គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 17:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ឆ្នាំ​ទី​១២ ក្នុង​រាជ្យ​ស្តេច​អ័ហាស ជា​ស្តេច​យូដា នោះ​ហូស៊ា ជា​កូន​អេឡា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​៩​ឆ្នាំ

2. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​បាន​ដល់​ពួក​ស្តេច​អ៊ីស្រា‌អែល ដែល​នៅ​មុន​ទ្រង់​នោះ​ទេ

3. សាល‌ម៉ា‌នេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ បាន​ឡើង​មក​ទាស់​នឹង​ហូស៊ា​នេះ ហើយ​ទ្រង់​ក៏​ចុះ​ចូល ព្រម​ទាំង​បង់​សួយ‌អាករ​ថ្វាយ​ផង

4. តែ​ស្តេច​អាស‌ស៊ើរ​ទ្រង់​បាន​ជ្រាប​ថា ហូស៊ា​គិត​ក្បត់​ហើយ ដ្បិត​ហូស៊ា​បាន​ចាត់​សារ​ទៅ​ឯ​សូរ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​លែង​បង់​សួយ‌អាករ​ថ្វាយ​ទ្រង់ ដូច​ជា​រាល់​ឆ្នាំ​ទៀត ហេតុ​នោះ​បាន​ជា​ស្តេច​អាស‌ស៊ើរ ក៏​ចាប់​ចង​ទ្រង់​ឃុំ​ទុក​ក្នុង​គុក

5. រួច​មក​ស្តេច​អាស‌ស៊ើរ​ទ្រង់​យាង​មក​សព្វ​គ្រប់​ក្នុង​ស្រុក ក៏​ឡើង​ទៅ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​សាម៉ារី​អស់​៣​ឆ្នាំ

6. នៅ​ឆ្នាំ​ទី​៩ ក្នុង​រាជ្យ​ហូស៊ា នោះ​ស្តេច​អាស‌ស៊ើរ​ក៏​វាយ​យក​ក្រុង​សាម៉ារី​បាន ហើយ​ទ្រង់​ដឹក‌នាំ​ពួក​អ៊ីស្រា‌អែល​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា​នៅ​មាត់​ទន្លេ​ហាបោ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ។

7. ការ​នោះ​កើត​មក ដោយ​ព្រោះ​តែ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ដែល​ទ្រង់​បាន​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​មក ហើយ​ដោយ​ព្រោះ​គេ​បាន​កោត‌ខ្លាច​ដល់​ព្រះ​ដទៃ

8. ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​ទំនៀម‌ទំលាប់​នៃ​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ និង​តាម​ច្បាប់​ដែល​ពួក​ស្តេច​អ៊ីស្រា‌អែល​បាន​តាំង​ដែរ

9. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​ដែល​មិន​ត្រឹម‌ត្រូវ ដោយ​លួច‌លាក់ ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ក៏​ធ្វើ​ទី​ខ្ពស់​សំរាប់​ខ្លួន នៅ​គ្រប់​ទាំង​ទី​ក្រុង ចាប់​តាំង​ពី​ភូមិ​ដែល​មាន​តែ​ប៉ម​ចាំ​យាម រហូត​ដល់​ទី​ក្រុង​មាន​កំផែង

10. គេ​បាន​ធ្វើ​បង្គោល​សំរាប់​គោរព និង​រូប​ព្រះ នៅ​លើ​អស់​ទាំង​ទី​ភ្នំ ហើយ​នៅ​ក្រោម​ដើម​ឈើ​ខ្ចី​ទាំង​ប៉ុន្មាន​ផង

11. ឯ​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នោះ គេ​ក៏​ដុត​កំញាន​ដូច​ជា​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​គេ​ចេញ គេ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្តី​ក្រោធ

12. គេ​គោរព​ប្រតិ‌បត្តិ​តាម​រូប​ព្រះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ហាម​ថា ឯង​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​យ៉ាង​នោះ​ឡើយ

13. ប៉ុន្តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​បន្ទាល់ ដល់​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ដោយ‌សារ​គ្រប់​ទាំង​ពួក​ហោរា និង​អ្នក​មើល‌ឆុត​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ឯង​ទៅ ហើយ​កាន់​តាម​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​អញ​ទាំង​ប៉ុន្មាន តាម​ច្បាប់​ទាំង​អស់​ដែល​អញ​បាន​បង្គាប់​ដល់​ពួក​អយ្យកោ​ឯង ហើយ​ដែល​អញ​បាន​ផ្ញើ​មក​ឯង​រាល់​គ្នា ដោយ‌សារ​ពួក​ហោរា ជា​ពួក​អ្នក​បំរើ​របស់​អញ

14. ប៉ុន្តែ គេ​មិន​ព្រម​ស្តាប់​ទេ គឺ​បាន​តាំង​ចិត្ត​រឹង​វិញ ដូច​ជា​ពួក​អយ្យកោ​គេ ដែល​មិន​បាន​ជឿ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​ដែរ

15. គេ​បោះ‌បង់​ចោល​បញ្ញត្ត​របស់​ទ្រង់ និង​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​ពួក​អយ្យកោ​គេ​ចេញ ព្រម​ទាំង​សេចក្តី​បន្ទាល់ ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ​ផង គេ​ដើរ​តាម​តែ​សេចក្តី​ជា​អសារ​ឥត​ការ​វិញ ហើយ​ខ្លួន​គេ​ក៏​ត្រឡប់​ជា​អសារ​ឥត​ការ​ដែរ គេ​ប្រព្រឹត្ត​តាម​ពួក​សាសន៍​ដទៃ​នៅ​ជុំវិញ ដែល​ព្រះ‌យេហូវ៉ា​ហាម​ថា កុំ​ឲ្យ​ត្រាប់​តាម​អ្នក​ទាំង​នោះ​ឡើយ

16. គេ​បោះ‌បង់​ចោល​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​សិត​ធ្វើ​រូប គឺ​ជា​រូប​កូន​គោ​២ ហើយ​ធ្វើ​រូប​ព្រះ ព្រម​ទាំង​ថ្វាយ‌បង្គំ​ដល់​អស់​ទាំង​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌បាល​ផង

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 17