គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 17:18-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ដោយ​ហេតុ​នោះ បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្តី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ចំពោះ​ពួក​អ៊ីស្រា‌អែល ក៏​រើ​គេ​ចេញ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ទៅ សល់​នៅ​តែ​ពូជ​អំបូរ​យូដា​តែ​១​ប៉ុណ្ណោះ។

19. ឯ​ពួក​យូដា គេ​ក៏​មិន​បាន​កាន់​តាម​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​ដែរ គឺ​គេ​ដើរ​តាម​ទំនៀម​ដែល​ពួក​អ៊ីស្រា‌អែល​ធ្លាប់​ប្រព្រឹត្ត​មក​វិញ

20. ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​បោះ‌បង់​ចោល​ពូជ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ធ្វើ​ទុក្ខ​គេ ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​អ្នក​ដែល​បំផ្លាញ​គេ ដរាប​ដល់​ទ្រង់​បាន​បោះ​គេ​ចោល ពី​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់​ចេញ

21. ទ្រង់​បាន​ហែក​ពួក​អ៊ីស្រា‌អែល​ផ្តាច់​ចេញ​ពី​ជំនួរ​វង្ស​ដាវីឌ ក៏​លើក​យេរ៉ូ‌បោម ជា​កូន​នេបាត តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​វិញ ឯ​យេរ៉ូ‌បោម ក៏​បាន​ញាក់​ទាញ​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បណ្តាល​ឲ្យ​គេ​ធ្វើ​បាប​ជា​ទំងន់

22. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ដើរ​តាម​អស់​ទាំង​អំពើ​បាប ដែល​យេរ៉ូ‌បោម​បាន​ប្រព្រឹត្ត​ទាំង​នោះ គេ​មិន​បាន​វៀរ​បង់​លែង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​ឡើយ

23. ដរាប​ដល់​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តេញ​គេ ពី​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់​ចេញ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​អស់​ទាំង​ហោរា ជា​អ្នក​បំរើ​ទ្រង់ ដូច្នេះ អ៊ីស្រា‌អែល​ក៏​ត្រូវ​គេ​ដឹក‌នាំ​ចេញ​ពី​ស្រុក​របស់​ខ្លួន ទៅ​នៅ​ឯ​ស្រុក​អាស‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

24. រួច​មក​ស្តេច​អាស‌ស៊ើរ ទ្រង់​នាំ​យក​មនុស្ស​ពី​ក្រុង​បាប៊ី‌ឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត និង​ក្រុង​សេផា‌វែម ទៅ​ដាក់​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី ជំនួស​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ អ្នក​ទាំង​នោះ​បាន​ស្រុក​សាម៉ារី​ជា​របស់​ផង​គេ ហើយ​ក៏​អាស្រ័យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​នោះ

25. កាល​គេ​ចាប់​តាំង​នៅ​ក្នុង​ស្រុក គេ​មិន​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រើ​សត្វ​សិង្ហ ឲ្យ​ទៅ​នៅ​កណ្តាល​គេ សិង្ហ​ទាំង​នោះ​បាន​សំឡាប់​អ្នក​ខ្លះ​បង់

26. ដូច្នេះ គេ​ទូល​ដល់​ស្តេច​អាស‌ស៊ើរ​ថា ពួក​សាសន៍​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​ទៅ ទុក​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី គេ​មិន​ស្គាល់​ច្បាប់​នៃ​ព្រះ​របស់​ស្រុក​នោះ​ទេ បាន​ជា​ព្រះ​ទ្រង់​ឲ្យ​សត្វ​សិង្ហ ទៅ​នៅ​កណ្តាល​គេ ហើយ​មើល សត្វ​ទាំង​នោះ​កំពុង​តែ​សំឡាប់​គេ​ទៅ ដោយ​ព្រោះ​គេ​មិន​ស្គាល់​ច្បាប់ នៃ​ព្រះ​របស់​ស្រុក​នោះ។

27. នោះ​ស្តេច​អាស‌ស៊ើរ​ទ្រង់​បង្គាប់​ថា ចូរ​នាំ​យក​ពួក​សង្ឃ​ម្នាក់ ដែល​បាន​ដឹក‌នាំ​ចេញ​មក​ពី​ស្រុក​នោះ ឲ្យ​ទៅ​នៅ​ឯ​ណោះ​វិញ​ចុះ ដើម្បី​នឹង​បង្រៀន​គេ​ពី​ច្បាប់​នៃ​ព្រះ​របស់​ស្រុក​នោះ

28. ដូច្នេះ ពួក​សង្ឃ​ម្នាក់​ដែល​គេ​បាន​ដឹក‌នាំ​ចេញ​ពី​ស្រុក​សាម៉ារី​មក ក៏​វិល​ទៅ​នៅ​ឯ​ក្រុង​បេត-អែល​បង្ហាត់​បង្រៀន​គេ ពី​បែប​ដែល​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា

29. ប៉ុន្តែ​គ្រប់​ទាំង​សាសន៍​នោះ​បាន​ធ្វើ​ព្រះ​សំរាប់​គេ​រៀង​ខ្លួន ដាក់​ទុក​នៅ​ក្នុង​អស់​ទាំង​វិហារ​នៅ​ទី​ខ្ពស់ ដែល​ពួក​សាម៉ារី​បាន​ធ្វើ គឺ​គ្រប់​ទាំង​សាសន៍​នោះ តាម​ទី​ក្រុង​ដែល​គេ​អាស្រ័យ​នៅ

30. ពួក​ដែល​មក​ពី​ក្រុង​បាប៊ី‌ឡូន គេ​ធ្វើ​ព្រះ​សិកូត-បេណូត ពួក​ក្រុង​គូ​ថា គេ​ធ្វើ​ព្រះ​នើកាល ពួក​ក្រុង​ហាម៉ាត គេ​ធ្វើ​ព្រះ​អ័ស៊ីម៉ា

31. ពួក​ក្រុង​អាវ៉ា គេ​ធ្វើ​ព្រះ​នីបហាស និង​ព្រះ​ថើថាក ហើយ​ពួក​សេផា‌វែម គេ​ដុត​កូន​របស់​គេ​ក្នុង​ភ្លើង ថ្វាយ​ព្រះ​អ័ឌរ៉ា‌ម៉ា‌លេក និង​ព្រះ​អ័ណា‌ម៉ា‌លេក ជា​ព្រះ​របស់​ពួក​សេផា‌វែម​នោះ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 17