គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 9:10-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ដូច្នេះ សូល​ក៏​ឆ្លើយ​តប​ទៅ​បាវ​ថា អើ ស្រួល​ហើយ ចូរ​យើង​ទៅ​ចុះ នោះ​គេ​ក៏​ទៅ​ឯ​ក្រុង​នោះ ជា​កន្លែង​ដែល​អ្នក​សំណប់​របស់​ព្រះ​អាស្រ័យ​នៅ។

11. កំពុង​ដែល​គេ​ដើរ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​ទី​ក្រុង នោះ​គេ​ជួប​ប្រទះ​នឹង​ពួក​ស្រី​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ហើយ​ក៏​សួរ​ថា តើ​អ្នក​មើល‌ឆុត​នៅ​ទី​នេះ​ឬ​អី

12. នាង​ទាំង​នោះ​ឆ្លើយ​ថា ចាស មែន​ហើយ មើល លោក​បាន​ដើរ​ទៅ​ខាង​មុខ​នុ៎ះ អញ្ជើញ​ទៅ​ជា​ប្រញាប់​ទៅ ដ្បិត​ថ្ងៃ​នេះ​លោក​ទើប​នឹង​មក​ដល់​ទី​ក្រុង ពី​ព្រោះ​បណ្តា‌ជន​គេ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​ទី​ខ្ពស់​នៅ​ថ្ងៃ​នេះ

13. កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​អ្នក​នឹង​ឃើញ​លោក​ហើយ មុន​ដែល​លោក​ឡើង​ទៅ​ពិសា​នៅ​លើ​ទី​ខ្ពស់​នោះ ដ្បិត​ពួក​បណ្តា‌ជន​មិន​បរិភោគ​ឡើយ ទាល់​តែ​លោក​អញ្ជើញ​ទៅ​ដល់ ពី​ព្រោះ​គឺ​លោក​ហើយ ដែល​ត្រូវ​ឲ្យ​ពរ​ដល់​យញ្ញ‌បូជា​នោះ ទើប​ពួក​ភ្ញៀវ​បរិភោគ​ជា​ខាង​ក្រោយ ដូច្នេះ អញ្ជើញ​អ្នក​ឡើង​ទៅ​ចុះ ដ្បិត​ថ្មើរ​ណេះ​អ្នក​នឹង​រក​លោក​ឃើញ។

14. ដូច្នេះ គេ​ក៏​ឡើង​ទៅ​ឯ​ទី​ក្រុង កាល​គេ​កំពុង​តែ​ចូល​ទៅ នោះ​មើល សាំយូ‌អែល​ក៏​ចេញ​មក​នៅ​ប្រទល់​មុខ ដើម្បី​នឹង​ឡើង​ទៅ​ឯ​ទី​ខ្ពស់។

15. រីឯ​១​ថ្ងៃ​មុន​ដែល​សូល​បាន​មក​ដល់ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​សាំយូ‌អែល​ថា

16. ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​ណេះ អញ​នឹង​ចាត់​មនុស្ស​ម្នាក់​ពី​ស្រុក​បេន‌យ៉ា‌មីន​មក​ឯ​ឯង ត្រូវ​ឲ្យ​ឯង​ចាក់​ប្រេង​តាំង​អ្នក​នោះ​ឲ្យ​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ចុះ អ្នក​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​អញ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ដ្បិត​អញ​បាន​ក្រឡេក​មើល​ទៅ​រាស្ត្រ​អញ ពី​ព្រោះ​សំរែក​របស់​គេ​បាន​ឮ​មក​ដល់​អញ​ហើយ

17. ដូច្នេះ កាល​សាំយូ‌អែល​បាន​ឃើញ​សូល នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នេះ​ហើយ​ជា​មនុស្ស​ដែល​អញ​បាន​ប្រាប់​ឯង គឺ​អ្នក​នេះ​ឯង ដែល​ត្រូវ​សោយ‌រាជ្យ​លើ​រាស្ត្រ​របស់​អញ

18. គ្រា​នោះ សូល​បាន​ចូល​ទៅ​ជិត​សាំយូ‌អែល នៅ​ត្រង់​កណ្តាល​ទ្វារ​ក្រុង​សួរ​ថា សូម​លោក​ប្រាប់​ខ្ញុំ តើ​ផ្ទះ​គ្រូ​ដែល​មើល‌ឆុត​នៅ​ឯ​ណា

19. នោះ​សាំយូ‌អែល​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​មើល‌ឆុត ចូរ​អ្នក​ឡើង​ទៅ​ឯ​ទី​ខ្ពស់​មុន​ខ្ញុំ​ចុះ ដ្បិត​ត្រូវ​ឲ្យ​អ្នក​បរិភោគ​ជា​មួយ​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នេះ រួច​ដល់​ព្រឹក​ឡើង​ខ្ញុំ​នឹង​ឲ្យ​អ្នក​អញ្ជើញ​ទៅ ហើយ​នឹង​ប្រាប់​ពី​គ្រប់​ទាំង​សេចក្តី​ដែល​អ្នក​ប៉ង​ក្នុង​ចិត្ត​ដែរ

20. ឯ​ហ្វូង​លា​ដែល​បាន​វង្វេង​បាត់​៣​ថ្ងៃ​មក​ហើយ នោះ​កុំ​ឲ្យ​ធុរៈ​ឡើយ ដ្បិត​បាន​ឃើញ​ហើយ ១​ទៀត តើ​សេចក្តី​ប៉ង‌ប្រាថ្នា​របស់​សាសន៍​អ៊ីស្រា‌អែល​សំរេច​លើ​អ្នក​ណា តើ​មិន​សំរេច​លើ​អ្នក និង​ពួក​គ្រួ​ឪពុក​អ្នក​ទេ​ឬ​អី

21. តែ​សូល​ឆ្លើយ​ថា តើ​ខ្ញុំ​មិន​មែន​ជា​ពួក​បេន‌យ៉ា‌មីន​ជា​ពូជ​អំបូរ​តូច​ជាង​គេ​ក្នុង​បណ្តា​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ​អី ហើយ​ពួក​គ្រួ​ខ្ញុំ តើ​មិន​មែន​ជា​តូច​ទាប​ជាង​អស់​ទាំង​គ្រួ ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន​ដែរ​ទេ​ឬ​អី ដូច្នេះ ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​នឹង​ខ្ញុំ​យ៉ាង​នេះ។

22. សាំយូ‌អែល​ក៏​នាំ​យក​សូល និង​អ្នក​បំរើ ចូល​ទៅ​ក្នុង​រោង​ជំនុំ ឲ្យ​អង្គុយ​នៅ​ទី​លេខ​១​ក្នុង​ពួក​ភ្ញៀវ ដែល​មាន​ចំនួន​ប្រហែល​ជា​៣០​នាក់

សូមអានជំពូកពេញលេញ ១ សាំយូអែល 9