គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 30:15-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. នោះ​ដាវីឌ​សួរ​ថា ឯង​ចូល​ចិត្ត​នឹង​នាំ​យើង​ចុះ​ទៅ​ឯ​ពួក​នោះ​ឬ​ទេ វា​ឆ្លើយ​ថា សូម​ស្បថ​នឹង​ខ្ញុំ​ដោយ​នូវ​ព្រះ​ចុះ ថា​លោក​មិន​សំឡាប់​ខ្ញុំ​ឡើយ ក៏​មិន​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ដែរ នោះ​ខ្ញុំ​នឹង​នាំ​លោក​ចុះ​ទៅ​ឲ្យ​ដល់​គេ។

16. កាល​វា​បាន​នាំ​ចុះ​ទៅ​ដល់​ហើយ នោះ​ឃើញ​គេ​នៅ​ពាស‌ពេញ​លើ​ដី​កំពុង​តែ​ស៊ី​ផឹក ហើយ​លោត‌កញ្ឆេង​ដោយ​ព្រោះ​របឹប​ជា​ច្រើន ដែល​គេ​ចាប់​បាន នាំ​យក​មក​ពី​ស្រុក​ភីលីស្ទីន និង​ស្រុក​យូដា​នោះ

17. ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​ក្រោយ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើយ លើក​តែ​ពួក​កំឡោះ​៤០០​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ រត់​ទៅ​ប៉ុណ្ណោះ

18. ដូច្នេះ ដាវីឌ​ចាប់​យក​បាន​របស់​ទាំង​អស់ ដែល​សាសន៍​អាម៉ា‌លេក​បាន​ប្លន់​យក​ទៅ​នោះ ក៏​បាន​ប្រពន្ធ​ទាំង​២​មក​វិញ​ដែរ

19. ឯ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ប្លន់​យក​ទៅ​នោះ គ្មាន​ខ្វះ​អ្វី​សោះ ទោះ​តូច​ឬ​ធំ កូន​ប្រុស កូន​ស្រី ឬ​របឹប​ណា​ក្តី ដាវីឌ​បាន​នាំ​យក​ទាំង​អស់​មក​វិញ

20. លោក​ក៏​ចាប់​យក​ហ្វូង​ចៀម និង​ហ្វូង​គោ​ដែរ ហើយ​ពួក​អ្នក​គង្វាល​ដែល​ដេញ​សត្វ​ទាំង​នោះ​នៅ​មុខ​គេ ក៏​និយាយ​ថា នេះ​ជា​របឹប​នៃ​ដាវីឌ។

21. រួច​ដាវីឌ​ត្រឡប់​មក​ដល់​ពួក​២០០​នាក់ ដែល​ឥត​មាន​កំឡាំង​នឹង​តាម​ទៅ គឺ​ជា​ពួក​អ្នក​ដែល​គេ​បាន​ទុក​នៅ​ត្រង់​ជ្រោះ​បេសោរ​នោះ អ្នក​ទាំង​នោះ​ក៏​ចេញ​ទៅ​ទទួល​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ កាល​ដាវីឌ​ចូល​មក​ជិត នោះ​ក៏​សួរ​គេ​ពី​សេចក្តី​សុខ​ទុក្ខ

22. ឯ​បណ្តា​មនុស្ស​កំណាច និង​មនុស្ស​ចោល‌ម្សៀត ក្នុង​ពួក​អ្នក​ដែល​បាន​ទៅ​ជា​មួយ​នឹង​ដាវីឌ គេ​និយាយ​ឡើង​ថា យើង​មិន​ព្រម​ចែក​របឹប​ដែល​យើង​បាន​ចាប់​យក​មក​វិញ ឲ្យ​ដល់​អ្នក​ទាំង​នេះ​ទេ លើក​តែ​ប្រពន្ធ​កូន​គេ​ប៉ុណ្ណោះ នោះ​ឲ្យ​គេ​នាំ​ទៅ​ចុះ ពី​ព្រោះ​គេ​មិន​បាន​ទៅ​ជា​មួយ​នឹង​យើង​សោះ

23. តែ​ដាវីឌ​ប្រកែក​ថា បង​ប្អូន​អើយ កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ចំពោះ​របស់​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​យើង​ឡើយ ដ្បិត​ទ្រង់​បាន​ការ‌ពារ​យើង ហើយ​ប្រគល់​ពួក​អ្នក​ដែល​បាន​ញាំ‌ញី​យើង មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ

24. តើ​អ្នក​ណា​នឹង​ស្តាប់​តាម​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នេះ ដ្បិត​អ្នក​ដែល​ចុះ​ទៅ​ច្បាំង​បាន​ចំណែក​ប៉ុណ្ណា នោះ​អ្នក​ដែល​នៅ​ចាំ​អីវ៉ាន់ ក៏​ត្រូវ​បាន​ចំណែក​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ស្មើៗ​គ្នា

25. នោះ​ក៏​បាន​ដូច្នោះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ដាវីឌ​ក៏​តាំង​សេចក្តី​នោះ​ឡើង ទុក​ជា​ច្បាប់​ជា​បញ្ញត្ត​សំរាប់​សាសន៍​អ៊ីស្រា‌អែល​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

26. លុះ​កាល​ដាវីឌ​បាន​ត្រឡប់​មក​ដល់​ស៊ីក‌ឡាក់​វិញ​ហើយ នោះ​ក៏​ផ្ញើ​របឹប​ខ្លះ​ទៅ​ជូន​ដល់​ពួក​ចាស់‌ទុំ​នៅ​ស្រុក​យូដា ដែល​ជា​មិត្រ​សំឡាញ់​របស់​លោក ដោយ​ពាក្យ​ថា​នេះ​ជា​ចំណែក​របឹប ដែល​ចាប់​ពី​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌យេហូវ៉ា ខ្ញុំ​ផ្ញើ​មក​ជូន​ដល់​លោក​រាល់​គ្នា

27. គឺ​ផ្ញើ​ទៅ​ដល់​ពួក​ចាស់‌ទុំ​នៅ​បេត-អែល រ៉ាម៉ូត​ខាង​ត្បូង និង​យ៉ាទារ

សូមអានជំពូកពេញលេញ ១ សាំយូអែល 30