គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 23:7-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. មាន​គេ​ទូល​ដល់​សូល​ថា ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កៃឡា​ហើយ ដូច្នេះ សូល​មាន​ព្រះ‌បន្ទូល​ថា ព្រះ​ទ្រង់​បាន​ប្រគល់​វា​មក​ក្នុង​កណ្តាប់​ដៃ​អញ ដ្បិត​វា​ទាល់​ផ្លូវ​រួច​ហើយ ដោយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ដែល​មាន​ទ្វារ និង​រនុក​ផង

8. រួច​សូល​ទ្រង់​ក៏​ហៅ​បណ្តា​ទ័ព​ទាំង‌ឡាយ ឲ្យ​ប្រជុំ​គ្នា​ធ្វើ​ចំបាំង ដើម្បី​នឹង​ចុះ​ទៅ​ឡោម‌ព័ទ្ធ​ចាប់​ដាវីឌ ហើយ​នឹង​ពួក​លោក​នៅ​កៃឡា​នោះ

9. ឯ​ដាវីឌ​ក៏​ជ្រាប​ថា សូល​គិត​ការ​អាក្រក់​ទាស់​នឹង​ខ្លួន​ដែរ បាន​ជា​លោក​ជំរាប​ដល់​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ថា សូម​យក​អេផូឌ​មក

10. រួច​ដាវីឌ​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ឮ​ប្រាកដ​ថា សូល​ចង់​មក​ដល់​កៃឡា ដើម្បី​នឹង​រំលាង​បំផ្លាញ​ក្រុង​នេះ ដោយ​ព្រោះ​ទូល‌បង្គំ​ហើយ

11. ដូច្នេះ តើ​ពួក​មនុស្ស​នៅ​កៃឡា​នេះ និង​ប្រគល់​ទូល‌បង្គំ​ទៅ​ក្នុង​កណ្តាប់​ដៃ​សូល​ឬ​អី តើ​សូល​នឹង​ចុះ​មក​តាម ដូច​ជា​ទូល‌បង្គំ​ជា​បាវ​ទ្រង់​បាន​ឮ​នោះ​ឬ​អី ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ទ្រង់​ប្រាប់​ឲ្យ​ទូល‌បង្គំ​ជា​បាវ​បាន​ដឹង​ផង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា នឹង​ចុះ​មក​មែន

12. រួច​ដាវីឌ​ទូល​សួរ​ថា តើ​ពួក​កៃឡា​នឹង​ប្រគល់​ទូល‌បង្គំ ហើយ​នឹង​ពួក​ទូល‌បង្គំ​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សូល​ដែរ​ឬ​អី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គេ​នឹង​ប្រគល់​ឯង​ទៅ​មែន

13. ដូច្នេះ ដាវីឌ ហើយ​នឹង​ពួក​លោក​ដែល​មាន​ចំនួន​ប្រហែល​ជា​៦០០​នាក់ គេ​ក៏​ឡើង​ចេញ​ពី​កៃឡា ទៅ​ឯ​កន្លែង​១​ទៀត ហើយ​មាន​គេ​ទូល​ដល់​សូល​ថា ដាវីឌ​បាន​រត់​ពី​កៃឡា​ទៅ​បាត់​ហើយ នោះ​ទ្រង់​ក៏​លែង​គិត​ទៅ។

14. ឯ​ដាវីឌ​លោក​អាស្រ័យ​នៅ​ទី​ពំនួន ក្នុង​ទី​រហោ‌ស្ថាន ក៏​នៅ​តែ​ក្នុង​ស្រុក​ភ្នំ​នៃ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ ចំណែក​សូល​ទ្រង់​ចេះ​តែ​រក​លោក​រាល់​តែ​ថ្ងៃ​ជានិច្ច តែ​ព្រះ​ទ្រង់​មិន​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ឡើយ។

15. ដាវីឌ​ក៏​ឃើញ​ថា សូល​ទ្រង់​បាន​ចេញ​មក​រក​ជីវិត​ខ្លួន​ដែរ បាន​ជា​លោក​នៅ​ជាប់​តែ​ក្នុង​ព្រៃ​នៅ​ទី​រហោ‌ស្ថាន​ស៊ីភ​នោះ

16. ឯ​យ៉ូណា‌ថាន ជា​បុត្រា​សូល ក៏​ចេញ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​ព្រៃ ជួយ​ចំរើន​ឲ្យ​មាន​សេចក្តី​សង្ឃឹម​ក្នុង​ព្រះ​ឡើង

17. លោក​មាន​ប្រសាសន៍​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ដៃ​របស់​បិតា​ខ្ញុំ​នឹង​រាវ​រក​អ្នក​មិន​ឃើញ​ទេ អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ហើយ​ខ្ញុំ​បាន​នឹង​ជា​បន្ទាប់​របស់​អ្នក​ដំណើរ​នេះ បិតា​ខ្ញុំ​ក៏​បាន​ជ្រាប​ដែរ

18. នោះ​អ្នក​ទាំង​២​ក៏​ចុះ​សញ្ញា​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ដាវីឌ​ក៏​នៅ​តែ​ក្នុង​ព្រៃ​នោះ​ទៅ តែ​យ៉ូណា‌ថាន​លោក​វិល​ទៅ​ឯ​លំនៅ​របស់​លោក​វិញ។

19. គ្រា​នោះ ពួក​ស្រុក​ស៊ីភ​ឡើង​ទៅ​ឯ​សូល នៅ​ត្រង់​គីបៀរ​ទូល​ថា ដាវីឌ​បាន​ពួន​នៅ​ស្រុក​យើង​ខ្ញុំ ក្នុង​ទី​ពំនួន​នៃ​ភ្នំ​ហាគីឡា ដែល​នៅ​ត្រង់​ព្រៃ ខាង​ត្បូង​ទី​រហោ‌ស្ថាន

20. ដូច្នេះ បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​យាង​ចុះ​ទៅ ដូច​ជា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ទៅ​ស្រាប់ ឯ​ត្រង់​ការ​ចាប់​បញ្ជូន​វា​មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ នោះ​ស្រេច​នៅ​យើង​ខ្ញុំ​ចុះ

21. សូល​ឆ្លើយ​ថា សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មាន​សេចក្តី​ឈឺ‌ឆ្អាល​នឹង​យើង

22. ដូច្នេះ សូម​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ស៊ើប​សួរ​រក ឲ្យ​ប្រាកដ​ច្បាស់​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ដឹង ហើយ​ឃើញ​ពិត ដែល​វា​នៅ​ត្រង់​ណា ហើយ​អ្នក​ណា​មួយ​ដែល​បាន​ឃើញ​វា​នៅ​ទី​នោះ​ផង ដ្បិត​គេ​ប្រាប់​យើង​ថា វា​ឆ្លាត​ណាស់

23. ដូច្នេះ ចូរ​ទៅ​មើល ឲ្យ​ដឹង​គ្រប់​កន្លែង​ណា​ដែល​វា​ធ្លាប់​ពួន​នៅ រួច​ត្រឡប់​មក​ប្រាប់​យើង​វិញ​ឲ្យ​ពិត​ប្រាកដ នោះ​យើង​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​បើ​វា​នៅ​ក្នុង​ស្រុក នោះ​យើង​នឹង​ជ្រាវ​រក​វា ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ ទាល់​តែ​ឃើញ។

សូមអានជំពូកពេញលេញ ១ សាំយូអែល 23