គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 18:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​ហូស៊ា ជា​បុត្រ​អេឡា ស្តេច​អ៊ីស្រា‌អែល នោះ​ហេសេគា ជា​បុត្រ​អ័ហាស ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

2. កាល​ទ្រង់​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៩​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​អ័ប៊ីយ៉ា បុត្រី​សាការី

3. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​សេចក្តី ដែល​ដាវីឌ ជា​អយ្យកោ​ទ្រង់​បាន​ធ្វើ​ដែរ

4. ទ្រង់​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ ក៏​បំបាក់​បំបែក​បង្គោល​ដែល​សំរាប់​គោរព រំលំ​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល ហើយ​បំបែក​កំទេច​ពស់​លង្ហិន​ដែល​លោក​ម៉ូសេ​បាន​ធ្វើ​ផង ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដុត​កំញាន ថ្វាយ​ដល់​រូប​ពស់​នោះ ដរាប​ដល់​គ្រា​នោះ​ក៏​ឲ្យ​ឈ្មោះ​ថា នេហ៊ូស‌ថាន់

5. ទ្រង់​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដល់​ម៉្លេះ​បាន​ជា​ក្នុង​ពួក​ស្តេច​យូដា​ក្រោយ​មក នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ហើយ​មុន​ទ្រង់​គ្មាន​ដែរ

6. ដ្បិត​ទ្រង់​កាន់​ខ្ជាប់​តាម​ព្រះ‌យេហូវ៉ា ឥត​លះ‌បង់​លែង​តាម​ទ្រង់​ឡើយ គឺ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ

7. ព្រះ‌យេហូវ៉ា​ក៏​គង់​ជា​មួយ​នឹង​ទ្រង់​ដែរ ហើយ​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ នោះ​ក៏​បាន​កើត​ការ ទ្រង់​បះ‌បោរ លែង​ចុះ​ចូល​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ

8. ទ្រង់​វាយ​ពួក​ភីលីស្ទីន រហូត​ដល់​ក្រុង​កាសា និង​ខែត្រ​ដែល​នៅ​ជុំវិញ ចាប់​ជុំវិញ​តាំង​ពី​ភូមិ​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ទី​ក្រុង​មាន​កំផែង។

9. នៅ​ឆ្នាំ​ទី​៤ ក្នុង​រាជ្យ​ស្តេច​ហេសេគា ត្រូវ​នឹង​ឆ្នាំ​ទី​៧​នៃ​រាជ្យ​ហូស៊ា ជា​បុត្រ​អេឡា ស្តេច​អ៊ីស្រា‌អែល នោះ​សាល‌ម៉ា‌នេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​ឡើង​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 18