គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 25:16-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. គេ​ជា​កំផែង​ដល់​យើង​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ពេល​ដែល​យើង​ខ្ញុំ​នៅ​ជា​មួយ​នឹង​គេ កំពុង​ឃ្វាល​ចៀម​នោះ

17. ដូច្នេះ សូម​ជំរាប​ជូន​លោក​ស្រី​ជ្រាប សូម​ពិចារណា​ចុះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច ដ្បិត​មុខ​ជា​គេ​បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ចៅ‌ហ្វាយ​យើង​ខ្ញុំ និង​ពួក​គ្រួ​លោក​ទាំង​អស់​គ្នា​ហើយ ពី​ព្រោះ​លោក​ប្រុស​ជា​មនុស្ស​កំណាច​ណាស់ ឥត​មាន​អ្នក​ណា​និយាយ​នឹង​លោក​បាន​ទេ។

18. នោះ​នាង​ក៏​ប្រញឹក‌ប្រញាប់ ចាត់‌ចែង​នំបុ័ង​២០០​ដុំ ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​២ ចៀម​រៀប​ជា​ស្រេច​៥ លាជ​៥​រង្វាល់ ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​១០០​ចង្កោម និង​ផ្លែ​ល្វា​ក្រៀម​២០០​ផែន ផ្ទុក​លើ​សត្វ​លា​នាំ​ទៅ

19. នាង​ក៏​ប្រាប់​ដល់​ពួក​បំរើ​របស់​នាង​ថា ចូរ​ចេញ​ទៅ​មុន​អញ​ចុះ អញ​នឹង​ទៅ​តាម​ក្រោយ តែ​នាង​មិន​បាន​ប្រាប់​ដល់​ណាបាល ជា​ប្ដី​នាង​ឡើយ

20. កាល​នាង​កំពុង​តែ​ជិះ​លា​ចុះ​តាម​ផ្លូវ​ច្រក​ភ្នំ​ទៅ នោះ​គាប់​ជួន​ជា​ដាវីឌ និង​ពួក​លោក​ក៏​ចុះ​ដំរង់​មក​ខាង​មុខ​នាង ហើយ​នាង​ក៏​ទៅ​ជួប​នឹង​គេ

21. រីឯ​ដាវីឌ​លោក​បាន​គិត​ថា ដែល​អញ​បាន​ថែ​រក្សា​ទ្រព្យ​របស់​ទាំង​ប៉ុន្មាន​នៃ​មនុស្ស​នោះ ឲ្យ​គង់‌វង្ស​នៅ​ទី​រហោ‌ស្ថាន ឥត​មាន​បាត់​អ្វី​ណា​មួយ​ឡើយ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​សោះ វា​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដល់​អញ​វិញ

22. ដូច្នេះ បើ​ខ្ញុំ​ទុក​ឲ្យ​សល់​អ្នក​ណា​ក្នុង​ពួក​វា សូម្បី​តែ​កូន​ប្រុស​១​ក្តី ឲ្យ​រស់​នៅ​ដរាប​ដល់​ស្រាង​ឡើង នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ដូច្នោះ​ដល់​ដាវីឌ​ខ្ញុំ​នេះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង។

23. កាល​អ័ប៊ី‌កែល​បាន​ឃើញ​ដាវីឌ នោះ​នាង​ក៏​ចុះ​ពី​លើ​លា​ជា​ប្រញាប់ ទៅ​ក្រាប​ផ្កាប់​មុខ​ចុះ​នឹង​ដី គោរព​ដល់​ដាវីឌ

24. នាង​ទំលាក់​ខ្លួន​នៅ​ទៀប​ជើង​លោក ជំរាប​ថា ឱ​លោក​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​ឲ្យ​ទោស​នោះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​វិញ​ចុះ សូម​ឲ្យ​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក ជំរាប​ជូន​លោក​ស្តាប់​បន្តិច ហើយ​សូម​ទទួល​ស្តាប់​ពាក្យ​របស់​បាវ​ស្រី​លោក​សិន

25. កុំ​ឲ្យ​លោក​ម្ចាស់​តាំង​ចិត្ត​ចំពោះ​ណាបាល​ជា​មនុស្ស​កំណាច​នោះ​ឡើយ ដ្បិត​គាត់​ដូច​ជា​ឈ្មោះ​របស់​គាត់​ពិត​មែន គឺ​គាត់​ឈ្មោះ​ណាបាល ហើយ​ក៏​មាន​សេចក្តី​ចំកួត​នោះ​ឯង ឯ​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក ខ្ញុំ​ឥត​បាន​ឃើញ​ពួក​កំឡោះ​របស់​លោក​ម្ចាស់ ដែល​បាន​ចាត់​ទៅ​នោះ​ទេ

26. ដូច្នេះ ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដែរ​ថា ពួក​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​រក​ធ្វើ​អាក្រក់​ដល់​លោក នឹង​បាន​ដូច​ជា​ណាបាល​នោះ​ឯង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឃាត់​លោក​មិន​ឲ្យ​កំចាយ​ឈាម ហើយ​មិន​ឲ្យ​សង‌សឹក​ដោយ​ដៃ​លោក​ឡើយ

27. រីឯ​ជំនូន​នេះ​ដែល​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​របស់​លោក បាន​នាំ​យក​មក​ជូន នោះ​សូម​ចែក​ឲ្យ​ដល់​ពួក​កំឡោះ ដែល​តាម​លោក​ម្ចាស់​នៃ​ខ្ញុំ​មក​នោះ​ចុះ

28. សូម​អត់​ទោស​សេចក្តី​រំលង​នេះ​ដល់​បាវ​ស្រី​របស់​លោក​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ជំនួរ‌វង្ស​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ឲ្យ​មាំ‌មួន​ឡើង​ជា​ពិត​ប្រាកដ ពី​ព្រោះ​លោក​ម្ចាស់​នៃ​ខ្ញុំ តែង​ធ្វើ​សង្គ្រាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្មាន​ឃើញ​សេចក្តី​អាក្រក់​ណា នៅ​ក្នុង​លោក​ម្ចាស់​ឡើយ គ្រប់​១​ជីវិត​របស់​លោក

29. មួយ​ទៀត ទោះ​បើ​មាន​មនុស្ស​លើក​ដេញ តាម​រក​ប្រហារ​ជីវិត​របស់​លោក​ក៏​ដោយ គង់​តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជា​មួយ​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​ដែរ ឯ​ជីវិត​របស់​ពួក​ខ្មាំង​សត្រូវ​នៃ​លោក​នឹង​ត្រូវ​បាត់​ទៅ ដូច​ជា​បាញ់​ចេញ​ពី​ខ្សែ​ដង្ហក់​វិញ

30. រួច​កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រោស​លោក​ម្ចាស់​នៃ​ខ្ញុំ តាម​គ្រប់​ទាំង​សេចក្តី​ល្អ​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​លោក ព្រម​ទាំង​តាំង​លោក​ឡើង ឲ្យ​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​ហើយ

31. នោះ​ដំណើរ​នេះ​មិន​បាន​ជា​ហេតុ​ឲ្យ​លោក​តូច​ចិត្ត​ស្តាយ​ដោយ​លោក​បាន​កំចាយ​ឈាម​គេ​ឥត​ហេតុ ឬ​បាន​សង‌សឹក​ដល់​គេ​ដោយ​ខ្លួន​លោក​ឡើយ ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រោស​សេចក្តី​ល្អ​ដល់​លោក​ម្ចាស់ នោះ​សូម​ទាន​នឹក​ចាំ​ពី​ខ្ញុំ ជា​បាវ​ស្រី​របស់​លោក​ផង។

32. ដាវីឌ​ក៏​ឆ្លើយ​នឹង​នាង​អ័ប៊ី‌កែល​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​ទ្រង់​បាន​ចាត់​អ្នក ឲ្យ​មក​ជួប​នឹង​ខ្ញុំ នៅ​ថ្ងៃ​នេះ

សូមអានជំពូកពេញលេញ ១ សាំយូអែល 25