គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 26:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ ពួក​ស្រុក​ស៊ីភ គេ​មក​ឯ​សូល នៅ​ត្រង់​គីបៀរ​ទូល​ថា ដាវីឌ​កំពុង​តែ​ពួន​នៅ​ក្នុង​ភ្នំ​ហាគីឡា ដែល​នៅ​ប្រទល់​មុខ​នឹង​ទី​រហោ‌ស្ថាន

2. នោះ​សូល​ទ្រង់​ក៏​រៀប‌ចំ​យាង​ចុះ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ស៊ីភ នាំ​ទាំង​មនុស្ស​ជ្រើស‌រើស​ក្នុង​ពួក​អ៊ីស្រា‌អែល​៣​ពាន់​នាក់ ដើម្បី​នឹង​រក​ដាវីឌ ក្នុង​ទី​រហោ‌ស្ថាន​នោះ

3. ទ្រង់​បោះ​ទ័ព​ក្បែរ​ផ្លូវ នៅ​លើ​ភ្នំ​ហាគីឡា​ដែល​នៅ​ប្រទល់​មុខ​នឹង​ទី​រហោ‌ស្ថាន ឯ​ដាវីឌ លោក​អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នោះ​ឯង ក៏​ឮ​ថា សូល​តាម​លោក​មក​ដូច្នោះ

4. នោះ​លោក​ចាត់​គេ​ឲ្យ​ទៅ​ឈ្លប‌លប​មើល ក៏​ដឹង​ពិត​ថា សូល​បាន​យាង​មក​ហើយ

5. ដូច្នេះ ដាវីឌ​រៀប‌ចំ​ចេញ​ទៅ​ឯ​កន្លែង​ដែល​សូល និង​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ទ្រង់​បាន​ដេក​នៅ ឯ​សូល​ទ្រង់​ផ្ទំ​នៅ​កណ្តាល​វង់​ទី​បោះ​ទ័ព ហើយ​បណ្តា​ទ័ព គេ​ដេក​នៅ​ព័ទ្ធ​ជុំវិញ។

6. នោះ​ដាវីឌ​សួរ​ទៅ​អ័ហ៊ី‌ម៉ា‌លេក ជា​សាសន៍​ហេត និង​អ័ប៊ី‌សាយ​ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ថា តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ឯ​សូល​ក្នុង​ទី​បោះ​ទ័ព​ជា​មួយ​នឹង​ខ្ញុំ អ័ប៊ី‌សាយ​ឆ្លើយ​ថា ខ្ញុំ​នេះ​នឹង​ចុះ​ទៅ

7. ដូច្នេះ ដាវីឌ និង​អ័ប៊ី‌សាយ​ក៏​ចូល​ទៅ​ក្នុង​បណ្តា​ទ័ព​ទាំង​យប់ ឃើញ​សូល​កំពុង​ផ្ទំ​លក់​នៅ​ក្នុង​វង់​ទី​បោះ​ទ័ព មាន​លំពែង​របស់​ទ្រង់​ដោត​នៅ​ដី​ត្រង់​ក្បាល​ដំណេក ឯ​អ័ប៊ី‌នើរ និង​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន គេ​ដេក​ព័ទ្ធ​ជុំវិញ​ទ្រង់

8. នោះ​អ័ប៊ី‌សាយ​ជំរាប​ដាវីឌ​ថា នៅ​ថ្ងៃ​នេះ ព្រះ​ទ្រង់​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​លោក​ហើយ ដូច្នេះ សូម​បើក​ឲ្យ​ខ្ញុំ​ចាក់​នឹង​លំពែង​ឲ្យ​ធ្លុះ​ដល់​ដី​តែ​១​ដង​ទៅ ដើម្បី​កុំ​ឲ្យ​អំពល់​ទៅ​មុខ​ទៀត

9. តែ​ដាវីឌ​ឃាត់​ថា កុំ​ឲ្យ​បំផ្លាញ​ជីវិត​ទ្រង់​ឡើយ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​លូក​ដៃ ទៅ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ហើយ​ឥត​មាន​ទោស​បាន​ឬ​ទេ

10. ដាវីឌ​ក៏​និយាយ​ទៀត​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​ជីវិត​ទ្រង់ ឬ​ថ្ងៃ​កំណត់​ដែល​ទ្រង់​ត្រូវ​សុគត​នឹង​មក​ដល់ ឬ​ទ្រង់​នឹង​ចេញ​ទៅ​វិនាស​ក្នុង​ទី​ចំបាំង​ណា​មួយ​ជា​មិន​ខាន

11. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ឃាត់ កុំ​ឲ្យ​ខ្ញុំ​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ឡើង ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ត្រង់​ក្បាល​ដំណេក​ទ្រង់ និង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​ទៅ​វិញ​ចុះ

សូមអានជំពូកពេញលេញ ១ សាំយូអែល 26