​ទ្រង់​បាន​ស្រោប​ទៅ​ថ្វាយ​ដល់​ស្តេច​អាស‌ស៊ើរ​ដែរ។

17. ឯ​ស្តេច​អាស‌ស៊ើរ​ទ្រង់​ចាត់​ថើថាន និង​រ៉ាប-សារី ហើយ​រ៉ាបសាកេ ពី​ក្រុង​ឡាគីស នាំ​ទាំង​ពល‌ទ័ព​ជា​ច្រើន ឲ្យ​ទៅ​ឯ​ហេសេគា នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​ឡើង​ទៅ កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​គេ​ឈរ​ក្បែរ​ប្រឡាយ​នៃ​ស្រះ​ខាង​លើ ដែល​នៅ​តាម​ផ្លូវ​វាល​នៃ​ជាង​ប្រមោក

18. កាល​បាន​ហៅ​រក​ស្តេច នោះ​អេលា‌គីម កូន​ហ៊ីល‌គីយ៉ា ជា​ឧកញ៉ា​វាំង និង​សេបណា ជា​ស្មៀន​ហ្លួង ហើយ​យ៉ូអា កូន​អេសាភ ជា​អ្នក​តែង​ពង្សាវតារ​ក៏​ចេញ​ទៅ​ឯ​គេ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 18