គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 23:22-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ដូច្នេះ សូម​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ស៊ើប​សួរ​រក ឲ្យ​ប្រាកដ​ច្បាស់​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ដឹង ហើយ​ឃើញ​ពិត ដែល​វា​នៅ​ត្រង់​ណា ហើយ​អ្នក​ណា​មួយ​ដែល​បាន​ឃើញ​វា​នៅ​ទី​នោះ​ផង ដ្បិត​គេ​ប្រាប់​យើង​ថា វា​ឆ្លាត​ណាស់

23. ដូច្នេះ ចូរ​ទៅ​មើល ឲ្យ​ដឹង​គ្រប់​កន្លែង​ណា​ដែល​វា​ធ្លាប់​ពួន​នៅ រួច​ត្រឡប់​មក​ប្រាប់​យើង​វិញ​ឲ្យ​ពិត​ប្រាកដ នោះ​យើង​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​បើ​វា​នៅ​ក្នុង​ស្រុក នោះ​យើង​នឹង​ជ្រាវ​រក​វា ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ ទាល់​តែ​ឃើញ។

24. គេ​ក៏​ក្រោក​ឡើង ទៅ​ឯ​ស្រុក​ស៊ីភ​មុន​សូល តែ​ដាវីឌ និង​ពួក​លោក នៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន ដែល​នៅ​ស្រុក​វាល​ខាង​ត្បូង​ទី​រហោ‌ស្ថាន​នោះ​វិញ

25. ឯ​សូល និង​ពួក​ទ្រង់​ក៏​ទៅ​រក ហើយ​មាន​គេ​មក​ជំរាប​ដល់​ដាវីឌ ដូច្នេះ លោក​ចុះ​ទៅ​ឯ​ថ្មដា អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន លុះ​កាល​សូល​បាន​ជ្រាប នោះ​ក៏​ដេញ​តាម​លោក ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន​នោះ​ដែរ

26. សូល​បាន​យាង​នៅ​ខាង​ភ្នំ​ម្ខាង ហើយ​ដាវីឌ និង​ពួក​លោក​នៅ​ខាង​ភ្នំ​ម្ខាង ដាវីឌ​ក៏​ប្រញាប់​នឹង​រត់​ចេញ​ទៅ ដោយ​ខ្លាច​សូល ដ្បិត​សូល​ហើយ​នឹង​ពួក​ទ្រង់ គេ​ឡោម‌ព័ទ្ធ​លោក និង​ពួក​លោក​ទាំង​ប៉ុន្មាន ដោយ​ប៉ង​នឹង​ចាប់​ខ្លួន

27. ខណៈ​នោះ មាន​អ្នក​នាំ​ដំណឹង​មក ទូល​ដល់​សូល​ថា សូម​ទ្រង់​យាង​ទៅ​ជា​ប្រញាប់ ដ្បិត​ពួក​ភីលីស្ទីន​បាន​ចូល​លុក‌លុយ​ក្នុង​ស្រុក​ហើយ

28. នោះ​សូល​ទ្រង់​ក៏​លែង​ដេញ​តាម​ដាវីឌ ត្រឡប់​វិល​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​វិញ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ថា សេឡា-ហាម៉ា‌លេកុត

29. រួច​ដាវីឌ​ក៏​ចាក​ចេញ​ពី​ទី​នោះ ទៅ​អាស្រ័យ​នៅ​ក្នុង​ទី​ពំនួន​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​អេន-កេឌី​វិញ។

សូមអានជំពូកពេញលេញ ១ សាំយូអែល 23