គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 15:27-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. នៅ​ឆ្នាំ​ទី​៥២ ក្នុង​រាជ្យ​អ័សារា ស្តេច​យូដា នោះ​ពេកា ជា​កូន​រេម៉ាលា ក៏​ចាប់​តាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ហើយ​ទ្រង់​សោយ‌រាជ្យ​បាន​២០​ឆ្នាំ

28. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​វៀរ​បង់​លែង តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ។

29. នៅ​ក្នុង​រាជ្យ​ពេកា ជា​ស្តេច​អ៊ីស្រា‌អែល នោះ​ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ក៏​មក​ចាប់​យក​ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-បេត-ម្អាកា ក្រុង​យ៉ាណូហា ក្រុង​កេដេស ក្រុង​ហាសោរ និង​ស្រុក​កាឡាត ហើយ​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ស្រុក​ណែប‌ថាលី​ទាំង​មូល ក៏​ដឹក‌នាំ​ពួក​អ្នក​ស្រុក​ទាំង​នោះ ទៅ​ជា​ឈ្លើយ ដល់​ស្រុក​អាស‌ស៊ើរ

30. នោះ​ហូស៊ា ជា​កូន​អេឡា បង្កើត​ការ​កម្បត់​នឹង​ពេកា ជា​កូន​រេម៉ាលា ក៏​ធ្វើ​គុត​ទ្រង់​ទៅ ហើយ​ឡើង​សោយ‌រាជ្យ​ជំនួស ក្នុង​ឆ្នាំ​ទី​២០ នៃ​រាជ្យ​យ៉ូថាម ជា​បុត្រ​អ័សារា

31. រីឯ​ដំណើរ​ឯ​ទៀត​ពី​ពេកា និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

32. នៅ​ឆ្នាំ​ទី​២ ក្នុង​រាជ្យ​ពេកា ជា​កូន​រេម៉ាលា ស្តេច​អ៊ីស្រា‌អែល នោះ​យ៉ូថាម ជា​បុត្រ​អ័សារា ស្តេច​យូដា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង

33. កាល​ទ្រង់​ឡើង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​១៦​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា យេរូសា បុត្រី​សាដុក

34. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្តី ដែល​អ័សារា ជា​បិតា​ទ្រង់​បាន​ធ្វើ

35. ប៉ុន្តែ​មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចោល​ចេញ​ទេ ពួក​បណ្តា‌ជន​គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ គឺ​ស្តេច​នេះ​ហើយ ដែល​ធ្វើ​ទ្វារ​កំផែង​ខាង​លើ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

36. រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូថាម និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ។

37. នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ចាប់​តាំង​ចាត់​រេស៊ីន ជា​ស្តេច​ស៊ីរី និង​ពេកា ជា​កូន​រេម៉ាលា ឲ្យ​ទៅ​ទាស់​នឹង​ពួក​យូដា

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 15