គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 20:29-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. ដោយ​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ ដ្បិត​ពួក​គ្រួ​របស់​យើង​ខ្ញុំ គេ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​ទី​ក្រុង ហើយ​បង​ខ្ញុំ​បាន​ផ្តាំ​ឲ្យ​ខ្ញុំ​ទៅ ដូច្នេះ បើ​អ្នក​អាណិត​មេត្តា​ដល់​ខ្ញុំ នោះ​សូម​ឲ្យ​ខ្ញុំ​ទៅ​សួរ​បង​ប្អូន​ខ្ញុំ​បន្តិច គឺ​ដោយ​ហេតុ​នោះ​បាន​ជា​គាត់​មិន​បាន​មក​បរិភោគ​ជា​មួយ​នឹង​បិតា​ទេ។

30. ខណៈ​នោះ សូល​ទ្រង់​ក៏​កើត​មាន​សេចក្តី​ខ្ញាល់​នឹង​យ៉ូណា‌ថាន ហើយ​បន្ទោស​ថា នែ អា​កូន​ម្នោម្នះ ហើយ​រឹង‌ចចេស អញ​ដឹង​ហើយ​ថា ដែល​ឯង​បាន​រើស​យក​កូន​អ៊ីសាយ​នេះ ទុក​ជា​មិត្រ​សំឡាញ់ នោះ​នឹង​បាន​ជា​សេចក្តី​ខ្មាស​ដល់​ឯង ហើយ​ជា​សេចក្តី​ខ្មាស​ដល់​កេរ‌ខ្មាស​របស់​ម្តាយ​ឯង​ថែម​ទៀត

31. ដ្បិត​ដែល​កូន​អ៊ីសាយ​នេះ​រស់​នៅ​ផែនដី​ដរាប​ណា នោះ​ឯង​មិន​បាន​ខ្ជាប់‌ខ្ជួន​ឡើយ ហើយ​រាជ្យ​ឯង​ក៏​មិន​បាន​តាំង​ឡើង​ដែរ ដូច្នេះ ចូរ​ឲ្យ​គេ​ទៅ​នាំ​យក​វា​មក​ឯ​អញ​ឥឡូវ​នេះ ដ្បិត​វា​គួរ​ស្លាប់​ហើយ

32. តែ​យ៉ូណា‌ថាន​ទូល​ទាស់​ថា ហេតុ​អ្វី​បាន​ជា​គាត់​ត្រូវ​ស្លាប់ តើ​បាន​ធ្វើ​អ្វី​ខ្លះ

33. នោះ​សូល​ទ្រង់​ពួយ​ដែក​ពួយ​ទៅ ដើម្បី​ប្រហារ​យ៉ូណា‌ថាន ដោយ​ហេតុ​នោះ លោក​ក៏​បាន​ជ្រាប​ថា បិតា​បាន​សំរេច​ព្រះ‌ទ័យ​នឹង​សំឡាប់​ដាវីឌ​ហើយ

34. ដូច្នេះ យ៉ូណា‌ថាន​ក៏​ក្រោក​ពី​តុ​ឡើង ដោយ​មាន​សេចក្តី​កំហឹង​ជា​ខ្លាំង ហើយ​នៅ​ថ្ងៃ​ទី​២​នោះ លោក​មិន​បាន​បរិភោគ​អ្វី​សោះ ដោយ​មាន​សេចក្តី​ឈឺ‌ឆ្អាល​ចំពោះ​ដាវីឌ ហើយ​ពី​ព្រោះ​បិតា​បាន​ធ្វើ​ឲ្យ​មាន​សេចក្តី​ខ្មាស​ផង។

35. លុះ​ដល់​ព្រឹក​ឡើង យ៉ូណា‌ថាន​ក៏​ចេញ​ទៅ​ឯ​វាល​តាម​ពេល​ដែល​បាន​សន្យា​នឹង​ដាវីឌ ហើយ​មាន​ក្មេង​ម្នាក់​ទៅ​ជា​មួយ​ផង

36. លោក​ក៏​ប្រាប់​ដល់​ក្មេង​នោះ​ថា ចូរ​ឯង​រត់​ទៅ​យក​ព្រួញ ដែល​អញ​នឹង​បាញ់​ឥឡូវ​នេះ​មក កាល​ក្មេង​នោះ​កំពុង​រត់​ទៅ នោះ​លោក​បាញ់​ព្រួញ​១​ទៅ​ខាង​នាយ​វា

37. តែ​កាល​ក្មេង​បាន​រត់​ទៅ​ដល់​កន្លែង ដែល​ព្រួញ​ធ្លាក់ នោះ​យ៉ូណា‌ថាន​ស្រែក​ទៅ​តាម​ថា នៅ​ខាង​នាយ​ឯង​ឯ​ណោះ

38. រួច​យ៉ូណា‌ថាន​ក៏​ស្រែក​ទៅ​តាម​វា​ម្តង​ទៀត​ថា ឲ្យ​ឆាប់ៗ ប្រញាប់​ឡើង កុំ​ឲ្យ​ឈប់​ឡើយ ដូច្នេះ ក្មេង​នោះ​ក៏​រើស​ព្រួញ រួច​ត្រឡប់​មក​ឯ​ចៅ‌ហ្វាយ​វិញ

39. តែ​ឥត​បាន​ដឹង​ការ​អ្វី​ឡើយ មាន​តែ​យ៉ូណា‌ថាន ហើយ​នឹង​ដាវីឌ​ប៉ុណ្ណោះ ដែល​ដឹង​ការ​នោះ

សូមអានជំពូកពេញលេញ ១ សាំយូអែល 20