គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 10:15-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. កាល​យេហ៊ូវ​បាន​ចេញ​ពី​ទី​នោះ​ទៅ នោះ​ក៏​ប្រទះ​នឹង​យ៉ូណា‌ដាប ជា​កូន​រេកាប ដែល​ដើរ​មក​ពី​ខាង​មុខ លោក​ក៏​គំនាប់​គាត់​សួរ​ថា តើ​ចិត្ត​អ្នក​ស្មោះ‌ត្រង់ ដូច​ជា​ខ្ញុំ​ដែល​ស្មោះ‌ត្រង់​ចំពោះ​អ្នក​ឬ​ទេ យ៉ូណា‌ដាប​ឆ្លើយ​តប​ថា​ស្មោះ‌ត្រង់​ពិត លោក​ក៏​ថា បើ​ដូច្នេះ ចូរ​ហុច​ដៃ​មក អ្នក​នោះ​ក៏​ហុច​ដៃ​ទៅ ហើយ​លោក​ចាប់​ទទួល​ឲ្យ​ឡើង​ជិះ​លើ​រថ​ជា​មួយ​គ្នា

16. រួច​លោក​ប្រាប់​ថា សូម​អ្នក​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ដើម្បី​មើល​សេចក្តី​ឧស្សាហ៍​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច្នេះ គេ​ក៏​ឲ្យ​គាត់​ឡើង​ជិះ​ក្នុង​រថ​របស់​យេហ៊ូវ

17. កាល​បាន​ដល់​ក្រុង​សាម៉ារី​ហើយ នោះ​លោក​ក៏​វាយ​សំឡាប់​អស់​អ្នក ដែល​សល់​នៅ​ក្នុង​ជំនួរ​វង្ស​អ័ហាប់ ក្នុង​ក្រុង​សាម៉ារី ដរាប​ដល់​បាន​បំផ្លាញ​ជំនួរ​វង្ស​នៃ​ទ្រង់​អស់​រលីង​ទៅ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​អេលីយ៉ា។

18. នៅ​គ្រា​នោះ យេហ៊ូវ​ក៏​ប្រមូល​ពួក​បណ្តា‌ជន​ទាំង​អស់​មក​ប្រាប់​ថា អ័ហាប់​បាន​គោរព​ដល់​ព្រះ‌បាល​តែ​បន្តិច​ទេ តែ​យេហ៊ូវ​នឹង​គោរព​ដល់​ទ្រង់​ជា​ច្រើន​វិញ

19. ដូច្នេះ ចូរ​ហៅ​ពួក​ហោរា​របស់​ព្រះ‌បាល​ទាំង​អស់ មក​ឯ​យើង​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​ទ្រង់ និង​អស់​ពួក​សង្ឃ​របស់​ទ្រង់​ផង កុំ​ឲ្យ​មាន​ខ្វះ​អ្នក​ណា​មួយ​ឡើយ ដ្បិត​យើង​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ធំ​ដល់​ព្រះ‌បាល បើ​អ្នក​ណា​ខាន​មក នោះ​នឹង​ត្រូវ​ស្លាប់ តែ​យេហ៊ូវ​លោក​ប្រព្រឹត្ត​ដោយ​ឧបាយ​ទេ ប្រយោជន៍​ដើម្បី​នឹង​បំផ្លាញ​ពួក​អ្នក ដែល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ទាំង​អស់​ចេញ

20. យេហ៊ូវ​បង្គាប់​ឲ្យ​គេ​ញែក​ថ្ងៃ​១ ទុក​ជា​ថ្ងៃ​បុណ្យ​មុត‌មាំ​ថ្វាយ​ព្រះ‌បាល គេ​ក៏​ប្រកាស​ប្រាប់​ទួទៅ

21. យេហ៊ូវ​ចាត់​គេ​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដូច្នេះ ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ‌បាល​ក៏​មក​ទាំង​អស់​គ្នា ឥត​មាន​សល់​ដល់​ម្នាក់​ឡើយ គេ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌បាល ទាល់​តែ​វិហារ​នោះ​បាន​ពេញ​ណែន តាំង​តែ​ពី​ចុង​ម្ខាង​រហូត​ដល់​ចុង​ម្ខាង

22. នោះ​លោក​បង្គាប់​ដល់​អ្នក​រក្សា​អាវ ដែល​សំរាប់​ពាក់​ថ្វាយ‌បង្គំ​ថា ចូរ​យក​អាវ​មក ចែក​ឲ្យ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ទាំង​អស់​គ្នា​ទៅ អ្នក​នោះ​ក៏​ចែក​ឲ្យ​គ្រប់​គ្នា

23. រួច​យេហ៊ូវ និង​យ៉ូណា‌ដាប ជា​កូន​រេកាប ក៏​ចូល​ទៅ​ក្នុង​វិហារ​ព្រះ‌បាល​ប្រាប់​ដល់​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ថា ចូរ​រក​មើល កុំ​ឲ្យ​មាន​អ្នក​ណា​ដែល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា នៅ​ជា​មួយ​នៅ​ទី​នេះ​ឡើយ ឲ្យ​មាន​សុទ្ធ​តែ​ពួក​ថ្វាយ‌បង្គំ​ព្រះ‌បាល​ប៉ុណ្ណោះ

24. កាល​យេហ៊ូវ​បាន​ចូល​ទៅ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា និង​ដង្វាយ​ដុត នោះ​លោក​បាន​ដំរូវ​ឲ្យ​មនុស្ស​៨០​នាក់​នៅ​ជា​ខាង​ក្រៅ ដោយ​បង្គាប់​ថា បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ខ្ញុំ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​អ្នក​រាល់​គ្នា​បាន​រត់​រួច នោះ​អ្នក​ដែល​ឲ្យ​គេ​រួច​ទៅ នឹង​ត្រូវ​ស្លាប់​ជំនួស​អ្នក​នោះ​វិញ។

25. កាល​លោក​បាន​ថ្វាយ​ដង្វាយ​ដុត​រួច​ហើយ នោះ​ក៏​បង្គាប់​ដល់​ពួក​ចាំ​យាម និង​ពួក​មេ‌ទ័ព​ថា ចូរ​ឲ្យ​ចូល​ទៅ​សំឡាប់​គេ​ចុះ កុំ​ឲ្យ​អ្នក​ណា​មួយ​ចេញ​រួច​ឡើយ ដូច្នេះ គេ​ក៏​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ​ដោយ​មុខ​ដាវ ឯ​ពួក​ចាំ​យាម និង​ពួក​មេ‌ទ័ព ក៏​បោះ​ខ្មោច​ចេញ​ទៅ​ក្រៅ រួច​គេ​ទៅ​ក្នុង​ទី​ក្រុង​នៃ​វិហារ​ព្រះ‌បាល​នោះ

26. ក៏​យក​អស់​ទាំង​រូប​ព្រះ​ចេញ​ពី​វិហារ​ព្រះ‌បាល​មក​ដុត​ចោល

27. ហើយ​វាយ​បំបាក់​រូប​ព្រះ ព្រម​ទាំង​បំផ្លាញ​វិហារ​ព្រះ‌បាល ធ្វើ​ឲ្យ​ទៅ​ជា​កន្លែង​បន្ទោ​លាមក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

28. គឺ​យ៉ាង​នោះ​ដែល​យេហ៊ូវ​បាន​បំបាត់​ព្រះ‌បាល ពី​ពួក​អ៊ីស្រា‌អែល​ចេញ។

29. ប៉ុន្តែ ត្រង់​ឯ​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ដែរ គឺ​ជា​កូន​គោ​មាស​នៅ​ក្រុង​បេត-អែល និង​នៅ​ក្រុង​ដាន់ នោះ​យេហ៊ូវ​មិន​បាន​លែង​ប្រព្រឹត្ត​តាម​ទេ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 10