6. ប៉ុន្តែគេមិនលែងធ្វើតាមអំពើបាបរបស់ជំនួរវង្សយេរ៉ូបោម ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះទេ គឺគេចេះតែប្រព្រឹត្តតាមអំពើទាំងនោះវិញ ហើយនៅក្នុងក្រុងសាម៉ារីក៏មានអស់ទាំងរូបព្រះនៅឡើយដែរ)
7. ដ្បិតស្តេចស៊ីរីបានទុកឲ្យយ៉ូអាហាស មានពលទ័ពតែប៉ុណ្ណេះ គឺឲ្យមានពលសេះ៥០នាក់ រទេះចំបាំង១០ និងពលថ្មើរជើង១ម៉ឺននាក់ ពីព្រោះស្តេចស៊ីរី បានរំលាងបំផ្លាញគេអស់ទៅហើយ ទាំងធ្វើឲ្យគេដូចជាលំអងធូលី ដែលនៅទីលានបញ្ជាន់ស្រូវ
8. រីឯដំណើរឯទៀត ពីយ៉ូអាហាស ហើយការទាំងប៉ុន្មានដែលទ្រង់ធ្វើ និងអំណាចរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
9. ចំណែកយ៉ូអាហាស ក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ គេបញ្ចុះទ្រង់នៅក្នុងក្រុងសាម៉ារី រួចយ៉ូអាស ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
10. នៅឆ្នាំទី៣៧ក្នុងរាជ្យយ៉ូអាសជាស្តេចយូដា នោះយ៉ូអាស ជាបុត្រយ៉ូអាហាស ក៏ចាប់តាំងសោយរាជ្យឡើងលើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបាន១៦ឆ្នាំ
11. ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានវៀរបង់លែងប្រព្រឹត្ត តាមអស់ទាំងអំពើបាប របស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺទ្រង់បានប្រព្រឹត្តតាមអំពើទាំងនោះវិញ
12. រីឯដំណើរឯទៀតពីយ៉ូអាស និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ និងអំណាចទ្រង់ដែលបានប្រើ ដើម្បីច្បាំងនឹងអ័ម៉ាស៊ីយ៉ា ស្តេចយូដា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
13. យ៉ូអាសក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ រួចយេរ៉ូបោមបានសោយរាជ្យឡើងជំនួសទ្រង់ ហើយគេបញ្ចុះសពយ៉ូអាសនៅក្រុងសាម៉ារី ជាមួយនឹងពួកស្តេចអ៊ីស្រាអែល។
14. នៅគ្រានោះ អេលីសេលោកចាប់ឈឺ ដោយជំងឺដែលនាំឲ្យលោកស្លាប់ ហើយយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏ឈ្ងោកយំនឹងលោក ដោយព្រះបន្ទូលថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នេះគឺជាព្រះរាជរថ និងទ័ពសេះ របស់ពួកអ៊ីស្រាអែលហើយ
15. អេលីសេទូលតបថា សូមយកធ្នូ និងព្រួញមក ទ្រង់ក៏យកធ្នូ និងព្រួញមកឯលោក
16. រួចទូលថា សូមទ្រង់ដំឡើងធ្នូទៅ នោះទ្រង់ក៏ដំឡើង ហើយអេលីសេដាក់ដៃលើព្រះហស្តស្តេច
17. រួចលោកទូលថា សូមបើកបង្អួចខាងកើតទៅ ទ្រង់ក៏បើក អេលីសេទូលថា សូមបាញ់ទៅ ហើយទ្រង់ក៏បាញ់ លោកទូលថា នេះហើយជាព្រួញជ័យនៃព្រះយេហូវ៉ា គឺជាព្រួញជ័យជំនះដែលឈ្នះពួកសាសន៍ស៊ីរី ដ្បិតទ្រង់នឹងប្រហារពួកស៊ីរីនៅត្រង់អាផែក ទាល់តែគេវិនាសសាបសូន្យទៅ
18. រួចលោកទូលថា សូមចាប់យកព្រួញទាំងនោះទៅ ទ្រង់ក៏ចាប់យក លោកក៏ទូលទៀតថា សូមបាញ់ទៅដីទៅ ទ្រង់ក៏បាញ់អស់គំរប់៣ដងរួចឈប់
19. នោះអ្នកសំណប់របស់ព្រះក៏ខឹងនឹងស្តេច ហើយទូលថា គួរតែទ្រង់បានបាញ់ដល់ទៅ៥ ឬ៦ដងចុះ នោះទ្រង់នឹងបានវាយពួកស៊ីរី ទាល់តែបានបំផ្លាញគេឲ្យសូន្យបាត់ទៅ តែឥឡូវនេះទ្រង់នឹងវាយគេ បានត្រឹមតែ៣ដងប៉ុណ្ណោះ។
20. ឯអេលីសេ លោកក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោក រួចដល់ចូលឆ្នាំថ្មី នោះពួកកងនៃសាសន៍ម៉ូអាប់ ក៏ទន្រ្ទានចូលមកក្នុងស្រុក
21. ហើយកាលមនុស្សកំពុងតែកប់ខ្មោចរបស់មនុស្សម្នាក់ នោះក៏ឃើញពួកកង១ រួចគេបោះខ្មោចនោះ ទៅក្នុងផ្នូររបស់អេលីសេ កាលខ្មោចនោះបានប៉ះនឹងឆ្អឹងអេលីសេហើយ ស្រាប់តែរស់ឡើងវិញ រួចក្រោកឈរឡើង។
22. ឯហាសែល ជាស្តេចស្រុកស៊ីរី ទ្រង់ចេះតែសង្កត់សង្កិនពួកអ៊ីស្រាអែល ដរាបដល់អស់ព្រះជន្មយ៉ូអាហាស
23. ប៉ុន្តែព្រះយេហូវ៉ា ទ្រង់មានព្រះហឫទ័យសប្បុរសដល់គេ ក៏មានសេចក្តីមេត្តាករុណា ហើយយល់ដល់គេ ដោយព្រោះសេចក្តីសញ្ញា ដែលទ្រង់តាំងនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ទ្រង់មិនសព្វព្រះហឫទ័យ និងបំផ្លាញគេទេ ហើយលុះដល់វេលានោះ ទ្រង់ក៏មិនទាន់បោះបង់ចោលគេចេញពីចំពោះទ្រង់នៅឡើយដែរ
24. រួចមកហាសែលជាស្តេចស៊ីរីក៏សុគតទៅ នោះបេន-ហាដាឌ់ ជាព្រះរាជបុត្រាក៏សោយរាជ្យឡើងជំនួសបិតា