គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 2:6-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ឯ​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា ទ្រង់​នាំ​ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ក៏​នាំ​ឡើង​មក​វិញ​ដែរ

7. ឯ​ការ​ក្រ ហើយ​នឹង​មាន នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​ដែល​បន្ទាប​ទៅ ហើយ​គឺ​ទ្រង់​ដែល​លើក​ឡើង​ដែរ

8. ទ្រង់​លើក​មនុស្ស​ក្រីក្រ​ពី​ធូលី​ដី ហើយ​ស្រង់​មនុស្ស​កំសត់​ទុរគត​ពី​គំនរ​លាមក​ឡើង ឲ្យ​គេ​បាន​អង្គុយ​ជា​មួយ​នឹង​ពួក​ត្រកូល​ខ្ពស់ ហើយ​ឲ្យ​គេ​គ្រង​មរដក​ជា​បល្ល័ង្ក​ឧត្តុង្គ‌ឧត្តម ដ្បិត​អស់​ទាំង​សសរ​នៃ​ផែនដី​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​ដាក់​លោកីយ៍​នៅ​លើ​សសរ​ទាំង​នោះ

9. ទ្រង់​នឹង​គាំពារ​ជើង​នៃ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ តែ​ពួក​អាក្រក់​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់​នៅ​ក្នុង​ទី​ងងឹត​វិញ ដ្បិត​មនុស្ស​មិន​មែន​ឈ្នះ​ដោយ​នូវ​កំឡាំង​បាន​ទេ

10. ឯ​ពួក​អ្នក​ដែល​ត‌តាំង​នឹង​ព្រះ‌យេហូវ៉ា នោះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី​ទៅ ទ្រង់​នឹង​បញ្ចេញ​ផ្គរ‌លាន់​ពី​លើ​មេឃ​មក​ទាស់​នឹង​គេ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជំនុំ‌ជំរះ រហូត​ដល់​អស់​ទាំង​ចុង​ផែនដី ហើយ​ទ្រង់​នឹង​ប្រទាន​អំណាច​ដល់​ស្តេច​នៃ​ទ្រង់ ព្រម​ទាំង​ដំកើង​ស្នែង​នៃ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ផង

11. រួច​ពី​នោះ​ហើយ អែល‌កាណា​ក៏​ត្រឡប់​វិល​ទៅ​ឯ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ តែ​ឯ​កូន​តូច​បាន​នៅ​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​អេលី​ដ៏​ជា​សង្ឃ។

12. រីឯ​ពួក​សង្ឃ ជា​កូន​របស់​អេលី គេ​ជា​មនុស្ស​គំរក់​អាក្រក់ ឥត​ស្គាល់​ដល់​ព្រះ‌យេហូវ៉ា​ទេ

13. ឯ​ទំលាប់​ដែល​គេ​ប្រព្រឹត្ត​ចំពោះ​បណ្តា‌ជន នោះ​គឺ​ដូច្នេះ បើ​មាន​អ្នក​ណា​ថ្វាយ​យញ្ញ‌បូជា នោះ​អ្នក​បំរើ​របស់​សង្ឃ​តែង​យក​សម​មាន​ធ្មេញ​៣​មក​កាន់​នៅ​ដៃ ក្នុង​ពេល​ដែល​គេ​កំពុង​ស្ងោរ​សាច់

14. ហើយ​ចាក់​ចុះ​ទៅ​ក្នុង​ខ្ទះ ឬ​ថ្លាង ឬ​ឆ្នាំង រួច​សង្ឃ​ក៏​យក​សាច់​ទាំង​អស់​ដែល​ជាប់​នឹង​សម​នោះ​មក គេ​ធ្វើ​ដូច្នោះ​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​មក​ឯ​ស៊ីឡូរ

15. មួយ​ទៀត​មុន​ដែល​គេ​ដុត​ខ្លាញ់ នោះ​អ្នក​បំរើ​របស់​ពួក​សង្ឃ ក៏​មក​និយាយ​នឹង​មនុស្ស​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា ចូរ​ឲ្យ​សាច់​ដែល​សំរាប់​អាំង​ដល់​ពួក​សង្ឃ​មក ដ្បិត​លោក​មិន​យក​សាច់​ស្ងោរ​ពី​ឯង​ទេ លោក​យក​តែ​សាច់​ឆៅ​វិញ

16. បើ​សិន​ជា​អ្នក​នោះ​ឆ្លើយ​ឃាត់​ថា ចាំ​ឲ្យ​ដុត​ខ្លាញ់​មុន​សិន រួច​សឹម​យក​តាម​ចិត្ត​ចុះ នោះ​គេ​ឆ្លើយ​ឡើង​ថា ទេ​ត្រូវ​តែ​ឲ្យ​មក​ឥឡូវ​នេះ បើ​មិន​ដូច្នោះ អញ​នឹង​យក​ទាំង​បង្ខំ

17. ដូច្នេះ បាប​របស់​មនុស្ស​កំឡោះ​ទាំង​នោះ មាន​ទំងន់​ខ្លាំង​ណាស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​មើល‌ងាយ​ដល់​ដង្វាយ​នៃ​ព្រះ‌យេហូវ៉ា។

18. ឯ​សាំយូ‌អែល ជា​ក្មេង​តូច​នោះ ក៏​តែង​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស ដើម្បី​សំរេច​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ ១ សាំយូអែល 2