គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 23:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ មាន​គេ​មក​ជំរាប​ដាវីឌ​ថា ឥឡូវ​ពួក​ភីលីស្ទីន គេ​មក​ច្បាំង​នឹង​ក្រុង​កៃឡា គេ​កំពុង​តែ​ប្លន់​យក​ស្រូវ​ពី​លាន​ទាំង​ប៉ុន្មាន​ហើយ

2. ដូច្នេះ ដាវីឌ​ក៏​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ទៅ​វាយ​ពួក​ភីលីស្ទីន​នោះ​ឬ​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​ជួយ​សង្គ្រោះ​ពួក​កៃឡា​ចុះ

3. តែ​ពួក​មនុស្ស​របស់​ដាវីឌ គេ​និយាយ​ឡើង​ថា មើល នៅ​ក្នុង​ស្រុក​យូដា​នេះ យើង​មាន​សេចក្តី​ភ័យ​ខ្លាច​ទៅ​ហើយ ចំណង់​បើ​យើង​ទៅ​ដល់​កៃឡា ទាស់​នឹង​ពួក​ពល​ទ័ព​នៃ​សាសន៍​ភីលីស្ទីន នោះ​តើ​នឹង​ភ័យ​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត

4. ដាវីឌ​ក៏​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​រៀប‌ចំ​ចុះ​ទៅ​ឯ​កៃឡា​ចុះ ដ្បិត​អញ​នឹង​ប្រគល់​ពួក​ភីលីស្ទីន​នោះ មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ

5. នោះ​ដាវីឌ និង​ពួក​លោក ក៏​ទៅ​ឯ​កៃឡា ច្បាំង​នឹង​ពួក​ភីលីស្ទីន ហើយ​ចាប់​យក​បាន​ហ្វូង​សត្វ​របស់​គេ ព្រម​ទាំង​ប្រហារ​សំឡាប់​គេ​យ៉ាង​សំបើម គឺ​យ៉ាង​នោះ​ហើយ​ដែល​ដាវីឌ​បាន​ជួយ​សង្គ្រោះ​ដល់​ពួក​អ្នក​នៅ​កៃឡា

6. រីឯ​កាល​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក បាន​រត់​ទៅ​ឯ​ដាវីឌ​នៅ​ត្រង់​កៃឡា នោះ​លោក​ក៏​យក​អេផូឌ​១ ជាប់​ទៅ​ជា​មួយ​ដែរ។

7. មាន​គេ​ទូល​ដល់​សូល​ថា ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ក្រុង​កៃឡា​ហើយ ដូច្នេះ សូល​មាន​ព្រះ‌បន្ទូល​ថា ព្រះ​ទ្រង់​បាន​ប្រគល់​វា​មក​ក្នុង​កណ្តាប់​ដៃ​អញ ដ្បិត​វា​ទាល់​ផ្លូវ​រួច​ហើយ ដោយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ដែល​មាន​ទ្វារ និង​រនុក​ផង

8. រួច​សូល​ទ្រង់​ក៏​ហៅ​បណ្តា​ទ័ព​ទាំង‌ឡាយ ឲ្យ​ប្រជុំ​គ្នា​ធ្វើ​ចំបាំង ដើម្បី​នឹង​ចុះ​ទៅ​ឡោម‌ព័ទ្ធ​ចាប់​ដាវីឌ ហើយ​នឹង​ពួក​លោក​នៅ​កៃឡា​នោះ

9. ឯ​ដាវីឌ​ក៏​ជ្រាប​ថា សូល​គិត​ការ​អាក្រក់​ទាស់​នឹង​ខ្លួន​ដែរ បាន​ជា​លោក​ជំរាប​ដល់​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ថា សូម​យក​អេផូឌ​មក

10. រួច​ដាវីឌ​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ឮ​ប្រាកដ​ថា សូល​ចង់​មក​ដល់​កៃឡា ដើម្បី​នឹង​រំលាង​បំផ្លាញ​ក្រុង​នេះ ដោយ​ព្រោះ​ទូល‌បង្គំ​ហើយ

11. ដូច្នេះ តើ​ពួក​មនុស្ស​នៅ​កៃឡា​នេះ និង​ប្រគល់​ទូល‌បង្គំ​ទៅ​ក្នុង​កណ្តាប់​ដៃ​សូល​ឬ​អី តើ​សូល​នឹង​ចុះ​មក​តាម ដូច​ជា​ទូល‌បង្គំ​ជា​បាវ​ទ្រង់​បាន​ឮ​នោះ​ឬ​អី ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ទ្រង់​ប្រាប់​ឲ្យ​ទូល‌បង្គំ​ជា​បាវ​បាន​ដឹង​ផង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា នឹង​ចុះ​មក​មែន

12. រួច​ដាវីឌ​ទូល​សួរ​ថា តើ​ពួក​កៃឡា​នឹង​ប្រគល់​ទូល‌បង្គំ ហើយ​នឹង​ពួក​ទូល‌បង្គំ​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សូល​ដែរ​ឬ​អី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គេ​នឹង​ប្រគល់​ឯង​ទៅ​មែន

សូមអានជំពូកពេញលេញ ១ សាំយូអែល 23