គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 10:5-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដូច្នេះ ឧកញ៉ា​វាំង និង​ចៅ‌ហ្វាយ​ទី​ក្រុង ព្រម​ទាំង​ពួក​ចាស់‌ទុំ និង​ពួក​អ្នក​ដែល​បាន​បី‌បាច់‌រក្សា​ពួក​បុត្រា ក៏​ចាត់​គេ​ឲ្យ​ទៅ​ជំរាប​យេហ៊ូវ​ថា យើង​ខ្ញុំ​រាល់​គ្នា ជា​អ្នក​បំរើ​របស់​លោក នឹង​ធ្វើ​តាម​តែ​លោក​បង្គាប់​គ្រប់​ជំពូក យើង​ខ្ញុំ​មិន​ព្រម​តាំង​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ស្តេច​ទេ សូម​លោក​ធ្វើ​តាម​តែ​សេចក្តី​ដែល​លោក​គិត​ឃើញ​ថា​ល្អ​ចុះ

6. រួច​លោក​ក៏​ធ្វើ​សំបុត្រ​ទី​២​ផ្ញើ​ទៅ​គេ​ថា បើ​អ្នក​រាល់​គ្នា​កាន់​ខាង​ខ្ញុំ ហើយ​ចង់​ស្តាប់​តាម​បង្គាប់​ខ្ញុំ​មែន នោះ​ចូរ​កាត់​ក្បាល​ពួក​បុត្រា​នៃ​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា​ចុះ រួច​ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​ណេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ​នៅ​ត្រង់​យេស‌រាល រីឯ​ពួក​បុត្រា​នៃ​ស្តេច​ទាំង​៧០​អង្គ នោះ​សុទ្ធ​តែ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ធំ ក្នុង​ទី​ក្រុង​ដែល​បាន​បី‌បាច់‌រក្សា

7. ដូច្នេះ កាល​សំបុត្រ​បាន​ទៅ​ដល់​ហើយ គេ​ក៏​ចាប់​ពួក​បុត្រា​ស្តេច​ទាំង​៧០​អង្គ​សំឡាប់​ទៅ ដាក់​ព្រះ‌សិរ​គ្រប់​អង្គ​ទៅ​ក្នុង​កញ្ឆេ​ផ្ញើ​ទៅ​ឯ​លោក នៅ​ត្រង់​យេស‌រាល

8. នោះ​មាន​ម្នាក់​នាំ​ដំណឹង​មក​ជំរាប​លោក​ថា គេ​យក​ព្រះ‌សិរ​នៃ​ពួក​បុត្រា​ស្តេច​មក​ហើយ លោក​បង្គាប់​ថា ចូរ​ដាក់​ជា​២​គំនរ នៅ​ត្រង់​មាត់​ទ្វារ​កំផែង​រហូត​ដល់​ព្រឹក​ទៅ

9. លុះ​ដល់​ព្រឹក​ឡើង​លោក​ក៏​ចេញ​ទៅ​ឈរ មាន​ប្រសាសន៍​នឹង​បណ្តា‌ជន​ទាំង‌ឡាយ​ថា អ្នក​រាល់​គ្នា​សុចរិត​ទេ មើល គឺ​ខ្ញុំ​ហើយ​ដែល​បាន​បះ‌បោរ​នឹង​ចៅ‌ហ្វាយ​របស់​ខ្ញុំ ព្រម​ទាំង​សំឡាប់​ផង តែ​អ្នក​ណា​បាន​សំឡាប់​អ្នក​ទាំង​នេះ

10. ដូច្នេះ សូម​ឲ្យ​ដឹង​ថា ក្នុង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​ទាយ​ទាស់​នឹង​ជំនួរ​វង្ស​អ័ហាប់ នោះ​នឹង​គ្មាន​ណា​១​ធ្លាក់​ដល់​ដី​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​តាម​សេចក្តី ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​អេលីយ៉ា ជា​អ្នក​បំរើ​ទ្រង់​ហើយ

11. ដូច្នេះ យេហ៊ូវ​បាន​ប្រហារ​ជីវិត​នៃ​អស់​អ្នក​ណា​ដែល​សល់​នៅ ក្នុង​ជំនួរ​វង្ស​របស់​អ័ហាប់ នៅ​ត្រង់​យេស‌រាល ព្រម​ទាំង​ពួក​អ្នក​ធំ និង​ពួក​មិត្រ​សំឡាញ់​ស្និទ្ធ‌ស្នាល ហើយ​ពួក​សង្ឃ​របស់​ទ្រង់​ផង ឥត​ទុក​ឲ្យ​មាន​អ្នក​ណា​មួយ​សល់​នៅ​ខាង​ទ្រង់​ឡើយ។

12. ក្រោយ​មក យេហ៊ូវ​ក៏​ក្រោក​ឡើង​ចេញ​ទៅ​ឯ​ក្រុង​សាម៉ារី កាល​បាន​ទៅ​ដល់​សាលា ដែល​នៅ​តាម​ផ្លូវ​នោះ ជា​ទី​ដែល​ពួក​គង្វាល​ចៀម​ធ្លាប់​ប្រជុំ​គ្នា

13. នោះ​ក៏​ប្រទះ​នឹង​ពួក​បង​ប្អូន​របស់​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា ហើយ​លោក​សួរ​ថា អ្នក​រាល់​គ្នា​តើ​ជា​អ្នក​ណា គេ​ឆ្លើយ​តប​ថា​យើង​រាល់​គ្នា​ជា​បង​ប្អូន​នៃ​អ័ហា‌ស៊ីយ៉ា យើង​ចុះ​ទៅ​ជំរាប​សួរ​ដល់​ពួក​បុត្រ​នៃ​ក្សត្រា‌ក្សត្រី។

14. នោះ​លោក​បង្គាប់​ថា ចូរ​ចាប់​គេ​ទាំង​រស់​ទៅ ពួក​លោក​ក៏​ចាប់​អ្នក​ទាំង​នោះ​ទាំង​រស់ នាំ​ទៅ​សំឡាប់​ទាំង​៤២​នាក់ នៅ​ត្រង់​អណ្តូង​របស់​សាលា​នោះ ឥត​ទុក​ឲ្យ​សល់​ដល់​ម្នាក់​ឡើយ។

15. កាល​យេហ៊ូវ​បាន​ចេញ​ពី​ទី​នោះ​ទៅ នោះ​ក៏​ប្រទះ​នឹង​យ៉ូណា‌ដាប ជា​កូន​រេកាប ដែល​ដើរ​មក​ពី​ខាង​មុខ លោក​ក៏​គំនាប់​គាត់​សួរ​ថា តើ​ចិត្ត​អ្នក​ស្មោះ‌ត្រង់ ដូច​ជា​ខ្ញុំ​ដែល​ស្មោះ‌ត្រង់​ចំពោះ​អ្នក​ឬ​ទេ យ៉ូណា‌ដាប​ឆ្លើយ​តប​ថា​ស្មោះ‌ត្រង់​ពិត លោក​ក៏​ថា បើ​ដូច្នេះ ចូរ​ហុច​ដៃ​មក អ្នក​នោះ​ក៏​ហុច​ដៃ​ទៅ ហើយ​លោក​ចាប់​ទទួល​ឲ្យ​ឡើង​ជិះ​លើ​រថ​ជា​មួយ​គ្នា

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 10