គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 13:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ឆ្នាំ​ទី​២៣ ក្នុង​រាជ្យ​នៃ​យ៉ូអាស ជា​បុត្រ​អ័ហា‌ស៊ីយ៉ា ស្តេច​យូដា នោះ​យ៉ូអា‌ហាស ជា​បុត្រ​យេហ៊ូវ​ក៏​ចាប់​តាំង​សោយ‌រាជ្យ លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ហើយ​បាន​សោយ‌រាជ្យ​អស់​១៧​ឆ្នាំ

2. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ដែរ ទ្រង់​មិន​វៀរ​បង់​លែង​ធ្វើ​ឡើយ

3. នោះ​សេចក្តី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា​ក៏​កាត់​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ហាសែល ជា​ស្តេច​ស៊ីរី និង​ក្នុង​កណ្តាប់​ដៃ​នៃ​បេន-ហា‌ដាឌ់ ជា​បុត្រ​ហាសែល​ត​ទៅ

4. តែ​យ៉ូអា‌ហាស​ទ្រង់​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម ដ្បិត​ទ្រង់​បាន​ទត​ឃើញ​ការ ដែល​ស្តេច​ស៊ីរី​សង្កត់‌សង្កិន​ដល់​ពួក​អ៊ីស្រា‌អែល

5. (រីឯ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ប្រទាន ឲ្យ​ពួក​អ៊ីស្រា‌អែល​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ ឲ្យ​គេ​បាន​រួច​ពី​អំណាច​សាសន៍​ស៊ីរី រួច​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ក៏​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដូច​ដើម​វិញ

6. ប៉ុន្តែ​គេ​មិន​លែង​ធ្វើ​តាម​អំពើ​បាប​របស់​ជំនួរ​វង្ស​យេរ៉ូ‌បោម ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​នោះ​ទេ គឺ​គេ​ចេះ​តែ​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​វិញ ហើយ​នៅ​ក្នុង​ក្រុង​សាម៉ារី​ក៏​មាន​អស់​ទាំង​រូប​ព្រះ​នៅ​ឡើយ​ដែរ)

7. ដ្បិត​ស្តេច​ស៊ីរី​បាន​ទុក​ឲ្យ​យ៉ូអា‌ហាស មាន​ពល‌ទ័ព​តែ​ប៉ុណ្ណេះ គឺ​ឲ្យ​មាន​ពល​សេះ​៥០​នាក់ រទេះ​ចំបាំង​១០ និង​ពល​ថ្មើរ​ជើង​១​ម៉ឺន​នាក់ ពី​ព្រោះ​ស្តេច​ស៊ីរី បាន​រំលាង​បំផ្លាញ​គេ​អស់​ទៅ​ហើយ ទាំង​ធ្វើ​ឲ្យ​គេ​ដូច​ជា​លំអង​ធូលី ដែល​នៅ​ទីលាន​បញ្ជាន់​ស្រូវ

8. រីឯ​ដំណើរ​ឯ​ទៀត ពី​យ៉ូអា‌ហាស ហើយ​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ និង​អំណាច​របស់​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

9. ចំណែក​យ៉ូអា‌ហាស ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ គេ​បញ្ចុះ​ទ្រង់​នៅ​ក្នុង​ក្រុង​សាម៉ារី រួច​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

10. នៅ​ឆ្នាំ​ទី​៣៧​ក្នុង​រាជ្យ​យ៉ូអាស​ជា​ស្តេច​យូដា នោះ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ក៏​សោយ‌រាជ្យ​បាន​១៦​ឆ្នាំ

11. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​វៀរ​បង់​លែង​ប្រព្រឹត្ត តាម​អស់​ទាំង​អំពើ​បាប របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ គឺ​ទ្រង់​បាន​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ​វិញ

12. រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូអាស និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ និង​អំណាច​ទ្រង់​ដែល​បាន​ប្រើ ដើម្បី​ច្បាំង​នឹង​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

13. យ៉ូអាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ រួច​យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​ឡើង​ជំនួស​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​យ៉ូអាស​នៅ​ក្រុង​សាម៉ារី ជា​មួយ​នឹង​ពួក​ស្តេច​អ៊ីស្រា‌អែល។

14. នៅ​គ្រា​នោះ អេលី‌សេ​លោក​ចាប់​ឈឺ ដោយ​ជំងឺ​ដែល​នាំ​ឲ្យ​លោក​ស្លាប់ ហើយ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​យាង​ចុះ​ទៅ​សួរ​លោក ក៏​ឈ្ងោក​យំ​នឹង​លោក ដោយ​ព្រះ‌បន្ទូល​ថា ឱ​លោក​ឪពុក លោក​ឪពុក​ខ្ញុំ​អើយ នេះ​គឺ​ជា​ព្រះ‌រាជ‌រថ និង​ទ័ព​សេះ របស់​ពួក​អ៊ីស្រា‌អែល​ហើយ

15. អេលី‌សេ​ទូល​តប​ថា សូម​យក​ធ្នូ និង​ព្រួញ​មក ទ្រង់​ក៏​យក​ធ្នូ និង​ព្រួញ​មក​ឯ​លោក

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 13