គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 6:11-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ហើយ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា មក​ដាក់​លើ​រទេះ ព្រម​ទាំង​ប្រអប់ ដែល​មាន​រូប​កណ្តុរ​មាស និង​រូប​ឫស‌ដូង‌បាត​របស់​គេ​ផង

12. រួច​គោ​នោះ​ក៏​ចេញ​ដំរង់​តាម​ផ្លូវ​ទៅ​ឯ​បេត-សេមែស គឺ​ទៅ​តាម​ថ្នល់​តែ​១​នោះ​ទាំង​រោទ៍​បណ្តើរ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ឡើយ ឯ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន គេ​ក៏​ដើរ​តាម​រហូត​ដល់​ព្រំ​ស្រុក​បេត-សេមែស

13. គ្រា​នោះ ពួក​អ្នក​នៅ​បេត-សេមែស គេ​កំពុង​តែ​ច្រូត​ស្រូវ​នៅ​វាល​ច្រក​ភ្នំ លុះ​ងើប​ភ្នែក​ឡើង ក៏​អរ​សប្បាយ ដោយ​ឃើញ​ហឹប​នៃ​ព្រះ​មក​វិញ

14. រទេះ​ក៏​មក​ដល់​ក្នុង​ចំការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស​នោះ ហើយ​ឈប់​នៅ​ទី​នោះ ជា​កន្លែង​ដែល​មាន​ថ្ម​១​ធំ ដូច្នេះ គេ​ពុះ​បំបែក​រទេះ ហើយ​ថ្វាយ​គោ​នោះ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា

15. ពួក​លេវី​គេ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា និង​ប្រអប់​ដែល​មាន​គ្រឿង​មាស​ទាំង​ប៉ុន្មាន ចុះ​មក​ដាក់​លើ​ថ្ម​ធំ​នោះ រួច​ពួក​បេត-សេមែស​ក៏​ថ្វាយ​ដង្វាយ​ដុត និង​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​នោះ​ឯង

16. កាល​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​៥​នាក់​បាន​ឃើញ​ហើយ នោះ​គេ​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​ក្រុង​អេក្រុន​វិញ នៅ​ថ្ងៃ​នោះ​ដែរ។

17. ឯ​រូប​ឫស‌ដូង‌បាត​ធ្វើ​ពី​មាស ដែល​ពួក​ភីលីស្ទីន​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង នោះ​គឺ​១​ពី​ក្រុង​អាស‌ដូឌ ១​ពី​ក្រុង​កាសា ១​ពី​ក្រុង​អាស‌កា‌ឡូន ១​ពី​ក្រុង​កាថ ហើយ​១​ពី​ក្រុង​អេក្រុន

18. ក៏​មាន​រូប​កណ្តុរ​មាស តាម​ចំនួន​ទី​ក្រុង​នៃ​សាសន៍​ភីលីស្ទីន​ដែល​ជា​របស់​ផង​មេ​ទាំង​៥​នាក់​នោះ​ដែរ គឺ​ទាំង​ក្រុង​មាន​កំផែង និង​ភូមិ​នៅ​ស្រុក​ស្រែ​ទាំង​ប៉ុន្មាន​ផង ពី​គ្រប់​ក្នុង​ស្រុក​ភីលីស្ទីន​រហូត​ដល់​ថ្ម​ធំ ជា​ទី​ដែល​គេ​បាន​ដាក់​ហឹប​នៃ​ព្រះ‌យេហូវ៉ា​នោះ ឯ​ថ្ម​នោះ​ក៏​នៅ​ក្នុង​ចំការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

19. ព្រះ‌យេហូវ៉ា​ទ្រង់​ប្រហារ​ពួក​បេត-សេមែស​ដែរ ពី​ព្រោះ​គេ​បាន​បើក​មើល​ទៅ​ក្នុង​ហឹប​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​ប្រហារ​ជីវិត​គេ​អស់​៧០​នាក់ ក្នុង​៥​ម៉ឺន​នាក់ នោះ​គេ​ក៏​យំ​សោក ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​វាយ​សំឡាប់​គេ​អស់​ជា​ច្រើន​ដូច្នេះ

20. ពួក​បេត-សេមែស​និយាយ​ឡើង​ថា តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នេះ​បាន តើ​ទ្រង់​ត្រូវ​ចេញ​ពី​យើង​ខ្ញុំឡើង​ទៅ​ឯ​អ្នក​ណា​វិញ

21. រួច​គេ​ចាត់​មនុស្ស ឲ្យ​ទៅ​ឯ​ពួក​គារយ៉ាត់-យារីម​ប្រាប់​ថា ពួក​ភីលីស្ទីន​បាន​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា​មក​វិញ​ហើយ ដូច្នេះ​សូម​អ្នក​រាល់​គ្នា​ចុះ​ទៅ នាំ​ឡើង​ទៅ​ឯ​អ្នក​រាល់​គ្នា​វិញ​ចុះ។

សូមអានជំពូកពេញលេញ ១ សាំយូអែល 6