គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 3:10-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. លំដាប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​ឈរ ហៅ​ដូច​ជា​ជាន់​មុន​ថា សាំយូ‌អែល នែ​សាំយូ‌អែល​អើយ នោះ​សាំយូ‌អែល​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ចុះ ដ្បិត​ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់​ប្រុង​ស្តាប់​ហើយ

11. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​រៀប​នឹង​ធ្វើ​ការ​១​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ដែល​នឹង​ធ្វើ​ឲ្យ​ខ្ទរ​ដល់​ត្រចៀក​ទាំង​សង​ខាង នៃ​អស់​អ្នក​ណា​ដែល​ឮ

12. នៅ​ថ្ងៃ​នោះ អញ​នឹង​សំរេច​ទាស់​នឹង​អេលី តាម​គ្រប់​ទាំង​ការ​ដែល​អញ​បាន​និយាយ​ពី​ពួក​គ្រួ​លោក​ហើយ ចាប់​តាំង​ពី​ដើម ដរាប​ដល់​ចុង​ផង

13. ដ្បិត​អញ​បាន​ប្រាប់​លោក​ហើយ​ថា អញ​នឹង​ជំនុំ‌ជំរះ​ពួក​គ្រួ​លោក​ជា​ដរាប​ទៅ ដោយ​ព្រោះ​អំពើ​ដ៏​លាមក​ដែល​លោក​បាន​ដឹង​ពី​ពួក​កូន​លោក ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​បណ្តាសា ហើយ​លោក​មិន​បាន​ហាម​ឃាត់​ដល់​គេ​ទេ

14. គឺ​ដោយ​ហេតុ​នោះ បាន​ជា​អញ​ស្បថ​ដល់​ពួក​គ្រួ​អេលី​ថា ទោះ​បើ​យក​យញ្ញ‌បូជា ឬ​ដង្វាយ​ណា​មក​ថ្វាយ​ក៏​ដោយ គង់​តែ​មិន​បាន​ធួន​នឹង​អំពើ​ដ៏​លាមក​ដែល​ពួក​គ្រួ​លោក​បាន​ប្រព្រឹត្ត​ដែរ នៅ​ជា​ដរាប​ត​ទៅ។

15. ស្រេច​ហើយ សាំយូ‌អែល​ក៏​ដេក​ដល់​ព្រឹក រួច​បើក​ទ្វារ​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា តែ​ខ្លាច​មិន​ហ៊ាន​ជំរាប​ពី​ការ​ជាក់​ស្តែង​នោះ ដល់​អេលី​ទេ

16. ដូច្នេះ អេលី​ហៅ​សាំយូ‌អែល​មក​ថា សាំយូ‌អែល កូន​អើយ សាំយូ‌អែល​ឆ្លើយ​ថា ប្របាទ

17. រួច​អេលី​សួរ​ថា ព្រះ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​យ៉ាង​ដូច​ម្តេច​ខ្លះ សូម​កុំ​លាក់​នឹង​អញ​ឡើយ បើ​ឯង​លាក់​ការ​អ្វី​នឹង​អញ ពី​គ្រប់​ទាំង​សេចក្តី​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដល់​ឯង​ដូច្នោះ​ដែរ ហើយ​លើស​ទៅ​ទៀត​ផង

18. សាំយូ‌អែល​ក៏​ជំរាប​ដល់​លោក​ទាំង​អស់ ឥត​មាន​លាក់​អ្វី​ឡើយ រួច​អេលី​និយាយ​ថា នោះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ សូម​ឲ្យ​ទ្រង់​សំរេច​តាម​តែ​ទ្រង់​គិត​ឃើញ​ថា​ល្អ​ចុះ។

19. សាំយូ‌អែល​កាន់​តែ​ធំ​ឡើង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជា​មួយ ហើយ​មិន​ឲ្យ​ពាក្យ​ទំនាយ​ណា​មួយ​របស់​លោក​ជ្រុះ​ធ្លាក់​បាត់​ឡើយ

20. ឯ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា​ក៏​ដឹង​ថា សាំយូ‌អែល​បាន​តាំង​ឡើង​ជា​ហោរា​នៃ​ព្រះ‌យេហូវ៉ា​ហើយ

21. ក្រោយ​មក ព្រះ‌យេហូវ៉ា​ទ្រង់​តែង​លេច​មក​នៅ​ត្រង់​ស៊ីឡូរ​ទៀត ដ្បិត​បាន​សំដែង​មក​ឲ្យ​សាំយូ‌អែល​ស្គាល់​នៅ​ត្រង់​ស៊ីឡូរ ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ទ្រង់ ហើយ​ពាក្យ​សំដី​របស់​សាំយូ‌អែល​ក៏​ឮ ផ្សាយ​ទៅ​ដល់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា។

សូមអានជំពូកពេញលេញ ១ សាំយូអែល 3