គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 17:31-41 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. ពួក​ក្រុង​អាវ៉ា គេ​ធ្វើ​ព្រះ​នីបហាស និង​ព្រះ​ថើថាក ហើយ​ពួក​សេផា‌វែម គេ​ដុត​កូន​របស់​គេ​ក្នុង​ភ្លើង ថ្វាយ​ព្រះ​អ័ឌរ៉ា‌ម៉ា‌លេក និង​ព្រះ​អ័ណា‌ម៉ា‌លេក ជា​ព្រះ​របស់​ពួក​សេផា‌វែម​នោះ

32. យ៉ាង​នោះ គេ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តាំង​ពួក​គេ​ខ្លះ​ឡើង ឲ្យ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់ សំរាប់​ខ្លួន​គេ​ផង ពួក​សង្ឃ​នោះ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ នៅ​ក្នុង​អស់​ទាំង​វិហារ​នៃ​ទី​ខ្ពស់​ទាំង​នោះ

33. គេ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ផង ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​របស់​ខ្លួន​ផង តាម​ទំលាប់​របស់​សាសន៍​ទាំង​ប៉ុន្មាន នៅ​ស្រុក​កំណើត​គេ​រៀង​ខ្លួន

34. គេ​នៅ​តែ​ប្រព្រឹត្ត​តាម​បែប​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គេ​មិន​មែន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ពិត​ទេ ហើយ​មិន​មែន​ប្រព្រឹត្ត​តាម​បញ្ញត្ត​តាម​វិន័យ​របស់​ខ្លួន​គេ​ដែរ ឬ​តាម​ច្បាប់ និង​ក្រឹត្យ‌ក្រម ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ដល់​ពួក​កូន​ចៅ​យ៉ាកុប ជា​អ្នក​ដែល​ទ្រង់​ឲ្យ​ឈ្មោះ​ថា អ៊ីស្រា‌អែល នោះ​ផង

35. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​តាំង​សេចក្តី​សញ្ញា​នឹង​ពួក​កូន​ចៅ​យ៉ាកុប​នោះ ហើយ​ហាម​ថា ឯង​រាល់​គ្នា​មិន​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ​ដទៃ​ឡើយ ក៏​មិន​ត្រូវ​ក្រាប​គោរព​ដល់​ព្រះ​ទាំង​នោះ ឬ​ប្រតិ‌បត្តិ​តាម ឬ​ថ្វាយ​យញ្ញ‌បូជា​ដល់​វា​ដែរ

36. គឺ​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​តែ​១​ប៉ុណ្ណោះ ដែល​ទ្រង់​បាន​នាំ​ឯង​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ និង​ព្រះ‌ហស្ត​លើក​សំរេច ហើយ​ត្រូវ​ក្រាប​គោរព​ដល់​ទ្រង់ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​របស់​ឯង​ដល់​ទ្រង់​តែ​១​ព្រះ‌អង្គ​ប៉ុណ្ណោះ

37. ឯ​អស់​ទាំង​បញ្ញត្ត និង​វិន័យ ហើយ​ច្បាប់ និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​កត់​ទុក​ឲ្យ​ឯង​រាល់​គ្នា នោះ​ត្រូវ​រក្សា​ទុក ហើយ​ប្រព្រឹត្ត​តាម​ជា​ដរាប​ត​ទៅ ឥត​កោត‌ខ្លាច​ដល់​ព្រះ​ដទៃ​ឡើយ

38. ក៏​មិន​ត្រូវ​ភ្លេច​សេចក្តី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ឯង​រាល់​គ្នា​ដែរ គឺ​មិន​ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​ដទៃ​ណា​ឲ្យ​សោះ

39. ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ នោះ​ទ្រង់​នឹង​ជួយ​ឲ្យ​ឯង​រាល់​គ្នា​រួច​ពី​កណ្តាប់​ដៃ នៃ​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់

40. ប៉ុន្តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ប្រព្រឹត្ត​តាម​តែ​បែប​ដើម​នោះ​វិញ

41. យ៉ាង​នោះ​ហើយ​ដែល​សាសន៍​ទាំង​នោះ​បាន​កោត‌ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ផង ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ឆ្លាក់​របស់​ខ្លួន​គេ​ផង ឯ​កូន​ចៅ​របស់​គេ នោះ​ក៏​ប្រព្រឹត្ត​ដូច​ជា​ឪពុក​រៀង​ត​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 17