គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 20:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ដាវីឌ លោក​រត់​ចេញ​ពី​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា​នោះ ទៅ​ឯ​យ៉ូណា‌ថាន​សួរ​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី ខ្ញុំ​មាន​ទោស​ជា​យ៉ាង​ណា ឬ​បាន​ធ្វើ​បាប​ដូច​ម្តេច​ខ្លះ​នៅ​ចំពោះ​បិតា​អ្នក បាន​ជា​ទ្រង់​រក​សំឡាប់​ខ្ញុំ​ដូច្នេះ

2. យ៉ូណា‌ថាន​ឆ្លើយ​ថា សូម​កុំ​ឲ្យ​បាន​ដូច្នេះ​ឡើយ អ្នក​មិន​ត្រូវ​ស្លាប់​ទេ មើល បិតា​ខ្ញុំ​មិន​ដែល​ធ្វើ​ការ​អ្វី ទោះ​ធំ ឬ​តូច​ក្តី ដែល​មិន​ប្រាប់​ដល់​ខ្ញុំ​នោះ​ទេ ចុះ​មាន​ទំនង​អ្វី​ឲ្យ​ទ្រង់​លាក់​ការ​នេះ​នឹង​ខ្ញុំ​វិញ ការ​នោះ​មិន​ត្រូវ​ទេ

3. ប៉ុន្តែ ដាវីឌ​និយាយ​ដោយ​ស្បថ​ថា បិតា​អ្នក​ជ្រាប​ច្បាស់​ថា ខ្ញុំ​ជា​ទី​គាប់​ចិត្ត​ដល់​អ្នក​បាន​ជា​ទ្រង់​នឹក​ថា កុំ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ឡើយ ក្រែង​ទាស់​ចិត្ត ប៉ុន្តែ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​អ្នក​ដែល​រស់​នៅ​ដែរ​ថា ពិត​ប្រាកដ​ជា​ខ្ញុំ និង​សេចក្តី​ស្លាប់ នៅ​ឃ្លាត​តែ​១​ជំហានពី​គ្នា​ទេ

4. នោះ​យ៉ូណា‌ថាន​និយាយ​នឹង​ដាវីឌ​ថា ការ​អ្វី​ដែល​ចិត្ត​អ្នក​ប្រាថ្នា​ចង់​បាន នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ

5. ដាវីឌ​ឆ្លើយ​ថា មើល ថ្ងៃ​ស្អែក​នេះ ជា​ថ្ងៃ​ចូល​ខែ​ហើយ ត្រូវ​ឲ្យ​ខ្ញុំ​អង្គុយ​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​ស្តេច​ជា​មិន​ខាន តែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ពួន​លាក់​ខ្លួន​នៅ​វាល ដរាប​ដល់​ល្ងាច​ថ្ងៃ​ទី​៣​វិញ

6. បើ​បិតា​អ្នក​សួរ​រក​ខ្ញុំ នោះ​សូម​ទូល​ថា ដាវីឌ​បាន​សូម​ច្បាប់​ទូល‌បង្គំ​ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ទៅ​ឯ​បេថ្លេ‌ហិម ជា​ទី​ក្រុង​របស់​គាត់​ហើយ ដ្បិត​ត្រូវ​កំណត់​ដែល​ពួក​ញាតិ​គាត់​ទាំង​ប៉ុន្មាន​ថ្វាយ​យញ្ញ‌បូជា ដែល​តែង​ថ្វាយ​ក្នុង​១​ឆ្នាំ​ម្តង

7. បើ​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ​ថា អើ ដូច្នេះ ខ្ញុំ​ជា​អ្នក​បំរើ​របស់​អ្នក​នឹង​បាន​សេចក្តី​សុខ តែ​បើ​សិន​ជា​ទ្រង់​ក្រោធ​វិញ នោះ​ត្រូវ​ដឹង​ថា បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ហើយ

8. ដូច្នេះ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ជា​បំរើ​របស់​អ្នក​ដោយ​សប្បុរស​ផង ដ្បិត​អ្នក​បាន​នាំ​ខ្ញុំ​ឲ្យ​ចុះ​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា​ជា​មួយ​គ្នា​ហើយ តែ​បើ​មាន​សេចក្តី​ទុច្ចរិត​ណា​នៅ​ខ្លួន​ខ្ញុំ​វិញ នោះ​សូម​ឲ្យ​អ្នក​សំឡាប់​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ទំនង​ឲ្យ​អ្នក​នាំ​ខ្ញុំ​ទៅ​ឯ​បិតា​អ្នក​ទេ

9. យ៉ូណា‌ថាន​ឆ្លើយ​ថា សូម​ឲ្យ​សេចក្តី​នេះ​ថយ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​សិន​ជា​ខ្ញុំ​ដឹង​ពិត​ប្រាកដ​ថា បិតា​ខ្ញុំ​បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក នោះ​តើ​ខ្ញុំ​មិន​បាន​ប្រាប់​ដល់​អ្នក​ទេ​ឬ​អី

10. រួច​ដាវីឌ​និយាយ​នឹង​យ៉ូណា‌ថាន​ថា បើ​បិតា​អ្នក​ឆ្លើយ​នឹង​អ្នក​ដោយ​គ្រោត‌គ្រាត នោះ​តើ​អ្នក​ណា​នឹង​ប្រាប់​ដល់​ខ្ញុំ

11. យ៉ូណា‌ថាន​ឆ្លើយ​តប​ថា ចូរ​យើង​ចេញ​ទៅ​ឯ​វាល​សិន នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ​ទាំង​២​នាក់។

12. ដល់​ហើយ យ៉ូណា‌ថាន​មាន​វាចា​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ធ្វើ​ជា​សាក្សី​ចុះ ដល់​ស្អែក​ឡើង​ពេល​ថ្មើរ​នេះ ឬ​ខាន​ស្អែក​ក្តី កាល​ណា​ខ្ញុំ​បាន​ស្នើ​ការ​នឹង​បិតា​ខ្ញុំ ហើយ​ឃើញ​ថា មាន​សេចក្តី​ល្អ​ណា​សំរេច​ដល់​អ្នក នោះ​ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​មក​ប្រាប់​ដល់​អ្នក

13. តែ​បើ​សិន​ជា​បិតា​ខ្ញុំ​សព្វ​ព្រះ‌ទ័យ​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក​វិញ ហើយ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង ដើម្បី​បើក​ឲ្យ​អ្នក​ទៅ​ដោយ​សុខ‌សាន្ត នោះ​សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ដល់​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង សូម​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​អ្នក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​បិតា​ខ្ញុំ​ដែរ

សូមអានជំពូកពេញលេញ ១ សាំយូអែល 20