គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 8:5-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. គេ​ជំរាប​ថា មើល ឥឡូវ​លោក​ចាស់​ហើយ ឯ​ពួក​កូន​លោក គេ​មិន​ប្រព្រឹត្ត​តាម​គន្លង​របស់​លោក​ទេ ដូច្នេះ សូម​លោក​តាំង​ឲ្យ​មាន​ស្តេច​១​អង្គ សំរាប់​នឹង​គ្រប់‌គ្រង​លើ​យើង​រាល់​គ្នា ដូច​ជា​សាសន៍​ឯ​ទៀត​ដែរ

6. តែ​ដំណើរ​ដែល​គេ​សូម​ឲ្យ​តាំង​ស្តេច​ឡើង​សំរាប់​គ្រប់‌គ្រង​លើ​គេ នោះ​មិន​គាប់​ចិត្ត​ដល់​សាំយូ‌អែល​ទេ ហើយ​លោក​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា

7. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា ចូរ​ស្តាប់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ពួក​បណ្តា‌ជន​សូម​ដល់​ឯង​ចុះ ដ្បិត​គេ​មិន​បាន​បោះ‌បង់​ចោល​ឯង​ទេ គឺ​បោះ‌បង់​ចោល​អញ​វិញ ដើម្បី​មិន​ឲ្យ​អញ​ធ្វើ​ជា​ស្តេច​លើ​គេ​ទៀត

8. គេ​ប្រព្រឹត្ត​នឹង​ឯង ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​អញ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​បាន​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ គឺ​គេ​បាន​បោះ‌បង់​ចោល​អញ បែរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ

9. ដូច្នេះ ចូរ​ឯង​ស្តាប់​តាម​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ ត្រូវ​ឲ្យ​ឯង​ប្រកែក​នឹង​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ដែរ ដោយ​ពន្យល់​បង្ហាញ​ដល់​គេ ពី​សណ្ឋាន​ដែល​មាន​ស្តេច​សោយ‌រាជ្យ​លើ​គេ​នោះ​ជា​យ៉ាង​ណា។

10. សាំយូ‌អែល​ក៏​ប្រាប់​គ្រប់​ទាំង​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ដល់​ពួក​បណ្តា‌ជន ដែល​បាន​សូម​ឲ្យ​លោក​តាំង​ស្តេច​ឡើង​ឲ្យ​គេ​នោះ

11. ដោយ​ពាក្យ​ថា ឯ​សណ្ឋាន​របស់​ស្តេច​ដែល​សោយ‌រាជ្យ​លើ​អ្នក​រាល់​គ្នា នោះ​នឹង​បាន​ដូច្នេះ គឺ​ស្តេច​នោះ​នឹង​យក​កូន​ប្រុសៗ​របស់​អ្នក​រាល់​គ្នា ដំរូវ​ទុក​សំរាប់​ទ្រង់ ឲ្យ​នៅ​នឹង​រាជ‌រថ ហើយ​នឹង​ពល​សេះ​របស់​ទ្រង់ គេ​នឹង​ត្រូវ​រត់​នៅ​មុខ​រាជ‌រថ​របស់​ទ្រង់

12. ទ្រង់​នឹង​ដំរូវ​ខ្លះ​ឲ្យ​ធ្វើ​ជា​មេ​លើ​១​ពាន់​នាក់ និង​ជា​មេ​លើ​៥០​នាក់ ហើយ​ខ្លះ​ឲ្យ​ភ្ជួរ​ស្រែ​ច្រូត​ចំរូត ខ្លះ​ទៀត​ឲ្យ​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ប្រដាប់​សំរាប់​រាជ‌រថ​ទ្រង់

13. ទ្រង់​នឹង​យក​កូន​ស្រីៗ​របស់​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​អ្នក​អប់​គ្រឿង​ក្រអូប ជា​អ្នក​ដាំ​បាយ ហើយ​ដុត​នំ

14. ទ្រង់​នឹង​យក​ស្រែ​ចំការ និង​ដំណាំ​អូលីវ​របស់​អ្នក​រាល់​គ្នា គឺ​របស់​ណា​ដែល​ល្អ​បំផុត​ផង ចែក​ឲ្យ​ដល់​ពួក​មហា‌តលិក​ទ្រង់

15. ក៏​នឹង​យក​១​ភាគ​ក្នុង​១០​ពី​ស្រូវ ហើយ​ពី​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​រាល់​គ្នា ចែក​ឲ្យ​ដល់​ពួក​អ្នក​បំរើ និង​ពួក​បាវ​ផង

16. ទ្រង់​នឹង​យក​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពួក​កំឡោះ ដែល​ល្អ​បំផុត និង​សត្វ​លា​របស់​អ្នក​រាល់​គ្នា ទៅ​ប្រើ​ឲ្យ​ធ្វើ​ការ​របស់​ទ្រង់​វិញ

17. ទ្រង់​នឹង​យក​១​ភាគ​ក្នុង​១០​ពី​ហ្វូង​សត្វ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ខ្ញុំ​កំដរ​របស់​ទ្រង់

សូមអានជំពូកពេញលេញ ១ សាំយូអែល 8